រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ទោះជាខ្លួនមានប្តី និងកូន៣នាក់ទៅហើយ ដោយការរស់នៅពុំសូវចុះសម្រុងគ្នា ម្យ៉ាង រស់នៅដាច់ដោយឡែកពីគ្នាទៀត ពិតជាហ៊ាននាំសហាយមកដល់បន្ទប់ជួល ស្រាប់តែប្តីមកទាន់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីខាងលើឈ្មោះ ហោ គន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកខាងប្តីដើមឈ្មោះ អែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករ ជាមនុស្សពិការជើងឆ្វេង ស្នាក់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកាន រីឯខាងសហាយ ឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ធ្វើការកន្លែងណាស្នាក់នៅកន្លែងនោះ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមការរៀបរាប់ពីបុរសជាប្តីដើមឲ្យដឹងថា ពួកគាត់រៀបការជាមួយគ្នាអស់រយៈពេល៨ឆ្នាំហើយ មានកូន៣នាក់ ស្លាប់២នាក់ នៅកូនប្រុសម្នាក់រស់នៅឯស្រុក តែអំឡុងឆ្នាំ២០១៥ ការរស់នៅដាច់ដោយឡែក ដោយប្រពន្ធសុំមកធ្វើការងារនៅភ្នំពេញ ចំណែកគាត់នៅមើលថែកូនឯស្រុក ហើយសម្ព័ន្ធមេត្រីរវាងប្តីប្រពន្ធឈានទៅរកភាពសោះអង្គើយនឹងគ្នា ទើបឆ្ពោះទៅរកភាពមិនចុះសម្រុងគ្នា រីឯប្រពន្ធរកតែសុំលែងលះ តែគាត់មិនព្រមចេះតែអូសបន្លាយពេល២ឆ្នាំកន្លងផុត ទីបំផុតភាពក្បត់ប្រពន្ធត្រូវបែកធ្លាយ បន្ទាប់ពីប្អូនថ្លៃដែលមានបន្ទប់ជួលក្បែរខាងប្រពន្ធដឹងថា ប្រពន្ធខ្លួនហៅប្រុសមកដេកដល់បន្ទប់ជួល។ ពេលនោះនឹកឃើញហួសចិត្តត្បិតខ្លួនពិកាជើងត្រូវប្រពន្ធផិតក្បត់ ក៏ជួលរថយន្តមករកប្រពន្ធ គ្រាន់តែមកដល់ភ្លាម «ពុទ្ធោ ! ឱប្រពន្ធខ្ញុំអើយ នាំសហាយមកដល់បន្ទប់ ឃើញជាក់នឹងភ្នែក ខណៈដែលពួកគេកំពុងប្រតិបត្តិការ ក្តៅចិត្តពេកចាប់ចងសាក់សោទ្វារពីក្រៅ ហើយប្តឹងប៉ូលិសសុំឲ្យជួយអន្តរាគមន៍តែម្តង»។
ចំណែកស្ត្រីជាភរិយាវិញឲ្យដឹងថា ខ្លួនរស់នៅមិនចុះសម្រុងគ្នារយៈពេល២ឆ្នាំហើយ ការរស់នៅដោយឡែកពីគ្នា ទោះជាហៅលោកប្តីចូលខ្លួននិយាយគ្នារឿងលែងលះ ក៏ប្តីមិនសុខចិត្តផ្តិតមេដៃដែរ ។ ចំណែកស្នេហាថ្មីផ្តើមចេញពីលេងហ៊េសប៊ុក ដោយឆាតលេងឆ្លងឆ្លើយទីបំផុតលង់ស្នេហ៍ រហូតប្រគល់បេះដូងឲ្យអស់ពេលជាង៤ខែមកហើយ។ ខណៈខឹងប្តីមិនផ្តិតមេដៃលែងលះ ទើបសម្រេចចិត្តបង្កើតស្នេហ៍ថ្មីដោយស្ងាត់ៗ ហើយនៅយប់ថ្ងៃទី០៣ នឹកឃើញជាឱកាសដោយអ្នកស្នាក់នៅតាមបន្ទប់ជួលចាកចេញទៅស្រុកអស់ ទើបហៅប្រុសស្នេហ៍មកដេកកំដរ ស្រាប់តែលោកប្តីមកទាន់ស្រែកផ្អើលប្តឹងប៉ូលិស ។
រីឯភាគីប្រុសសហាយឲ្យដឹងថា ជាបុរសពោះម៉ាយមានកូនប្រុស២នាក់ ប្រពន្ធលែងអស់រយៈពេលជាង៤ឆ្នាំមកហើយ សព្វថ្ងៃដើរធ្វើការងារជាកម្មករសំណង់ ហើយបានលេងហ្វេសប៊ុកស្គាល់សុំស្រឡាញ់ស្ត្រីខាងលើ តែក៏ដឹងដែរថា ស្រីស្នេហ៍ខ្លួនមិនទាន់លែងលះប្តី តែឃើញច្រើនឆ្នាំហើយនាងនៅម្នាក់ឯងក៏ដាច់ចិត្តរើសយកស្រវ៉ាឱប នាងធ្វើប្រពន្ធទាំងបំពានតែម្តង ។
បើតាមនគរបាលវិញបានឲ្យដឹងថា ករណីខាងលើថ្វីកាលបើក្រោយផ្ទុះរឿងប្រពន្ធលួចមានសហាយ ប្តឹងប្តល់គ្នា ទោះជាភាគីខាងប្តីដើមទាមទារយកលុយជាង៦ពាន់ដុល្លារជាថ្នូរនឹងប្រគល់ប្រពន្ធទៅឲ្យអ្នកផ្សេង ដើម្បីបញ្ចប់រឿងក៏ដោយនៅតែដោះស្រាយមិនចេញ ខណៈភាគីខាងស្រីគ្មានលុយប្រគល់ឲ្យប្តីមានតែដោះគ្រឿងអលង្ការអស់ពីខ្លួនសរុបជាប្រាក់ជាង២០០ដុល្លារនៅតែមិនគ្រប់ ទីបំផុតនគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនប្រពន្ធ និងសាហាយទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងដោះស្រាយបន្ត ៕




