មានគ្រួសារពីរ រស់នៅក្បែរគ្នាជាយូរមកហើយ
ដោយគ្រួសារមួយតែងតែឈ្លោះគ្នាជាប្រចាំកម្រមានថ្ងៃណាផ្អែមល្ហែមជាមួយគ្នាណាស់
ឯគ្រួសារមួយទៀតរស់នៅបែបស្ងប់ស្ងាត់
និងមានសុភមង្គលមិនដែលឮសម្ដីតូចសម្ដីធំដាក់គ្នាទេ។

ថ្ងៃមួយ គ្រួសារឧស្សាហ៍បង្កជម្លោះ
មានអារម្មណ៍ច្រណែននឹងបរិយាកាសក្នុងគ្រួសារស្ងប់ស្ងាត់
ដោយប្រពន្ធបានប្រាប់ប្ដីថា
"សាកទៅលួចមើលគ្រួសារជាប់ផ្ទះយើងមើល៍
មូលហេតុអ្វីបានជាគ្រួសារគេនោះមិនដែលឮមាត់ឈ្លោះគ្នា
ហើយរីករាយរហូតអីចឹង"?
ឮដូចនេះប្ដីបានធ្វើតាម
ដោយនៅថ្ងៃបន្ទាប់គាត់លបចូលក្នុងផ្ទះពួនសម្ងំចាំមើល
តើប្ដីប្រពន្ធមួយគូនេះធ្វើអ្វីខ្លះ?
ទីបំផុតគាត់បានឃើញមែន
គឺស្ត្រីម្នាក់កំពុងបោសជូតសម្អាតកម្រាលឥដ្ឋក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់។
រំពេចនោះ នាងបានឮសំឡេងអ្វីម្យ៉ាងនៅក្នុងផ្ទះបាយ
រួចក៏រត់ទៅមើលភ្លាម។ ស្របពេលជាមួយគ្នានោះ
គាត់បានឃើញប្ដីរបស់នាងដើរចូលបន្ទប់យ៉ាងប្រញាប់
ដោយមិនបានមើលធុងទឹកជូតឥដ្ឋ
ក៏ច្រឡំដើរទាត់កំពប់ទឹកបាចសាចពេញបន្ទប់។
បន្ទាប់មក
ស្ត្រីជាប្រពន្ធបានឮសំឡេងប្ដីទាត់ធុងទឹកក៏ប្រញាប់ដើរចេញពីផ្ទះបាយវិញ
រួចនិយាយទៅកាន់ប្ដីថា " ខ្ញុំសុំទោស លោកប្ដី!
វាជាកំហុសរបស់ខ្ញុំ
ព្រោះខ្ញុំមិនបានយកធុងទឹកចេញពីផ្លូវដើរ
រវល់តែទៅផ្ទះបាយបន្តិច។"
ប្ដីតបវិញថា៖"ទេទេ! បងសុំទោស ប្រពន្ធសម្លាញ់!
វាជាកំហុសរបស់បងទៅវិញទេ
ព្រោះបងដើរមិនបានចាប់អារម្មណ៍មិញនេះ។"
ចំណែកបុរសមកលួចមើល
ឃើញរឿងរ៉ាវហើយបានត្រលប់ទៅផ្ទះវិញតាមបង្គាប់ប្រពន្ធ។
ពេលមកដល់ផ្ទះមិនបានអង្គុយស្រួលបួលបាត់ហត់ផងប្រពន្ធក៏សួរ៖
"តើបានដឹងមូលហេតុធ្វើឲ្យគ្រួសារមួយហ្នឹង
រស់នៅមានសុភមង្គល ឬទេ?”
ប្ដីតប៖ "មិនបានឃើញអ្វីទាំងអស់
ឃើញតែប្ដីជាអ្នកដើរទាត់ធុងទឹក បែរជាប្រពន្ធមកសុំទោស
ហើយប្ដីនោះក៏សុំទោសវិញដែរ។ ប្រពន្ធដឹងទេ
បើរឿងតូចតាចនេះកើតឡើងចំពោះគ្រួសារយើងវិញ
យើងទាំងពីរប្រាកដណាស់នឹងរកត្រូវរៀងៗខ្លួនមិនខាន
ឯប្ដីប្រពន្ធគ្រួសារស្ងប់ស្ងាត់នោះបែរជាទទួលកំហុសរៀងៗខ្លួនទៅវិញ។"
ប្រពន្ធឮបែបនេះ ភ្ញាក់ខ្លួនព្រើត
និងសន្យាព្យាយាមធ្វើដូចគេចាប់ពីពេលនេះតទៅ៕
តម្លៃអប់រំ៖ រួមរស់ជាប្ដីប្រពន្ធក្នុងសង្គមមួយ
ត្រូវចេះរៀនអធ្យាស្រ័យឲ្យគ្នាបើមានម្នាក់ធ្វើខុស។
អ្នកប្រព្រឹត្តខុសត្រូវចេះទទួលកំហុស
និងមិនត្រូវធ្វើរឿងតូចឲ្យក្លាយជារឿងធំទេ។
សុភមង្គលគ្រួសារមិនមែនកើតឡើងឯកឯងទេ
គឺប្ដីប្រពន្ធទាំងពីរជាអ្នកបង្កើតឲ្យមាន។

