តារាចម្រៀងចាន់សម័យបានប្រាប់ថាអស់ពេលជាង១០ឆ្នាំមកហើយដែលគ្រួសារលោករស់នៅក្នុងជីវភាពក្រដុនដាបរស់ដោយសារខ្ចីប្រាក់គេជួនកាលមិត្តភ័ក្ដិគេអាណិតគេជួយជាប្រាក់បន្តិចបន្តួចនិងពេលណាមានកម្មវិធីបុណ្យឬរៀបការតាមខេត្តលោកចេញច្រៀងម្ដងម្កាលគ្រាន់រកប្រាក់ចិញ្ចឹម
គ្រួសារ។ មួយរយៈចុងក្រោយនេះជំងឺរបស់លោកកាន់តែធ្វើទុក្ខខ្លាំងរហូតឈរមិនបានយូរម្ល៉ោះហើយគ្រួសារទាំងមូលរស់ដោយសារការស្ទូចត្រីពីទន្លេហើយពេលណាស្ទូចមិនបានកូនប្រពន្ធរបស់លោកមិនមានអាហារហូបនោះឡើយ។ប្រពន្ធនិងកូនរបស់លោកបារម្ភខ្លាំងណាស់ព្រោះកម្លាំងលោកចាន់សម័យកាន់តែចុះខ្សោយសូម្បីចូលបន្ទប់ទឹកឬផ្លាស់សម្លៀកបំពាក់ក៏ប្រពន្ធលោកជួយគ្រាហ៍ដែរ។
ប្រពន្ធលោកចាន់សម័យបញ្ជាក់ថាតាមពិតលោកមានជំងឺរបេងឆ្អឹងនេះតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះតែចាប់ផ្ដើមធ្វើទុក្ខខ្លាំងប្រហែល៥ឆ្នាំចុងក្រោយនេះហើយពេទ្យប្រាប់ថាបើបន្តទុកលោកអាចនឹងត្រូវពិការជើងទាំង២តែម្ដង។
ពេលភ្លៀងមកម្ដងៗខូចខាតរបស់ទ្រព្យនិងមិនអាចសម្រាកបាននោះទេ។ដោយសារតែបែបនេះមិត្តភ័ក្កិជិតស្និទ្ធរបស់លោកមួយចំនួនជំរុញឲ្យលោកលាតត្រដាងការពិតដើម្បីទទួលបានជំនួយពីសប្បុរសជនតែលោកចាន់សម័យពុំព្រមនោះទេនិងថែមទាំងផ្តាំឲ្យគេជួយលាក់រឿងនេះផង។តែដោយមិនអាចទ្រាំមើលនឹងភ្នែកតទៅទៀតទើបមិត្តជិតស្និទ្ធលោកម្នាក់បង្ហោះរូបលោកស្ទូចត្រីតាមមាត់ទន្លេឲ្យមហាជនបានដឹងធ្វើឲ្យទស្សនិកជនជនភ្ញាក់ផ្អើលមិននឹកស្មានថាតារាចម្រៀងល្បីរូបនេះធ្លាក់ខ្លួនក្នុងស្ថានភាពបែបនេះទៅវិញ។ លោកចាន់សម័យសុំបដិសេធទាំងស្រុងនូវដំណឹងដែលថាលោកធ្លាក់ខ្លួនក្រដោយសារវក់នឹងល្បែងទាំងការពិតលោករកស៊ីខាតអស់ដើមអស់ចុងគួបផ្សំនឹងជំងឺផងទើបធ្លាក់មកដល់ស្ថានភាពបែបនេះ។
