FACEBOOK រួចខ្លួនវិញហើយនៅក្នុងប្រទេសថៃទាំងមូល បន្ទាប់ពីបាន...
អាជ្ញាធរថៃនៅថ្ងៃអង្គារនេះ បានសម្រេចចិត្តលុបចោលការព្រមានបិទ បណ្ដាញទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធ Post មួយចំនួននៅសេសសល់ ដោយត្រូវបានចាត់ទុកថា ជាការប្រមាថអង្គព្រះមហាក្សត្រ និងគ្រួសាររាជវង្ស។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះយល់ព្រមលុប Post ទាំង១៣១ ដែលនៅសល់ចោលទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ចាក់ផងដែរថា នៅក្នុងប្រទេសថៃការប្រមាថព្រះមហាក្សត្រ ឬគ្រួសារញាតិវង្ស នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ ជាក់ស្ដែងកាលពីជាង០៣ឆ្នាំមុន មនុស្សច្រើនជាង ១០០នាក់ បានទទួលការផ្តន្ទាទោសពីបទប្រមាថព្រះមហាក្សត្រ ដោយមានអ្នកខ្លះត្រូវជាប់ពន្ធនាគារច្រើនជាង ១០ឆ្នាំ ឯណោះ។
លើសពីនេះទៅទៀត ចាប់តាំងពីទ្រង់ មហា វិចិ្ឆរ៉ាឡុងកន សោយរាជ្យជាព្រះមហាក្សត្រថៃ មនុស្ស០៧នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថ ព្រះមហាក្សត្រ ក្នុងនោះមានមេធាវីការពារសិទ្ធិមនុស្ស គឺលោក Prawet Prapanukul អាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ១៥០ឆ្នាំ ក្រោយលោកជាប់ចោទថា បានប្រមាថព្រះមហាក្សត្រ ដោយប្រើគណនីបណ្ដាញទំនាក់ទំនងសង្គមចំនួន១០ ដាច់ដោយឡែកពីគ្នា៕




