លោក មាស រិទ្ធី បានបញ្ជាក់ទៀតថា អាចារ្យប្រចាំវត្តសែនសុខ ដែលទាមទារលុយនោះឈ្មោះ ចាន់ សំណាង ដែលបានទាមទារលុយដូចជា៖ ទី១៖ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ ទី២៖ អាចារ្យយោគី ៥០០ដុល្លារ ទី៣៖ សម្រាប់វត្តចាត់ចែងពិធី៖ ៧០០ដុល្លារ ទី៤៖ ក្តារមឈូស ១៥០ដុល្លារ (ដូចតារាងទារលុយខាងក្រោម)។ ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។
លោក មាស រិទ្ធី បាននិយាយជាមួយកំហឹងខ្លាំងៗថា អ្វីដែលក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះ គឺពាក្យសម្តីរបស់អាចារ្យ ចាន់ សំណាង និយាយមាក់ងាយធ្ងន់ៗថា «ថៅកែហង្សមាសធំប៉ុណ្ណាប៉ុណ្ណីមកថោកទាប អត់លុយឲ្យវត្ត»។ លោកបានបញ្ជាក់ថា តើវត្តជាទីអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន ឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ ?
បន្ទាប់ពីមានជម្លោះរឿងទាមទារលុយនោះ លោក មាស រិទ្វី បានទូរស័ព្ទស្នើសុំការអន្តរាគមន៍ពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌសែនសុខផងដែរ។
សូមជំរាបថា ស្ថានីយទូរទស្សន៍ហង្សមាស ជាអ្នកទទួលចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ ក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន ក៏បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាប្តី កំពុងធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រៃវែង៕

























