ចម្លែកមែន …! កងទ័ពអ៊ីរ៉ង់ ព្រមាន​ប្រធានាធិបតី​កុំ​ឲ្យ​លូកដៃកម្មវិធី​មីស៊ីល​បាលីស្ទីក​


ខុសពី​ប្រទេស​មួយចំនួន លើលោក ដែល​ប្រធានាធិបតី​មាន​អំណាច​លើ​កងទ័ព នៅ​អ៊ីរ៉ង់ លោក​ប្រធានាធិបតី ហាសាន់ រូហានី​ទើប​រងការរិះគន់​ពី​ក្រុមយោធា ដែល​បាន​ព្រមាន​លោក​កុំ​ឲ្យ​លូកដៃ អន្តរាគម នៅក្នុង​សំណុំរឿង​កងទ័ព និង​ការពារ​ជាតិ​អ៊ីរ៉ង់។
នៅ​អ៊ីរ៉ង់ ប្រធានាធិបតី និង​ឆ្មាំការពារ​បដិវត្ត​ដែល​ជា​កងទ័ព​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់ គឺ​ជា​ស្ថាប័ន​មាន​អំណាច​ពីរ​ដាច់​ដោយឡែក​ពី​គ្នា។
ជាក់ស្តែង នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​មេបញ្ជាការ​Massoud Jazayeri​អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ីរ៉ង់​បាន​ចេញមុខ​រិះគន់​លោក​ប្រធានាធិបតី ហាសាន់ រ៉ូហានី បន្ទាប់​ពី​លោក​រ៉ូហានី​លើក​និយាយ​ពី​កម្មវិធី​មីស៊ីល​បាលីស្ទីក​របស់​អ៊ីរ៉ង់ នៅក្នុង​កម្មវិធី​ទូរទស្សន៍ សួរ​ដេញដោល​បេក្ខជន​ប្រធានាធិបតី​អ៊ីរ៉ង់។
“យើង​អំពាវនាវ​ជាថ្មី កុំឲ្យ​បេក្ខជន​ប្រធានាធិបតី​លូកដៃ​អន្តរាគម ក្នុងកិច្ចការ​កងទ័ព ហើយ​និង​ការពារ​ជាតិ។”
នេះ​ជា​ប្រសាសន៍​របស់​អ្នកនាំពាក្យ​របស់​កងទ័ពជាតិ​អ៊ីរ៉ង់ ដែល​មិន​បាន​និយាយ​ចំៗ​ឈ្មោះ​របស់​ហាសាន់ រ៉ូហានី។
នៅ​ថ្ងៃ​សុក្រ លោកប្រធានាធិបតី​ហាសាន់ រ៉ូហានី មក​ពី​ក្រុមកំណែទម្រង់​អ៊ីរ៉ង់ ដែល​ឈរឈ្មោះ សម្រាប់​អាណត្តិ​ទី២ បានចោទប្រកាន់​ក្រុមអភិរក្ស​និយម​អ៊ីរ៉ង់​ថា បាន​ប៉ុនប៉ង ចង់​បំផ្លាញ​កិច្ច​ព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ ដែល​អ៊ីរ៉ង់​សម្រេច​ចុះ​បាន​ជាមួយ​ប្រទេស​មហាអំណាច​នៅខែ​កក្កដា ឆ្នាំ ២០១៥។
នៅ​ក្នុង​សំដី​រិះគន់​កងទ័ព​ដែល​គេ​កម្រ​នឹង​លឺ លោក​ហាសាន់ រ៉ូហានី​បាន​និយាយ​ថា លោក​សោកស្តាយ​ដែល​ឃើញ​ឆ្មាំ​ការពារ​បដិវត្ត​អ៊ីរ៉ង់​បង្ហាញ រូបថត​ស្តី​ពី​មូលដ្ឋាន​ក្រោមដី ដែល​ស្តុក​មីស៊ីល​បាលីស្ទីក នៅ​ចំ​ពេល​ដែល​កិច្ចព្រមព្រៀង ស្តីពី​នុយក្លេអ៊ែរ ត្រូវ​ចូល​ជា​ធរមាន​នៅ​ខែ​មករា ឆ្នាំ ២០១៦។
នៅ​លើ​មីស៊ីល​នោះទៀត​សោត គេ​បាន​សរសេរ​សារ​ប្រឆាំង​អ៊ីស្រាអែល ដែល​បើតាម​លោកប្រធានាធិបតី អ៊ីរ៉ង់ គឺ​មាន​បំណង​បន្ទុចបង្អាក់​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។
នៅ​ថ្ងៃ សៅរ៍ អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ីរ៉ង់​បាន​បញ្ជាក់ថា មូលដ្ឋាន​មីស៊ីល​បាលីស្ទីក នៅ​ក្រោមដី ជា​តួអង្គ​សំខាន់ សម្រាប់​ប្រឈម​តទល់​នឹង​សត្រូវ​សួរពូជ​របស់​បដិវត្តន៍​អ៊ីស្លាម របស់​ប្រជាជន​អ៊ីរ៉ង់។
អ៊ីរ៉ង់​បាន​និយាយ​ការពារ​ខ្លួន​ថា ការបាញ់​សាកល្បង​មីស៊ីល​របស់ខ្លួន​គ្មាន​ត្រូវ​បាន​ចែង ហាម នៅក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ ដែល​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​មហាអំណាច​ទាំង​៥​នោះទេ។
ទៅតាម​កិច្ចព្រមព្រៀងស្តី​ពី​នុយក្លេអ៊ែរ អ៊ីរ៉ង់​ត្រូវ​លះបង់​ចោល​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការលុបចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​អាមេរិក និង​សហគមន៍​អន្តរជាតិ​​បាន​ដាក់​ទៅ​លើ​អ៊ីរ៉ង់​កន្លងមក។
សូម​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ទី ១៩​ឧសភា​ខាងមុខ អ៊ីរ៉ង់​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ដែល​នៅក្នុង​នោះ លោក​ប្រធានាធិបតី​អស់​អាណត្តិ ហាសាន់ រ៉ូហានី នឹង​ប្រកួតប្រជែង ជាមួយ បេក្ខជន​ពីរ​រូប​ពី​ក្រុមអភិរក្ស​និយមជ្រុល​អ៊ីរ៉ង់៕
ប្រភព៖http://phsaonline.info/archives/3815