រៀងរាល់ឆ្នាំ ភ្ញៀវទេសចរ អ្នកសិក្សារៀនសូត្រ អ្នកស្រាវជ្រាវរាប់លាននាក់ និងមនុស្សដទៃមកពីប្រទេសផ្សេងៗគ្រប់តំបន់ទាំងអស់ជុំវិញពិភពលោក បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្រីក្រដ៏តូចមួយនេះ ដើម្បីឃើញដោយផ្ទាល់នូវកេរដំណែលសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់អាណាចក្រខ្មែរបុរាណ ។ កេរដំណែលនោះមានប្រាសាទបុរាណជាច្រើន នៅក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទបែបហិណ្ឌូនៅក្នុងតំបន់អង្គរវត្ត និងទីគោរពបូជាបែបព្រះពុទ្ធសាសនា ដូចជា ប្រាសាទបាយ័ន ។ ដោយស្ថិតនៅក្នុងខេត្តសៀមរាប និងស្ថិតនៅតាមជើងភ្នំគូលែន ប្រាសាទបន្ទាយស្រី ដែលជាសំណង់មានចម្លាក់ដ៏អស្ចារ្យ និងសោភ័ណភាពត្រូវបានឆ្លាក់ចេញពីថ្មភក់ ហើយបានឆ្លុះបញ្ចាំងអំពីស្ថាបត្យកម្មក្នុងទ្រង់ទ្រាយតូច ដែលងាកចេញពីលក្ខណៈស្ថាបត្យកម្មនៃប្រាសាទខ្មែរបុរាណដទៃ ។ ដោយស្គាល់ថា ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ស្ត្រី ឈ្មោះពិតរបស់ប្រាសាទនេះ មានឈ្មោះថា ត្រីភូវណ្ណមហេស្វរៈ ។
កេរដំណែលនោះមានបន្សល់នៅតាមបណ្តាខេត្តដទៃ ដូចជា ប្រាសាទព្រះវិហារដ៏អស្ចារ្យ ដែលស្ថិតនៅលើខ្នងភ្នំដងរែក កម្ពស់៥២៥ម៉ែត្រ ស្ថិតនៅក្នុងខេត្តព្រះវិហារ នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ។ ប្រាសាទព្រះវិហារបានបម្រើមុខងារជាប្រាសាទឧទ្ទិសបែបហិណ្ឌូ ហើយថ្មីៗនេះ បានក្លាយជាកម្មវត្ថុនៃចំណុចវិវាទរវាងប្រទេសទាំងពីរនៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងទីក្រុងឡាអេ ដែលចៅក្រមក្នុងតុលាការនោះបានកាត់សេចក្តីឲ្យប្រទេសកម្ពុជាគ្រប់គ្រងថែរក្សាប្រាសាទព្រះវិហារ ។ ទីជនបទនៅក្នុងប្រទេសកម្ពុជា ដែលពីមុនគ្រប់ដណ្តប់ដោយព្រៃឈើ លម្អទៅដោយប្រាសាទ ចាប់តាំងពីប្រាសាទតូច រហូតដល់ប្រាសាទធំ បានឆ្លុះបញ្ចាំងអំពីការបូជារបស់មនុស្សបុរាណចំពោះអាទិទេពរបស់ខ្លួន ។ ដោយសារតែភាពក្រីក្រ មិនមានការយកចិត្តទុកដាក់ថែរក្សា ជួសជុល និងផ្នែកសន្តិសុខ ទីសក្ការបូជាជាច្រើនត្រូវបានបោះបង់ចោល និងត្រូវព្រៃដុះព័ទ្ធលើ ។
ម្យ៉ាងវិញទៀត ការទាក់ទាញ និងការលើកសរសើរអំពីសំណង់អច្ចរិយវត្ថុនេះ ត្រូវបានបំផ្លិចបំផ្លាញចោលជាលក្ខណៈបុគ្គលជារឿយៗ និងថ្មីៗនេះតាមរយៈអំពើលួចប្លន់វត្ថុបុរាណដែលលម្អនៅគ្រប់តំបន់ទាំងនេះ ។ ឧទាហរណ៍ រូបចម្លាក់បែបព្រះពុទ្ធសាសនា រូបចម្លាក់បែបហិណ្ឌូ ដែលបានឆ្លាក់ដ៏ល្អ និងរូបចម្លាក់ដទៃជារឿយៗមានទំហំប៉ុនរូបមនុស្សពិតឬធំជាងនេះ ត្រូវបានកាត់ក្បាល ហើយត្រូវបានធ្វើឲ្យខូចខាតដោយការប្រើប្រាស់ឧបករណ៍ដើម្បីកាត់យកក្បាលរូបចម្លាក់ទាំងនោះ ។ រូបចម្លាក់ទាំងនោះនៅឈរដោយគ្មានក្បាលក្នុងនាមជាសាក្សីចំពោះអំពើឧក្រិដ្ឋកម្ម ភាពលោភលន់ និងអំពើចោរកម្មលើបេតិកភណ្ឌសិល្បៈទាំងនេះ ។ នៅតាមប្រាសាទផ្សេង រូបសត្វ និងរូបមនុស្សនៅក្នុងរឿងទេវកថារាប់មិនអស់ ដែលមានទំហំធំជាងរូបពិត និងឆ្លាក់ចេញពីថ្មរឹងមាំត្រូវបានបំបែកចេញពីកន្លែងដែលរូបចម្លាក់ទាំងនោះត្រូវបានតម្កល់ទុក ដោយបន្សល់ទុកនូវតែជើងទម្រ ។ ដោយសារសំណង់ស្ថាបត្យកម្មរបស់ប្រាសាទមួយចំនួនបានរារាំងឧក្រិដ្ឋជនពីការគាស់រំលើង ឧក្រិដ្ឋជនទាំងនោះបានប្រើប្រាស់រំសេវផ្ទុះដើម្បីបំផ្លាញថ្មនៅផ្នែកខាងក្រៅ ដើម្បីអាចស្វែងរកវត្ថុមានតម្លៃនៅក្នុងរូបថ្មទាំងនោះ ។
ស្លាកស្នាមលើថ្ម បានឆ្លុះបញ្ចាំងអំពីចរិតថោកទាប និងកំសាកដែលក្រុមចោរទាំងនោះបានធ្វើ ស្លាកស្នាមទាំងនោះបានបង្កឲ្យមានរូបភាពនៃអំពើហិង្សា អំពើយង់ឃ្នង និងការមិនគោរពចំពោះតម្លៃរបស់ប្រាសាទ និងរូបចម្លាក់ទាំងនេះ ហើយអំពើទាំងនេះមិនគោរពចំពោះមនុស្សសម័យបច្ចុប្បន្ន ដែលសំណង់ស្ថាបត្យកម្មនិងវត្ថុមានតម្លៃបែបសិល្បៈ បានផ្សាភ្ជាប់យ៉ាងសំខាន់ទៅនឹងបុព្វបុរសរបស់ខ្លួន និងសមត្ថភាពក្នុងការឆ្លាក់រូបទាំងនោះ ។
រូបចម្លាក់នៅលើផ្ដែរប្រាសាទ ដែលក្រុមចោរលួចដាប់យក
ភាគច្រើននៃអំពើលួចប្លន់វត្ថុបុរាណជាតិប្រទេសកម្ពុជា ត្រូវបានប្រព្រឹត្តឡើងដោយក្រុមទុច្ចរិត ដោយសារតែផលប្រយោជន៍ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺថាក្រុមផ្គត់ផ្គង់ហិរញ្ញវត្ថុដែលជនទុច្ចរិត និងឈ្មួញកណ្តាលពឹងផ្អែកនោះ បានជំរុញឲ្យមានអំពើឧក្រិដ្ឋកម្មនេះ ។ ឧទាហរណ៍ រហូតទាល់តែដល់ឆ្នាំ១៩១៤ ទើបអ្នកស្រាវជ្រាវជនជាតិបារាំងស្វែងរកឃើញប្រាសាទបន្ទាយស្រី ដោយសារតែទីតាំងដាច់ស្រយាលរបស់ប្រាសាទនោះ ។ ប្រមាណ១០ឆ្នាំក្រោយ ក្នុងឆ្នាំ១៩២៣ អ្នកនិពន្ធ អេនដ្រេ ម៉ុលរ៉ូ ដែលបម្រើមុខងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌កាលគ្រានោះ បានធ្វើផែនការយករូបចម្លាក់អប្សរាចំនួនបួន ចេញពីប្រាសាទដោយមានគោលបំណងដឹកជញ្ជូនរូបចម្លាក់ទាំងនោះភ្លាមៗទៅប្រទេសបារាំង ហើយវាហាក់បីដូចជាអាជ្ញាធរអាណានិគមមួយនេះ ត្រូវបានផ្តល់សិទ្ធិអំណាចដើម្បីធ្វើដូច្នេះ ។ ចំពោះទង្វើបែបនេះ អំពើចោរកម្មលើរូបចម្លាក់នោះ ត្រូវបានលាតត្រដាងមុនពេលដែលរូបចម្លាក់ត្រូវបានដឹកជញ្ជូន និងបំណែកនៃរូបចម្លាក់ទាំងនោះត្រូវបានប្រមូលយកមកវិញ ។ ថ្មីៗនេះ បន្ទាប់ពីមានការចរចាដែលប្រើប្រាស់ពេលវេលាច្រើននោះ សារមន្ទីរសិល្បៈមេត្រូប៉ូលីតែន នៅក្នុងទីក្រុងញូវយ៉ក បានបញ្ជូនរូបចម្លាក់ចំនួនពីរទៅសារមន្ទីរជាតិប្រទេសកម្ពុជា រួមមាន រូបចម្លាក់សត្វដ៏ធំមួយដែលត្រូវបានលួចចេញពីសារមន្ទីរនៅក្នុងព្រៃដាច់ស្រយាល បន្ទាប់ពីស្លាកស្នាមនៅលើជើងទម្រនៅប្រាសាទ ត្រូវបានប្រៀបធៀបជាមួយនឹងជើងទម្រខាងក្រោមនៃរូបចម្លាក់ ហើយវាបង្ហាញពីភាពស៊ីគ្នា ។
ថ្មីៗនេះ សារមន្ទីរសិល្បៈទីក្រុងក្លេហ្វឺលេន បានបដិសេធមិនព្រមប្រគល់រូបចម្លាក់ហនុមានឲ្យមកសារមន្ទីរជាតិ ដែលជារូបចម្លាក់អាទិទេពហនុមានបែបលទ្ធិហិណ្ឌូ ត្រូវបានលួចចេញពីប្រាសាទចិន នៅក្នុងខេត្តព្រះវិហារ ។ សារមន្ទីរក្លេហ្វឺលេន បានទទួលរូបចម្លាក់ទាំងនោះនៅក្នុងឆ្នាំ១៩៨២ ។ ចំពោះបទចោទប្រកាន់លើការលួចរូបចម្លាក់ អ្នកអភិរក្សសារមន្ទីរបានធ្វើដំណើរទៅប្រទេសកម្ពុជាជាមួយនឹងសំណាកជ័រផ្នែកខាងក្រោមរូបចម្លាក់ដែលត្រូវបានកាត់ចេញពីជើងទម្រ ។ ដោយមិនបានផ្តល់ដំណឹងដល់មន្ត្រីកម្ពុជា លោកស្រីបានធ្វើដំណើរទៅតំបន់ប្រាសាទចិន ហើយបានប្រៀបធៀបសំណាកទៅនឹងកន្លែងពីរទំនេរ ដែលរូបចម្លាក់ត្រូវបានលួច ហើយបានកត់សម្គាល់ថា មិនមានភាពស៊ីគ្នានោះទេ ។ មន្ត្រីសារមន្ទីរបានយល់ថា រូបចម្លាក់ហនុមាន គឺមានលក្ខណៈជារបស់ខ្មែរ ប៉ុន្តែមន្ត្រីទាំងនោះបដិសេធមិនព្រមប្រគល់រូបចម្លាក់ទាំងនោះ រហូតទាល់តែមានការផ្គូផ្គងត្រូវបានបញ្ជាក់ ។ នៅខែឧសភា ឆ្នាំ២០១៤ ក្រុមហ៊ុនដេញថ្លៃវត្ថុបុរាណ គ្រីស្ទី និងសារមន្ទីរន័រតុន ស៊ីមុន នៅក្នុងទីក្រុងកាលីហ្វ័រញ៉ា បានសន្យាបញ្ជូនរូបចម្លាក់ទាំងពីរដែលបានលួចនៅក្នុងឆ្នាំ១៩៧០ មកពីតំបន់កោះកែរ ។ សាលក្រមខែធ្នូ ឆ្នាំ២០១៣ ប្រឆាំងនឹងក្រុមហ៊ុនដេញថ្លៃវត្ថុបុរាណ សូធ័រប៊ី បានបង្គាប់ឲ្យមានការប្រគល់រូបចម្លាក់ទុរិយោដាន មកប្រទេសកម្ពុជា ។
ទាំងនេះឆ្លុះបញ្ចាំងអំពីក្រុមជំនួញឧក្រិដ្ឋជន ដែលដៅយករតនសម្បត្តិជាតិ រួមមាន កេរដំណែលផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈរបស់ជាតិ ហើយក្រុមជំនួញឧក្រិដ្ឋជនទាំងនោះទទួលបានរតនសម្បត្តិទាំងនោះតាមរយៈភ្នាក់ងារ និងសារមន្ទីរសិល្បៈ ។ ប្រទេសកម្ពុជាខុសពីប្រទេសដទៃត្រង់ថា វត្ថុសិល្បៈបុរាណរបស់ប្រទេសកម្ពុជាត្រូវបានលួច ។ ភាពអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការថែរក្សាប្រាសាទជាច្រើននៅពាសពេញទីជនបទដាច់ស្រយាល បានជំរុញឲ្យមានការស្វែងរកផលប្រយោជន៍តាមរយៈការបំផ្លិចបំផ្លាញ ។ ជាងនេះទៅទៀត ឈ្មួញអ្នកមានទ្រព្យសម្បត្តិដែលប្រមូលវត្ថុបុរាណ មិនបានយល់ដឹង និងជាជនឆោតល្ងង់ ថែមទាំងមិនមាននិន្នាការក្នុងការថែរក្សាព័ត៌មានអំពីវត្ថុទាំងនោះមុនពេលដែលខ្លួនទិញវត្ថុបុរាណទាំងនោះសម្រាប់ជាការកម្សាន្តផ្ទាល់ខ្លួន ឬក៏ក្នុងចេតនាដើម្បីបរិច្ចាគវត្ថុបុរាណទាំងនោះទៅឲ្យសារមន្ទីរនៅក្នុងប្រទេសកំណើតរបស់ខ្លួន ។ ការប្រកួតប្រជែងដើម្បីគ្រប់គ្រងវត្ថុបុរាណទាំងនោះ មានដូចជា ប្រទេសលោកខាងលិច រហូតដល់ប្រទេសរុស្សី និងប្រទេសចិនដែលបានជំរុញលើកទឹកចិត្តលើផ្នែកហិរញ្ញវត្ថុកាន់តែច្រើនជាងមុន ដើម្បីបំផ្លិចបំផ្លាញវត្ថុបុរាណនៅក្នុងប្រទេសក្រីក្រ ដូចជា ប្រទេសកម្ពុជា ដោយសារចំនួនមហាសេដ្ឋីបានកើនឡើង ។ រូបថតសមុច្ច័យនៅសារមន្ទីរល្បីល្បាញ រួមមានរូបចម្លាក់ព្រះពុទ្ធបដិមាគ្មានព្រះកេស និងរូបចម្លាក់បុរាណដទៃ ដែលមានដើមកំណើតនៅប្រទេសកម្ពុជាដ៏មានតម្លៃ ។ មិនមានអ្វីមួយធ្វើឲ្យប៉ះពាល់ដល់ទីតាំងជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ ជាជាងការកាត់យកក្បាលរូបបដិមាបុរាណ ។ មន្ត្រីកម្ពុជាមានភាពអន្ទះសារក្នុងការបង្កើតឲ្យមានការគ្រប់គ្រងឯករាជ្យ និងការការពារផ្នែកសន្តិសុខនៅទីតាំងបេតិកភណ្ឌជាតិ ។ មន្ត្រីទាំងនោះមិនពេញចិត្តចំពោះអ្វីដែលខ្លួនយល់ឃើញថា ជាតួនាទីខាងនយោបាយរបស់យូណេស្កូ អង្គការអន្តរជាតិដទៃ ក្រសួងវិចិត្រសិល្បៈ និងវប្បធម៌ និងភ្នាក់ងារដទៃទេ ។ ដោយស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពទាំងនោះ ការលួចដោះដូរ និងការបំផ្លិចបំផ្លាញនៅតែបន្ត ។
ជើងទម្រដែលនៅនៅសេសសល់បន្ទាប់ពីក្រុមចោរលួចកាត់យករូបចម្លាក់ចេញទៅ
មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអង្គការមិនរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញ ។ ដោយត្រូវបានចូលរួមកសាងដោយសកលវិទ្យាល័យយ៉ែល មជ្ឈមណ្ឌលឯកសារកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលឯករាជ្យនៅក្នុងឆ្នាំ១៩៩៤ ។ បច្ចុប្បន្នមជ្ឈមណ្ឌលឯកសារកម្ពុជា បម្រើមុខងារជាអ្នកថែរក្សាឯកសារដើមទាំងអស់ទាក់ទងនឹងរបបខ្មែរក្រហម និងរបបកាប់សម្លាប់ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបម្រើមុខងារជាប្រភពដ៏សំខាន់ សម្រាប់ឯកសារភ័ស្តុតាងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាតុលាការឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងទីក្រុងភ្នំពេញ ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាប់ផ្តើមគម្រោងថតខ្សែភាពយន្តឯកសារ និងភាពយន្តដទៃមួយចំនួន តាមរយៈមូលនិធិ និងការគាំទ្រដ៏សំខាន់ដទៃ ។ គម្រោងជាច្រើនត្រូវបានទទួលស្គាល់ជាសំខាន់ ។ គម្រោងទាំងនោះ រួមមាន នៅក្រោយជញ្ជាំងមន្ទីរសន្តិសុខស-២១ ប្រវត្តិសាស្ត្រផ្ទាល់មាត់របស់គុកទួលស្លែង ។ ផលិតកម្មថ្មីៗ ដូចជារឿងក្បង់ទឹកទន្លេ របស់នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានឈ្នះពានរង្វាន់អន្តរជាតិចំនួនប្រាំ ហើយបានក្លាយជាបេក្ខភាពចុងក្រោយសម្រាប់ពានរង្វាន់ខ្សែភាពយន្តបរទេសនៅក្នុងឆ្នាំ២០១៣ ។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ត្រូវបានជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា សម្រាប់ការងារជាអ្នកអភិវឌ្ឍតំបន់ប្រាសាទកោះកែរ ដែលជាទីស្ថានបុរាណដ៏ធំស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមិនសូវមានប្រជាជនរស់នៅ ដែលគ្របដណ្តប់លើផ្ទៃដីជាង ៤៩ គីឡូម៉ែត្រក្រឡា ។ ភាគច្រើនតំបន់នោះគឺជាព្រៃក្រាស់ ហើយមិនទាន់ត្រូវបានយកមីនចេញ ។ តំបន់នោះរួមមានបដិសរណដ្ឋានបុរាណជាង១៨០កន្លែង ដែលមានទំហំខុសគ្នា និងមានវត្ថុសិល្បៈផ្សេងៗ ។ កោះកែរ គឺជារាជធានីរបស់អាណាចក្រខ្មែរ ចន្លោះពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤៤ ។
ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៤ រចនាបទកោះកែរបានវិវត្តទៅជាទម្រង់ផ្សេងនៃរូបចម្លាក់ដ៏អស្ចារ្យ ដើម្បីឆ្លើយតបទៅនឹងមហិច្ឆតាផ្នែកសិល្បៈរបស់ព្រះអង្គ ។ សោភ័ណភាពរូបចម្លាក់បានខាបអារម្មណ៍ក្រុមឧក្រិដ្ឋជនលួចវត្ថុសិល្បៈ ដែលបានយល់ឃើញថា រតនសម្បត្តិនោះ គឺជាគោលដៅយ៉ាងងាយស្រួល ដោយសារតែតំបន់កោះកែរជាតំបន់ព្រៃដាច់ស្រយាល ។ ទង្វើបែបនេះ បានធ្វើឲ្យមានការលួចវត្ថុបុរាណ និងការពង្រីកសកម្មភាពលួចជាច្រើនសតវត្ស ។ វត្ថុបុរាណតិចតួចណាស់ត្រូវបានជួយសង្គ្រោះ ។ សោកនាដកម្មនៃរូបចម្លាក់ប្រាសាទកោះកែរត្រូវបានដាក់តាំងបង្ហាញនៅតាមសារមន្ទីរល្បីល្បាញ និងនៅតាមកន្លែងប្រមូលវត្ថុបុរាណរបស់អ្នកមានទ្រព្យសម្បត្តិ ។ រូបចម្លាក់នៅតំបន់ប្រាសាទកោះកែរ បានលេចឡើងដោយសម្ងាត់នៅតាមកន្លែងដាក់ដេញថ្លៃ ។
ដោយបានជួបប្រទះសកម្មភាពឧក្រិដ្ឋកម្មនេះដោយផ្ទាល់ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានប្តេជ្ញាចិត្តចាប់ផ្តើមយុទ្ធនាការសាធារណៈក្នុងកម្រិតអន្តរជាតិ ដើម្បីជូនដំណឹងដល់សហគមន៍អន្តរជាតិ និងចូលរួមជាមួយយុទ្ធនាការអន្តរជាតិដើម្បីស៊ើបអង្កេតដើមកំណើតនៃវត្ថុបុរាណទាំងនោះ និងរួមចំណែកលើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលស្គាល់ ហើយប្រគល់វត្ថុបុរាណទាំងនោះត្រឡប់ទៅកន្លែងដើមវិញ ។
យើងនឹងចាប់ផ្តើមដំណើរការនេះតាមរយៈការរៃអង្គាសថវិការបស់ម្ចាស់ជំនួយ ដើម្បីជួយដល់ការផលិតខ្សែភាពយន្តឯកសារស្តីពីបញ្ហាទាំងនោះ ដោយស៊ើបអង្កេតស៊ីជម្រៅលើយន្តការ និងដំណើរការរបស់ក្រុមឧក្រិដ្ឋជន ដែលបានធ្វើជំនួញលើវត្ថុបុរាណមិនអាចកាត់ថ្លៃបាននេះ ។ ជំហរផ្នែកសីលធម៌ ដែលគំនិតផ្តួចផ្តើមមាននោះ គឺមិនដូចគ្នាទៅនឹងចលនារបស់អន្តរជាតិ ដែលគ្រាន់តែជូនដំណឹងដល់សហគមន៍ទូទាំងសកលលោកអំពីការកកើតឡើងនៃទីផ្សារជួញដូរពេជ្រខុសច្បាប់ ។
ដើម្បីលម្អិតបន្ថែម យើងបានធ្វើការប៉ាន់ស្មាន ៖
- យើងប្រមើលមើលឃើញថា ដំណាក់កាលផ្សេងៗនៃការផលិតខ្សែភាពយន្តឯកសារនោះ ចាប់តាំងពីការធ្វើផែនការការស្រាវជ្រាវ ការស៊ើបអង្កេត ការថត និងដំណាក់កាលពិនិត្យកែសម្រួល នឹងត្រូវការពេលវេលាប្រហែលបីឆ្នាំ ។
- យើងបានធ្វើផែនការថវិកាប្រមាណ ២៥ ម៉ឺនដុល្លារអាមេរិក
- យើងនឹងធ្វើបទសម្ភាសន៍ជាមួយអង្គភាពច្បាប់ និងប៉ូលិសអន្តរជាតិ និងដាក់បញ្ចូលបទសម្ភាសន៍នៅក្នុងខ្សែភាពយន្ត
- យើងផ្តោតលើផ្នែករិះគន់ស្ថាបនា និងធ្វើការផ្ទៀងផ្ទាត់ខ្សែភាពយន្តឯកសារនេះមួយនឹងផ្នែកផ្សេង ។
យើងសង្ឃឹមថា លោកនឹងរួមចំណែកលើការចំណាយក្នុងការផលិតខ្សែភាពយន្តឯកសារនេះ ។ ម្ចាស់ជំនួយទាំងអស់នឹងទទួលស្គាល់ចំពោះគុណសម្បត្តិនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាផលិតករ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងទទូចឲ្យមានការពិនិត្យកែសម្រួលដោយឯករាជ្យ ។
សូមទាក់ទងយើងខ្ញុំ ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម ។ យើងខ្ញុំទន្ទឹងរង់ចាំទទួលដំណឹងអំពីអ្នក ។
ម៉ាកាស់ ស៊ីម័រ
