បន្ទាប់ពីភ្លៀងមេឃក៏ស្រឡះ! ស្វែង សុជាតា ​​ត្រៀមខ្លួនថត​រឿង​ហូលីវូដ​ថ្មី



ក្រោយពី​​បានតំណែង​ជា​តារា​ហូលីវូដ​ក្នុង​រឿង ​​«​មុន​​​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​​​​​​ប៉ាខ្ញុំ» ​អ្នកនាង​ ស្វែង​​ សុជាតា ​បានអះអាង​ថា​ អ្នកនាង​នឹង​ទទួល​បាន​ឱកាស​ចេញ​ថត​​មួយរឿង​ទៀត​របស់​ហូលីវូដ ​ដោយការសម្ដែង​លើកក្រោយ​នេះ ​គឺសម្ដែងជាមួយ​តារា​បរទេសតែម្ដង។ អ៊ីចឹង​ហើយទើបអ្នកនាង​បញ្ជាក់ថា ​​ទោះ​ត្រូវស្វាមី​​វាយ​ដំ និងធ្វើ​បាបរហូត​​ចង់បាក់ស្បាត​​​ ក៏អ្នកនាង​មិន​​​​​ទន់ជ្រាយនោះ​ដែរ គឺ​ត្រូវតែខំ​ប្រឹង​ក្រោកឈរ ​ដោយគ្រោង​​​​ទៅ​ហ្វឹកហាត់​​ក្បាច់គុន ​និង​បាញ់​កាំភ្លើង​ជា​ដើម ​ដើម្បី​​​​​ឲ្យត្រូវ​​​​នឹង​ការ​ចង់​បាន​របស់​ផលិតករ​​​ហូលីវូដ​–ដែល​​ជ្រើស​​​រើស​នាង​ជា​តួសម្ដែង។



អ្នកនា​ងថា ​ក្រោយ​ពី​បានថត​ចប់​​​​ភាព​​យន្តជាមួយ​លោកស្រី​ជូលី ​គឺ​អ្នកនាង​ក៏មាន​​​​​​​​​​អ្នករកទីផ្សារ​មួយរូបនៅ​ខាង​ក្រុម​ហ៊ុន​​​​ហូលីវូដ ដើម្បីឲ្យអ្នកនាង​បានថត​រឿង​ថ្មី។ អ្នកនាង​បដិសេធ​មិន​ប្រាប់​​លម្អិត​ពី​ភាពយន្ត​នោះទេ ដោយ​​អ្នកនាង​បញ្ជាក់ថា​រង់ចាំឲ្យ​ការ​​​ចចារ​មានភាព​ច្បាស់លាស់​សិនទើប​អ្នកនាង​​បញ្ចេញ​​​​​​ប្រាប់​។ 


អ្នកនាងថា ​​ក្នុងភាព​យន្ត​ថ្មី ​នឹង​តម្រូវឲ្យអ្នកនាង​ចេះ​​​ក្បាច់គុន​តៃ​ក្វាន់ដូ ​ល្បុកតោ ​​​​និង​បាញ់​កាំភ្លើង ​ទើបអ្នកនាង​​​ប្រកាសពីការ​​​ចេញទៅ​ហ្វឹកហាត់​​ក្បាច់គុន​ទាំង​នោះ​​​​ក្នុង​ប៉ុន្មានថ្ងៃ​ទៀត ​ដើម្បី​ឲ្យពេល​ផលិតករ​​​​ហូលីវូដ​​​ចុះ​​​មក​ធ្វើ​តេស្ត​ជាមួយ​អ្នកនាង​ដោយ​ផ្ទាល់ ​​គឺ​អ្នកនាង​នឹង​មាន​ទុន​ក្នុងដៃ។


អ្នកនាងថា​​​​​នឹង​ចាប់​តំណែង​ថ្មីមិនឲ្យរបូតទេ ដោយសារតែ​​​​​ការ​ចេញថត​រឿង​នោះ តម្លៃ​ខ្លួន​របស់​អ្នកនាង​ក៏ខ្ពស់មិនធម្មតា​។ អ្នកនាង​ថា​​​​អ្នក​រកទីផ្សារ​​​​​​អោយ​អ្នកនាង​​ដើម្បី​​បានថត​ក្នុង​រឿង​​​ហូលីវូដ​ថ្មី​នោះ បាន​ប្រាប់​អ្នកនាង​ថា​​​​​​​​​​តម្លៃ​ខ្លួន​​អ្នកនាង​នឹងអាច​ល្អជាង​​​​​​​​រឿង​មុន ​ដោយ​ការ​ថត​​​​ក្រោយពីម៉ោង​​​៥​ល្ងាច​​នឹង​ត្រូវគិត​​​លុយ​ជា​នាទី​តែ​ម្ដង។ 


ឆ្លើយ​តប​នឹង​ព័ត៌មាន​ថា ​អ្នកនាង​ទទួល​បានតម្លៃ​ខ្លួន​ពីអ្នកនាង​អែនជីលីណាជូលី​​​​​​​​​មិនតិច​ជាង​១២​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ថត​រឿង​​ហូលីវូដ​លើកទី​​១ អ្នកនាង​ប្រាប់​​ថា​​​​​សុំ​លាក់។ យ៉ាងណាមិញ​អ្នកនាង​​​ថាក្រោយ​ពី​ថត​ចប់មួយរឿង​នោះជាមួយលោកស្រី​អែនជីលីណាជូលី គឺអ្នកនាង​មាន​ប្រាក់​​ទិញ​ផ្ទះ​មួយ​ល្វែង​​បង់រំលោះ​​នៅ​បុរី​​​ប៉េង​ហួត​​​ផ្លូវជា​សុផារ៉ា ​បើទោះជា​​បានអះអាងថា​​ស្វាមី​ក្មេង​​​​​​​​យក​លុយទៅ​បំផ្លាញ​​​អស់​​ប្រមាណ​​ជាង​​២​ម៉ឺន​ដុល្លារ​អោយ​ស្រី​ក្រោយ និង​​​យក​អស់​ច្រើន​​ពាន់​ដុល្លារ​ទិញ​ម៉ូតូថ្មី និង​ជួយ​​​ដល់​គ្រួសាររបស់​លោក​​នៅ​ខេត្ត​ស្វាយរៀង។ អ្នកនាង​​រំពឹង​ថា​ទទួល​បាន​តម្លៃ​ខ្លួនខ្ពស់សម្រាប់​ការសម្ដែង​ក្នុង​​​​ភាព​យន្ត​ហូលីវូដ​ថ្មី ​​​​ប៉ុន្តែ​អ្នកនាង​ក៏មិនដឹង​ច្បាស់ថា​​​បាន​សម្ដែង​ជា​តួ​ច្រើន​ប្លង់​​ក្នុង​ភាព​យន្ត ឬ​ជា​តួ​កម្រិត​ណា​នៅឡើយទេ ក្នុង​ពេល​​ដែល​ភាពយន្ត​​ថ្មី​នោះ​ អ្នកនាង​ក៏​មិន​ទាន់​ដឹង​ថា​ជា​ភាពយន្ត​ដែល​និយាយ​ពីកម្ពុជា​ដូច​មុន ឬ​និយាយ​ពី​​ប្រទេ​ស​ណា​មួយ​នៅឡើយ។


អ្នកនាង​និយាយថា​​​ខាង​អ្នកជួយ​​ស្វែង​រកទីផ្សារ​នៅ​ហូលីវូដ​អោយខ្លួន​​ បាន​ប្រាប់​អ្នកនាង​ថា​​​អ្នកនាង​បាន​ជាប់​​ជា​​​តួ​មួយរូបក្នុងចំណោម​​តួ​អង្គសំខាន់​នៅ​ក្នុង​រឿង​នោះ ​ទើបតម្រូវអោយ​​អោយ​​​អ្នកនាង​ទៅ​ហ្វឹកហាត់​បន្ថែម​នូវ​ក្បាច់គុន​​តៃ​ក្វាន់ដូ ​បាញ់កាំភ្លើង និង​​ល្បុកតោ ​​​​​​​​​​​​ដោយសារតែ​​​​​​​ការសម្ដែង​នោះ​គឺ​​​មាន​​ប្លង់​​វាយ​តប់ និង​បាញ់​បោះ​​​​​​​​​​​​​​ផង​។ ​​

​អ្នកនាង​ ស្វែង សុជាតា និយាយថា​សប្បាយចិត្ត​ដែល​បានទទួល​ឱកាស​ថត​រឿង​​ហូលីវូដទី២នេះ។