សាន ស្រីឡៃ និងស្វាមីឈ្មោះថា ជ័យ រិន មិនបានរៀបការស្របច្បាប់នោះទេ ដោយពួកគេគ្រាន់តែសែនព្រេន ចាស់ទុំដឹងឮប៉ុណ្ណោះនៅឯក្រុងប៉ោយប៉ែត។
ចំពោះប្រវត្តិរបស់ស្រីឡៃ គឺនាងជាអ្នកចូលចិត្តចម្រៀងតាំងពីតូចមកម្ល៉េះ ដោយតែងតែទៅណាមកណា ច្រៀងរហូត។ ពេលធំពេញវ័យ នាងក៏បានសម្រេចយកឈ្មោះ រិន ជាស្វាមី ប៉ុន្តែមិនបានរៀបចំមង្គលការធំឡើយ ពោលគឺត្រឹមតែសែន ចាស់ទុំដឹងបន្ដិចបន្ដួច។ ក្រោយពីរួមរស់ជាមួយគ្នាបានកូនប្រុស២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ៤ឆ្នាំមក នាងក៏បានដឹងថាប្ដីរបស់ខ្លួនធ្លាប់មានប្រពន្ធទៅហើយ ហើយមានកូនដល់ទៅ៤នាក់ទៀត។ ដោយសារតែប្ដីខ្លួនមួយជិះទូក២ ដូច្នេះហើយ ទើបនាងសម្រេចចិត្តថាបែកគ្នាជាមួយប្ដីតែម្ដងទៅ ព្រោះនាងតែងតែទទួលរងហិង្សាពីប្ដីម្នាក់នេះជាញឹកញាប់។
ហេតុផលមួយទៀតដែល ស្រីឡៃ ប្រកាសចែកផ្លូវជាមួយប្ដី ព្រោះនាងមិនចង់មានឈ្មោះជាមនុស្សស្រីដណ្ដើមប្ដីគេឡើយ ក្រោយពីដឹងថា ជ័យ រិន មានប្រពន្ធហើយនោះ។ តែអ្វីគ្រប់យ៉ាងមិនបានដាច់ស្រេចឡើយ ត្បិតអីខាងប្រុសមិនព្រមលែងលះ ដោយគ្រាន់តែអាចនៅផ្ទះបែកគ្នាប៉ុណ្ណោះ។ ស្រីឡៃ ទទួលរងការងារធ្ងន់មែនទែនក្នុងការមើលថែកូននេះ ពោលគឺត្រូវទៅច្រៀងដើម្បីយកលុយមកឱ្យម្ដាយ និងចិញ្ចឹមកូនទាំងពីរ។
ដោយសារតែមួយរយៈនេះស្រីឡៃ ឡើងកោតបន្ដិច ប្ដីក៏មកសុំត្រូវគ្នាវិញ ក្រោមហេតុផលជាច្រើនយ៉ាង ប៉ុន្តែធ្វើមិចបើស្រីឡៃ ដាច់ចិត្តទៅហើយ ក៏មិនព្រមត្រូវគ្នាវិញឡើយ។ ហេតុដូច្នេះហើយ ទើបបានជាខាងប្ដីខឹង និងកើតជារឿងអាក្រក់បាញ់សម្លាប់គ្នាឡើងមក។
សូមបញ្ជាក់ថាក្រោយពីប្រលងចប់ The Voice Cambodia មក នាងបានសន្សំលុយទិញបានផ្ទះមួយដើម្បីរស់នៅ ប៉ុន្តែដោយសារបន្ទុកគ្រួសារធ្ងន់ពេក ទើបនាងសម្រេចលក់ផ្ទះនោះវិញ ហើយមកជួលផ្ទះគេរស់នៅ នៅខណ្ឌសែនសុខ៕








