ខេត្តកោះកុង ៖ ករណីគ្រោះថ្នាក់ចរាចរមួយដ៏រន្ធត់បានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ដោយរថយន្ត២គ្រឿងបើកបញ្ច្រាសទិសគ្នាលើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុចភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាឱ្យភាគីរថយន្តទាំងសងខាងរងរបួសធ្ងន់ធ្ងរចំនួន៥នាក់ និងស្លាប់២នាក់នៅនឹងកន្លឺងកើតហេតុ ។
តាមប្រភពពីសមត្ថកិច្ចប៉ូលិសស្រុកស្រែអំបិលឱ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់បុកគ្នាយ៉ាងពេញទំហឹងនោះគឺម្ខាងជារថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y-0453 ជារថយន្តក្រុមហ៊ុនលក់ម្សៅទឹកដោះគោធ្វើដំណើរពីភ្នំពេញទៅកោះកុងមានមនុស្សជិះ២នាក់រងរបួសធ្ងន់ និងភាគីម្ខាងទៀតរថយន្តម៉ាកហាយឡែនឌើរ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2AH-8152 ជារថយន្តលក្ខណៈគ្រួសារធ្វើដំណើរពីកោះកុងទៅភ្នំពេញរួមដំណើរគ្នា៥នាក់ ស្រី៣នាក់ក្នុងពេលកើតហេតុរងរបួសធ្ងន់ចំនួន៣នាក់ និងស្លាប់២នាក់នៅនឹងកន្លែងកើតហេតុត្រូវជាគូដណ្តឹងនឹងគ្នា ។
ចំពោះអ្នកស្លាបទាំង២នាក់ដែលត្រូវជាគូដណ្តឹងនឹងគ្នាខាងប្រុសឈ្មោះ មាស វីរ៉ូត ចំណែកខាងស្រីឈ្មោះ ជា ស្រីទូច ដោយយល់ថា អ្នកទាំង២ជាគូដណ្តឹងនឹងគ្នាឪពុកម្តាយទាំងសងខាងបានតុបតែងខ្លួនឱ្យពួកគេទាំង២ដូចជាកូនក្រមុំកូនកម្លោះ ដើម្បីឧបកិច្ចថា ជាពិធីមង្គលការហើយបួងសួងសុំឱ្យពួកគេជួបគ្នានៅជាតិក្រោយៗទៀតរួចបានយកទៅធ្វើបុណ្យតាមប្រពៃណីម្តងទៀត ។ រីឯជនរងរបួសដែលជិះរថយន្តហាយឡែនឌើរបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន២នាក់មានម្នាក់អាការកាន់តែធ្ងន់ធ្ងរឡើងៗដែលត្រូវជាប្អូនស្រីពៅរបស់គូដណ្តឹងខាងប្រុស ។
ប្រភពដដែលបញ្ជាក់ទៀតថា ពេលមកដល់ចំណុចកើតហេតុមិនដឹងថាមូលហេតុអ្វីស្រាប់តែរថយន្តហាយឡែនឌើរបានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួនយ៉ាងលឿនបុកយ៉ាងពេញទំហឹងជាមួយរថយន្តស្តារិចបណ្តាលឱ្យរថយន្តហាយឡែនឌើរប៉ើងចូលក្នុងទឹកបឹងតែម្តង ។ ហើយរថយន្តទាំង២ត្រូវរងការខូចខាតយ៉ាងដំណំ ។ ប៉ូលិសបានបញ្ជាក់ទៀតថា នៅក្នុងខណៈនោះសមត្ថកិច្ចប៉ូលិសបានខលទៅរថយន្តសង្គ្រោះបន្ទាន់សាលាខណ្ឌព្រៃនប់ យកមកដឹកអ្នករងរបួសចំនួន៥នាក់គឺភាគីហាយឡែនឌើរ៣នាក់ និងភាគីស្តារិច២នាក់ទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ហើយរថយន្តទាំង២ត្រូវបានសមត្ថកិច្ចប៉ូលិសស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ៕
ប្រភព៖https://beta.kohsantepheapdaily.com.kh/article/461742.html




