ប្រិយមិត្តភាគច្រើនតែងតែធ្លាប់បានដឹងរួចមកហើយថាម្រាមដៃរបស់យើង មិនថាដៃកូន ដៃចង្អុល ឬដៃនាងនោះទេ គឺសុទ្ធតែអាចបញ្ជាក់ពីអត្តចរិត បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន រួមព្រមទាំងរឿងនៅថ្ងៃអនាគតបានថែមទៀតផង។ ប៉ុន្តែទាំងអស់នេះក៏មិនប្រាកដថាត្រូវ១០០ភាគរយនោះដែរ ព្រោះសូម្បីតែវិទ្យាសាស្រ្តក៏មិនអាចទាយពីរឿងអនាគតនេះបានដែរ។
តែទោះបីជាយ៉ាងណាបើសិនជាយើងបានដឹង ហើយសម្គាល់មើលរឿងទាំងអស់នេះ ក៏វាមិនមែនជារឿងខាតបង់អ្វីនោះដែរ ពេលខ្លះការបង្ហាញទាំងនោះ អាចត្រូវនឹងចរិតលក្ខណៈរបស់យើងជាច្រើនចំណុចផងក៏មាន។
ជាក់ស្តែងម្រាមមេដៃ អាចបកស្រាយពីនិស្ស័យរបស់យើងបានដោយនឹកស្មានមិនដល់។

ធម្មតាមេដៃយើងមានពីរកង់ ដែលអាចបត់ចុះបត់ឡើងបាន។ តើអ្នកមានម្រាមដៃប្រភេទណា? ប្រសិនបើពេលលើកម្រាមដៃប្រៀបដូចជាការឱ្យមេដៃ (ដូចក្នុងរូប១,២,៣) ដូចនេះ មកតាមដានជាមួយគ្នាដូចខាងក្រោម៖
១) ម្រាមមេដៃផ្នែកខាងលើ និងខាងក្រោមស្មើគ្នា៖ មានន័យថាអ្នកគឺជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់ ហើយមានហេតុផល។ ជាម្ចាស់ គម្រោងណាមួយ និងចូលចិត្តការរៀបចំផែនការទុកជាមុន។ ដូច្នេះអ្នកអាចឈានឆ្ពោះទៅរកគោលដៅ ហើយសម្រេចគោលបំណងបានយ៉ាងងាយ ទោះបីជាជួបនឹងស្ថានការណ៍បែបណាក៏ដោយ។ ម្យ៉ាងទៀតអ្នកក៏អាចដោះស្រាយបញ្ហានៅចំពោះមុខ ដោយទទួលបាននូវលទ្ធផលល្អគួរជាទីគាប់ចិត្តផងដែរ។

២) ម្រាមមេដៃផ្នែកខាងលើវែងជាងខាងក្រោម៖ បង្ហាញថាអ្នកជាមនុស្សដែលអាចទុកចិត្តបាន មានក្តីស្រមៃ ហើយពេលខ្លះក៏ជាមនុស្សឈ្លក់រង្វេងនឹងរបស់ថ្មីដែលទើបតែបានស្គាល់ដែរ។ អ្នកជាមនុស្សម្នាក់ឆាប់បើកចិត្តទទួលអ្វីថ្មីៗ ដែលចូលមកក្នុងជីវិតបានយ៉ាងងាយ ហើយក៏មានភាពស្មោះត្រង់ជាមួយនឹងមនុស្សស្គាល់គ្នា ជាពិសេសមនុស្សដែលនៅជុំវិញក្បែរខ្លួនអ្នក តែងស្រលាញ់អ្នកជានិច្ច។

៣) ម្រាមមេដៃផ្នែកខាងលើខ្លីជាងខាងក្រោម៖ នោះមានន័យថាអ្នកជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត។ ជាមនុស្សចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង ហើយគ្មាននរណាម្នាក់អាចដឹងពីធាតុពិតរបស់អ្នកបានឡើយ។ ជាមនុស្សដែលមានហេតុផល ចូលចិត្តធ្វើការសម្រេចចិត្តដោយប្រើខួរក្បាលជាងបេះដូង និងជាមនុស្សម្នាក់ដែលពូកែសង្កេត ហើយចំណាយពេលដើម្បីគិតអំពីអ្វីដែលគិតថាខ្លួនឯងអាចធ្វើបាន។

ភាគច្រើនមនុស្សប្រភេទនេះ រមែងតែងតែទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតរបស់ពួកគេ៕

