តាមការចំណាំ និងជំនឿតៗគ្នារបស់ដូនតាខ្មែរពីបុរាណ បានបន្សល់រហូតមកដល់បច្ចុប្បន្នតែងមានជំនឿទៅលើសត្វក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាការកត់សម្គាល់ ហេតុការណ៍ រឿងរ៉ាវក្នុងជីវិត ឬព្រឹត្តិការណ៍ផ្សេងៗសុទ្ធតែមានទំនាក់ទំនងជាមួយសត្វមួយចំនួន។
សត្វក្អែកបូល៖ សត្វក្អែកជាប្រភេទសត្វដែលចេះប្រើសំឡេងបូលយ៉ាងក្រលួចគួរឱ្យស្រងេះស្រងោច។ ក្នុងសង្គមខ្មែរមានជំនឿថា ប្រសិនបើសត្វក្អែកនោះបូលឮសំឡេងខ្លីៗនៅផ្ទះនរណា បញ្ជាក់ថាផ្ទះនោះមានភ្ញៀវសំខាន់មកលេង ដូចជាមករកស្ដីដណ្ដឹងកូនជាដើម។ តែបើសត្វក្អែកបូលសំឡេងវែងៗ យ៉ាងកម្សត់មានន័យថា អាចមានរឿងមិនល្អ ចាស់ៗតែងយកអង្ករមកប្រាយ(បាចអង្ករ)ព្រមទាំងនិយាយថា សូមកុំឱ្យមានឧបទ្រពចង្រៃណាមកបៀតបៀន។
សត្វដំរី៖ ដំរីជាប្រភេទសត្វស្លូត តែវាក៏អាចក្លាយជាសត្វកាចម្ដងម្កាលដែរ ដែលចាស់ៗចំណាំនិយយថា ដំរីចុះប្រេង។ តាមជំនឿដូនតាខ្មែរពីបុរាណ មិនអនុញ្ញាតឱ្យស្ត្រីមានផ្ទៃជិះលើខ្នងដំរីឡើយ ព្រោះបើជិះទៅនឹងធ្វើឱ្យដំរីចុះប្រេងអាចធ្វើឱ្យមានគ្រោះអកុសល។
ខ្លែងស្រាក៖ ខ្លែងស្រាកជាប្រភេទសត្វចូលចិត្តរកស៊ីពេលយប់។ តាមជំនឿតៗគ្នារហូតមកដល់បច្ចុប្បន្ននេះ តែងជឿថា ខ្លែងស្រាកជាសត្វនាំមកនូវឧបទ្រពចង្រៃ។ ចាស់ៗតែងចំណាំថា ឱ្យតែផ្ទះណាមានអ្នកជំងឺឈឺធ្ងន់សត្វនេះតែងមកយំបន្លឺសំឡេងគួរឱ្យខ្លាច តាមទំនៀមបើសត្វនេះមកយំនៅក្បែរផ្ទះ ចាស់ៗឱ្យស្រែកដេញ និងជេរដាក់បណ្ដាសា ដើម្បីឱ្យសត្វនោះហើរចេញទៅឱ្យបាត់។
ព្រាបថ្ងូរ៖ ព្រាបជាសត្វស្លូតចូលចិត្តរស់នៅតាមទីវត្តអារាម និងកន្លែងដែលស្ងប់ស្ងាត់។ តាមជំនឿក្នុងសង្គមខ្មែរ ជឿថាបើនៅសុខៗស្រាប់តែសត្វព្រាបហើរមកនៅក្នុងផ្ទះអ្នកណាហើយ អ្នកនោះរមែងមានសេចក្ដីសុខ មានលាភសំណាង។ តែបើនៅសុខៗស្រាប់តែព្រាបនោះថ្ងូរឮសំឡេងគួរឱ្យអាណិតនោះជាសញ្ញាប្រាប់ថាក្នុងផ្ទះនោះមានរឿងមិនល្អ តាមទំនៀមត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំទើបអាចឆ្លងផុតគ្រោះផ្សេងៗ។
សត្វឃ្មុំធ្វើសំបុកក្នុងផ្ទះ៖ តាមជំនឿដូនតាខ្មែរយូរលង់ណាស់មកហើយ តែងជឿថាប្រសិនបើឃ្មុំ ឬស្រាំងមកធ្វើសំបុកក្នុងផ្ទះ ឬបរិវេណក្នុងផ្ទះនរណា ផ្ទះនោះនឹងមានរឿងល្អៗកើតឡើង កូនចៅរស់មានសេចក្ដីសុខ សុភមង្គល។ ប៉ុន្តែនៅសុខៗស្រាប់តែឃ្មុំ ឬស្រាំងនោះទៅទិចសមាជិកក្នុងគ្រួសារណាម្នាក់ នោះជាប្រផ្នូលមិនល្អអាចនាំមកនូវឧបទ្រពចង្រៃ។ ដូចនេះត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះទើបអាចឆ្លងផុតគ្រោះនានា។
ប្រភព៖ សៀវភៅវប្បធម៌ទូទៅ (ភឿង ចន្ថា)


