ភាពអរូបី អបីជំនឿ លើវត្ថុស័ក្តិសិទ្ធិ អារុកអារក្សអ្នកតា ដែលជំនឿបែបផ្លូវចិត្ត ផ្លូវអារម្មណ៍ ឬជាផ្លូវងងឹត របស់ប្រជាជនខ្មែរនៅផ្សារភ្ជាប់តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន និងបានក្លាយជាប្រពៃណីទំនៀមទម្លាប់ ឧទាហរណ៍ដូចជា ការដាក់ទីងមោងនៅមុខផ្ទះជាដើម។ តើប្រជាជនខ្មែរ ដាក់ទីងមោងនៅផ្ទះដើម្បីអ្វី?
លោកបណ្ឌិត មីស្ហែលត្រាណេ បានបង្ហាញនៅក្នុងគេហទំព័រ ស៊ីអ៊ីអែន ថា ជំនឿដាក់ទីងមោងនៅមុខផ្ទះ ដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃគ្រប់ប្រភេទ គឺជាប្រពៃណីដូនតាដែលមានលក្ខណៈប្រជាប្រិយច្រើនជាងវិទ្យាសាស្ត្រ ។ ជាទូទៅនៅប្រទេសកម្ពុជាសព្វថ្ងៃការធ្វើទីងមោង ស្ថិតក្នុងចន្លោះខែធ្នូ នឹងមេសានៅតាមភូមិស្រុក ព្រោះថា រដូវនេះជំងឺដង្កាត់មួយចំនួនតែងតែកើតមានឡើងជាប្រចាំ ដូចជាជំងឺអាសន្នរោគជាដើម។ ទន្ទឹមនឹងវត្តមានរបស់ទីងមោង យើងក៏ឃើញមានការនិយមប្រើសញ្ញាជើងក្អែក ដែលគេគូរលើក្តារជញ្ជាំងផ្ទះ ឬក៏លើបាតក្អមដែលគេព្យួរនៅមុខផ្ទះ ដើម្បីមូលហេតុដូចគ្នាដែរ។ ដូចនេះទីងមោង និងសញ្ញាក្អែក គឺនិយមឡើងសម្រាប់បន្លាចខ្មោចបិសាចកុំឲ្យមករំខាន អុកឡុកមនុស្សក្នុងសង្គម។
ជាក់ស្តែង គេហទំព័រវីអូអេ បានស្រង់សម្តីប្រជាពលរដ្ឋរស់នៅរាជធានី ខេត្តមួយចំនួនចំពោះជំនឿដាក់ទីងមោងនេះ ដោយលើកឡើងថា ពួកគាត់ បានដាក់តាំងរូបទីងមោង ជារៀងរាល់ឆ្នាំនៅរដូវក្តៅ ដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសការពារខ្មោច ព្រាយ ឬអារក្ស អ្នកតាព្រៃភ្នំដែលចង់យកជីរិតមនុស្សក្នុងផ្ទះ ឬក្នុងភូមិ។ ប៉ុន្តែមានប្រជាជនមួយទៀត បានលើកឡើងថា ពួកគាត់ ដាក់ទីងមោងនេះ តាមគ្នាតៗ ឃើញគេដាក់ក៏ដាក់ដែរទៅ តែដូចជាមិនឃើញមានអីខុសផ្លែកផង។
ជំនឿដាក់ទីងមោងនៅមុខផ្ទះ ក៏នៅកើតមានរហូតមកដល់សព្វថ្ងៃ នៅតាមទីជនទប តំបន់ដាច់ស្រយាល និងជិតទីប្រជុំជនមួយចំនួន ដែលអ្នកខ្លះគាត់ទទួលបានភាពស្ងប់ក្នុងចិត្ត ចំពោះការយាយីផ្នែកផ្លូវងងឹតមកលើខ្លួន។
តើនៅស្រុកភូមិរបស់មិត្តភក្តិមានអ្នកដាក់ទីងមោងនៅមុខផ្ទះដែរឬទេ? សូមសួរគាត់ថា ហេតុអ្វីបានជាធ្វើបែបនេះ? រួចបញ្ចេញមតិយោបល់របស់គាត់ និងរបស់ខ្លួន នៅខាងក្រោមនេះផង ដើម្បីចែករំឡែកចំណេះដឹងដល់មិត្តភក្តិផ្សេងទៀត៕








