ឡើង​ប្រកួតលើក​នេះ​ អេ​ ផូថង​ ថា​ទាត់​ដាច់​កជើង​ចោល​ ដើម្បី​រក​ប្រាក់​ជួយ​ដល់​មន្ទីរ​ពេទ្យកុមារ​គន្ធបុប្ផា



អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ អេ​ ភូថង​ នឹង​​ឡើង​សង្វៀនជា​ថ្មី​​នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ខាង​មុខ​នេះ​​ដើម្បី​រក​ប្រាក់​ជួយ​ដល់​មន្ទីរ​ពេទ្យកុមារ​គន្ធបុប្ផា។
លោក​ អេ​ ភូថង​ អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ខែ​ក្រោយ​នេះ​លោក​នឹង​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ថៃ។​ ចំពោះ​សមាសភាព​ដៃ​គូ​នោះ​លោក​នៅ​មិន​ទាន់​ដឹង​នោះ​ទេ។​ សម្រាប់​ការ​ប្រកួត​នេះ​លោក​នឹង​​​ទាត់​ឲ្យ​បាន​ច្រើនឲ្យ​អស់​ពី​សមត្ថភាព​បំផុត។ «និយាយ​ទៅ​ទាត់​ដាច់​ជើង​ចោល​»។
ការ​ប្រកួត​នៅ​ខែ​ក្រោយ​នេះ​ដែរ​ លោក​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​ ​បច្ចុប្បន្ន​​លោក​កំពុង​​ហ្វឹកហាត់​ត្រៀមយ៉ាង​សកម្ម​​ ជា​ពិសេស​​គឺ​ហាត់​យក​កម្លាំង​តែ​ម្ដង​ ព្រោះ​វ័យ​ចាស់​ទៅ​ហើយ​។ បើ​មិន​ហាត់​យក​កម្លាំង​ឲ្យ​ខ្លាំង​ទេ​មិន​អាច​ប្រកួត​បាន​ឡើយ។​ ចំពោះប្រាក់​តម្លៃ​ខ្លួន​ប្រកួត​ពាក់​កណ្ដាល​របស់​លោក​នឹង​បរិចាក​ទៅ​ឲ្យ​មន្ទីរពេទ្យ​ គន្ធបុប្ផា​ដើម្បី​ជួយ​កុមារ។​
អាជ្ញាកណ្ដាល​វ័យ​៤៣​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រៅ​ពី​តម្លៃ​ខ្លួន​ដែល​​ផ្តល់​​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​ ការ​ប្រកួត​របស់​លោក​នេះ​​ក៏​ជា​ការ​ជំរុញ​ទឹកចិត្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​យក​ចិត្ត​ទុកដាក់​ និង​ងាក​មក​លេង​កីឡា​ទាំង​អស់​គ្នា​ ព្រោះ​កីឡា​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​សុខភាព​ល្អ​ បើ​ទោះ​ជា​មាន​អាយុ​ច្រើន​ក៏​ដោយ។​
លោក​ អេ​ ភូថង ​​ជា​គ្រូ​ប្រដាល់​គុន​ខ្មែរ​ជម្រើស​ជាតិ​កម្ពុជា​ ដែល​កំពុង​​​​បង្ហាត់​សិស្ស​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្កេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ។​ អតីត​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​នឹង​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា ឆ្នាំ២០១៧ជាមួយកីឡាករថៃនៅសង្វៀន PNN៕


ប្រភព៖http://news.sabay.com.kh/article/932278#utm_campaign=onpage