ឃួង ស្រេង បា្រប់មន្រ្តីឲ្យលាលែង បើរកតួព្រែកដែលយាយផានលុបមិនឃើញ
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់រកតួព្រែកធម្មជាតិមួយនៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯងឲ្យឃើញ ក្រោយពីមានការឃុបឃិតគ្នា ចាក់លុបបំបាត់ធ្វើជាកម្មសិទ្ធិ ដែលបណ្តាលឲ្យបាត់ប្រឡាយទឹកហូរ រំដោះទឹកចេញយ៉ាងសំខាន់នោះ ហើយបើមន្ត្រីទាំងអស់នោះរកមិនឃើញទេ ល្មមឈប់ពីការងាររបស់ខ្លួនបានហើយ ។
ការបញ្ជារបស់លោកឃួង ស្រេង បែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១៧ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ៣៥១ ចាប់ពីផ្លូវជាតិលេខ១ដល់ ផ្លូវ ជា ស៊ីណាត់ ដោយឆ្លងកាត់សង្កាត់២ គឺសង្កាត់និរោធនិងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលមានការចូលរួមពីមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងកុះករ ។
បើតាមលោក ឃួង ស្រេង ព្រែកធម្មជាតិមួយស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ត្រូវបានអ្នកមានលុយឃុបឃិតគ្នា ចាក់ដីលុបបំបាត់ធ្វើជាកម្មសិទ្ធិ ដែលបណ្តាលឲ្យបាត់ប្រឡាយ រំដោះចេញយ៉ាងសំខាន់ ។
យ៉ាងណាលោកអភិបាលរាជធានីភ្នំពេញរូបនេះ មិនបានបញ្ចេញឲ្យដឹងពីអត្តសញ្ញាណអ្នកមានលុយដែលលួចលុបតួព្រែកនោះទេ ។
លោក ឃួង ស្រេង បន្ថែមទៀតថា ព្រែកនេះរដ្ឋបាលរាជធានីភ្នំពេញ មាននៅសល់រូបភាពច្បាស់ណាស់គឺថតពីលើអាកាស ដែលបានបាត់បង់កាលពីពេលកន្លងមក បើមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីសុរិយោដី មន្ត្រីធនធានទឹក និងអាជ្ញាធរជាដើម រកមិនឃើញព្រែកនេះទេ ឈប់ពីការងាររបស់ខ្លួនទៅ មិនដឹងថាធ្វើការងារអីកើតទៀតទេ ។
បើតាមប្រភពមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ព្រែកធម្មជាតិមួយស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានឈ្មួញដីលោកស្រីឧកញ៉ា ស៊ុយ សុផាន រំលោភ ដោយចាក់ដីបំពេញ យកជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយ តាំងពីសង្កាត់ព្រែកថ្មី ស្ថិតនៅក្រោមការគ្រង់គ្រងរបស់រដ្ឋបាលខេត្តកណ្តាល ពោលគឺតាំងពីសង្កាត់ទាំងនេះ មិនទាន់កាត់ចូលមករាជធានីភ្នំពេញមកម្ល៉េះ ។
នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីលោកស្រីឧកញ៉ា ស៊ុយ សុផាន ។
មន្ត្រីដដែលបន្តថា ព្រែកនេះពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកថ្មី ពិសេសសង្កាត់ព្រែកឯង ដោយហូរចូលទំលាក់ទៅទន្លេបាសាក់ ។
សូមបញ្ជាក់ថា ចាប់តាំងពីការចាក់លុបបំបាត់ព្រែកនេះបានធ្វើឲ្យសង្កាត់ព្រែកឯងទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ហើយករណីនេះ ក៏ត្រូវបានប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចនៅក្នុងវេទិកាសាធារណៈផងដែរ ដើម្បីជួយរកវិធីយ៉ាងណា រំដោះទឹកចេញពីភូមិដ្ឋានរបស់ពួកគាត់ ៕
ប្រភព៖https://angrut.com/archives/19705


