វិនិយោគបោកប្រាស់…! ពលរដ្ឋខ្មែរជាង៧ពាន់នាក់ត្រូវគេឆបោកអស់លុយជាង៦០លានដុល្លារ
យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៧ពាន់នាក់ ត្រូវបានគេបោកប្រាស់ អស់ទឹកប្រាក់សរុប ៦០ លានដុល្លារអាមេរិក តាមរយៈការបញ្ចុះបញ្ចូលឲ្យដាក់ប្រាក់វិនិយោគរួម ហើយសន្យាថានឹងផ្តល់មកវិញនូវអត្រាចំណេញខ្ពស់។ ក្រោយករណីនេះ កើតឡើងក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវដល់ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះករណីដូចគ្នានេះ។
នៅថ្ងៃទី៣០ ខែឧសភានេះ ក្រសួងមហាផ្ទៃ បានបើកសន្និសិទសារព័ត៌មាន ស្តីពីវិធានការច្បាប់ ចំពោះក្រុមហ៊ុនមួយចំនួន ដែលបានលួចធ្វើអាជីវកម្មខុសច្បាប់នៅកម្ពុជា។ ក្នុងសន្និសិទនោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានអះអាងថា មានពលរដ្ឋខ្មែរជាង៧៤៣០ នៅតាមបណ្តាខេត្តផ្សេងៗត្រូវបានគេឆបោកអស់ទឹកប្រាក់សរុប ៦០ លានដុល្លារអាមេរិក។ ការចាញ់បោកនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទាំងនោះ ដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យដាក់ប្រាក់វិនិយោគរួម ដោយសន្យាថានឹងផ្តល់មកវិញនូវអត្រាចំណេញខ្ពស់ពី១០ភាគរយក្នុងមួយខែ ទៅ១២០ភាគរយក្នុង១ឆ្នាំ។
បើតាមក្រសួងមហាផ្ទៃ បានលើកឡើងថា ទឹកប្រាក់ជាង ៦០ លានដុល្លារនេះ គ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ បើតាមការលើកឡើងពីសំណាក់ជនរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹងមកអាជ្ញាធរថា ចំនួនទឹកប្រាក់នេះនឹងកើនឡើងរហូតទៅដល់៤០០លានដុល្លារអាមេរិក ហើយពលរដ្ឋត្រូវចាញ់បោកជនល្មើសនោះ អាចនឹងកើនដល់ប្រមាណជាង ៥ ម៉ឺននាក់។
ស្ថាប័នក្រុមហ៊ុនដែលធ្វើការឆបោកពលរដ្ឋរួមមានដូចជា៖អង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC សុទ្ធសឹងជាស្ថាប័នគ្មានសកម្មភាពច្បាស់លាស់ និងមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់ ពីលោកស្រីងួន សុខា រដ្ឋលេខាធីការក្រសួងសេដ្ឋកិច្ច។ លោកស្រីបន្ថែមថា ក្រសួងបានដឹងមុនថា ស្ថាប័នក្រុមហ៊ុនទាំងនោះឆបោក ប៉ុន្តែដោយសារតែគ្មានបណ្តឹងពីពលរដ្ឋ ហើយពលរដ្ឋខ្លះទៀត អះអាងថា ស្ថាប័នក្រុមហ៊ុនខាងលើនេះស្អាតស្អំពុំបានប្រព្រឹត្តអំពើឆបោកទេ ដូច្នេះបានជាអាជ្ញាធរមិនចាត់វិធានការ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សព្វថ្ងៃអាជ្ញាធរកំពុងតាមចាប់ខ្លួនអ្នកពាក់ព័ន្ធ ជាពិសេសមេក្លោងចំនួន៤នាក់ក្នុងនោះមានជនជាតិខ្មែរ ជនជាតិម៉ាឡេស៊ី និងជនជាតិចិន។ ជនល្មើសទាំងអស់នេះ មានមួយចំនួនកំពុងតែរស់នៅក្នុងកម្ពុជា៕
ប្រភព៖http://khnewstoday.info/archives/9323