រួមរ័ក្សបាន៤ដង ខាងស្រីសូមសន្យារសងជំងឺចិត្ត ១៥០០ដុល្លារ ព្រោះ


គួរឲ្យអាសូរបុរសអភ័ព្វមម្នាក់នេះដែរ ព្រោះខ្លួនខំរក្សាភក្ដីសេ្នហ៍ជាមួយភរិយាតាំងពីបានឃើញមុខគ្នា ជាគ្រាដំបូងម្ល៉េះ លុះបានរៀបការ និងផ្សំដំណេកបាន៤រាត្រី ខាងស្រីរត់ចោលដោយទូរស័ព្ទមកប្ដី សន្យាសងជំងឺចិត្ត ១៥០០ដុល្លារ។ ករណីបែបនេះពុំបានធ្វើឲ្យបុរសនេះស្ងប់ចិត្តឡើយ ព្រោះគេមិនចង់បានលុយនោះទេ និងសូមប្រកាសតាមអង្គរធំ ថា ទោះជាភរិយាត្រូវសង្សារក្រោយដោះដៃ ឬក៏ធ្លាក់ខ្លួនជាស្រីពេស្យា ក៏ប្ដីនៅតែរងចាំស្រីស្ងួនជានិច្ច… ។
ជាមួយទឹកមុខក្រៀមស្រពោន បុរសអភ័ព្វស្នេហ៍ ឈ្មោះសែស វ៉ាន់ជាង អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិស្ដុកកុម្ភ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ បានរៀបរាប់ដោយក្ដីចុកចាប់ ពើតផ្សារក្នុងឱរ៉ាថា លោកមានឳពុកឈ្មោះ មិន សារឿន អាយុ៦៤ ឆ្នាំ ម្ដាយបង្កើតស្លាប់ និងមានម្ដាយចុង ឈ្មោះហេង សម្បត្តិ អាយុ ៤៤ឆ្នាំ លោកជាកូនទី ៥ ក្នុងចំណោមបងប្អូន៩នាក់ ។ លោករៀនសូត្របានតិចតួច ស្ដួចស្ដើងណាស់ ព្រោះគ្រួសារក្រីក្រ លុះឈប់រៀនអក្សរក៏ទៅរៀនបើកបររថថយន្ដ និងជួលជុលគ្រឿងយន្តដើម្បី យកជំនាញនេះសម្រាប់អនាគត ។ អាយុបាន២០ឆ្នាំ លោកបានចេញទៅធ្វើការនៅប្រទេសថៃ ដើម្បីព្យាយាមសន្សំប្រាក់ទុកការប្រពន្ធ កុំឲ្យអំពល់ទុកដល់ឪពុកម្ដាយ ។ នៅឆ្នាំ២០០៩ លោកបានមកលេងផ្ទះ ជាចៃដន្យ ក៏ជួបនាថក្រមុំម្នាក់ ឈ្មោះ ឈឿងសាមឌី សព្វថ្ងៃអាយុ១៨ឆ្នាំ។ នាងមានឳពុកឈ្មោះរស់នៅភូមិស្ដុកកុម្ភ នេះ តែក៏បានចេញទៅខាងម្ដាយ ឯខេត្តស្វាយរៀង ព្រោះពួកគាត់លេងលះគ្នា ប៉ុន្តែនាង សាមឌីតែងទៅមក មិនចោលឳពុកទេ ។ គ្រាន់តែឃើញវង់ភ័ក្រ្តដ៏ផូរផង់របស់នាងក្រមុំភ្លាម បេះដូងលោកលាន់រញ្ជួយស្ទើរធ្លាយទ្រូង រហូតដល់ដាច់ចិត្តស្ទាក់ផ្លូវ សារភាពសុំស្នេហ៍ពីនាងត្រង់ៗ តែម្ដង ។mmm3

លោកសែស វ៉ាន់ជាង បន្តថា ពេលសួរនោះ នាងសាមឌី បានឆ្លើយទាំងញញឹមអត់ប្រកែកទេ ប៉ុន្តែ លោកនឹងនាងបានជួបគ្នាតែប៉ុន្មានថ្ងៃ ម្ដាយក៏ទូរស័ព្ទហៅនាងទៅខេត្ត ស្វាយរៀងវិញ លោកបានទាំងជូនសង្សារឡើងរថយន្តទៀតផង។ បន្ទាប់មកលោកក៏វិលទៅថៃវិញ ធ្វើការដូចដើម ព្យាយាមសន្សំលុយមករៀបការ រហូតដល់ដើមឆ្នាំ២០១១ ទើបវិលមកស្រុកវិញ ស្របពេលនាង សាមឌីដែលទៅធ្វើការរោងចក្រកាត់ដេរនៅឯភ្នំពេញ ក៏បានមកដល់ផ្ទះឳពុកនាងដែរ លោកបានរំអុកឳពុកម្ដាយអោយចូលស្ដីដណ្ដឹងនាងតាមប្រពៃណី រហូតបានចូលរោងការកាលពីថ្ងៃទី០៩ ខែមីនា ២០១៧ នៅគេហដ្ឋានម្ដាយខាងស្រី ឯខេត្តស្វាយរៀង ។ ទោះបីជាពិធីកាត់នំខេក គ្មាននំអាពាហ៍ពីពាហ៍ដូចគេ ក៏ពិធីករបានឲ្យផ្លែឈើមកជំនួស ដោយសួរលោកតាមមីក្រូថា ចូលចិត្តផ្លែអី? លោកឆ្លើយថា “ផ្លែដូង” លុះសួរទៅប្រពន្ធនាងឆ្លើយថា “ចូលចិត្តផ្លែសាវម៉ាវ”​ ទៅវិញ។ ចម្លើយបញ្ច្រាសទិសគ្នាគ្នានេះ ត្រូវអ្នកតាមដានយល់ថា ជាប្រផ្នូលមិនល្អមួយ ប៉ុន្តែពិធីនេះ បានប្រព្រឹត្តទៅ រហូតដល់ចប់សព្វគ្រប់ ។ រាត្រីផ្សំដំណេកចូលមកដល់ លោកនឹងភរិយាក៏បានស្គាល់រសជាតិផ្អែមត្រជាក់ ហើយសម្គាល់ឃើញថា ភរិយាដូចជាស្រឡាញ់ប្ដីខ្លាំងណាស់ នាងឱបប្ដីអត់របេះទេ ។
បុរសអភ័ព្វស្នេហ៍ បន្តទាំងក្ដុកក្ដួលទៀតថា ផ្សំដំណេកបាន៤រាត្រី លោកបាននាំភរិយាវិលមកខេត្តពោធិសាត់វិញ ប៉ុន្ដែពេលជិះលើឡាន ឃើញតែនាងឆ្លើយឆ្លងទូរស័ព្ទមិនដាច់ ។ លុះទៅដល់ផ្ទះ នៅពេលយប់ ប្រពន្ធនៅតែទូរស័ព្ទមិនឈប់ លុះលោកទៅឈរស្ដាប់ នាងចេះតែគិតទៅនិយាយក្បែររបង ។ ជាចុងក្រោយ ដោយលោកចេះតែព្យាយាមតាមស្ដាប់ ប្រពន្ធក៏បើកទូរស័ព្ទអោយឮខ្លាំងៗតែម្ដង ទើបលោកដឹងថានាងកំពុងឆ្លើយឆ្លងជាមួយបុរសម្នាក់នៅភ្នំពេញ ប៉ុន្ដែទោះជាបានឮយ៉ាងណាក្ដី ក៏លោកមិនហ៊ានស្ដីបន្ទោសនាងទេ ព្រោះកំពុងស្រឡាញ់ បានត្រឹមពោលពាក្យផ្អែមល្អែម កុំឲ្យនាងរត់ចោលប្ដីតែប៉ុណ្ណោះ ។ យប់នោះ នាងមិនឲ្យលោកប៉ះពាល់ទេ ដោយប្រាប់ថាឈឺក្បាល លុះព្រឹកឡើងនាងបានសុំលោកទៅបើប្រាក់ខែ និងបង្ហួសទៅយកលុយចំណងដៃមិត្តភក្ដិដែលនាងប្រាប់ការគេ តែគេមិនបានទៅ ។ លោកក៏ឌុបម៉ូតូជូននាងឡើង រថយន្តទាំងអាល័យ ស្រាប់តែនាងទៅបាត់រហូត មិនឃើញវិលវិញទេ លុះដល់ថ្ងៃទី១៥ មីនា ២០១៧ នាងបានទូរស័ព្ទមកប្រាប់លោកថា យើងអស់និស្ស័យនឹងគ្នាហើយ មិនអាចរួមរស់ជាមួយគ្នាបានឡើយ នាងសុខចិត្តសងជំងឺចិត្តដល់លោក ចំនួន១៥០០ដុល្លារ ដើម្បីផ្ដាច់សម្ព័ន្ធមេត្រី ។ ដំណឹងនេះធ្វើអោយលោកឈឺចិត្ត ស្ទើរនឹងបោកក្បាលអោយស្លាប់ ព្រោះបើនាងមិនស្រឡាញ់ប្ដី ហេតុអ្វីក៏ព្រមរៀបការ? លោកជឿថា ទំនងជានាងចាញ់បោកប្រុសម្នាក់នោះហើយ ធ្វើឲ្យលោកគិតអ្វីមិនធ្លុះមិនធ្លាយ ក៏យកស្រាបំបាត់ទុក ។ លោកក៏នៅតែអាណិតស្រឡាញ់ ប្រពន្ធជានិច្ច និងសូមផ្ដាំថា “ទោះអូនចាញ់បោកគេ ក្លាយជាស្រីពេស្យាផ្កាមាស ក៏បងមិនដាច់ចិត្តដែរ នៅតែរងចាំអូនវិលវិញជានិច្ច” ។

ដោយឡែក បុរសចំណាស់ ជាឳពុកខាងស្រី (សុំមិនឲ្យថត និងមិនប្រាប់ឈ្មោះ) បានរៀបរាប់ថា លោកខឹងខ្លាំងណាស់ មិនគួរកូនស្រីបំបាក់មុខ ព្រោះគាត់នឹងដន្លងរាប់អានគ្នាណាស់ ឯកូនប្រសារក៏ស្លូតបូត ។ ឥឡូវមានតែលោកនឹងម្ដាយនាង (ប្រពន្ធដើម) រកលុយ១៥០០ដុល្លារសងទៅគេ ព្រោះកូនស្រីនោះរត់ចោលប្ដី ។
អ្នកស្រីហេង សម្បត្តិ អាយុ​៤៤ឆ្នាំ ជាម្ដាយចុងលោក វ៉ាន់ជាង បានឲ្យដឹងថា គាត់ស្រឡាញ់កូនប្រុសនេះ ដូចកូនបង្កើតអីចឹង ធ្លាប់ណែនាំកូនឲ្យរកប្រពន្ធ ដែលមានអត្តចរិកត្រឹមត្រូវ ដឹងអី! គេទៅស្រឡាញ់នាង សាមឌីទៅវិញ ។ ប្រសិនជាខាងស្រី ពិតជាព្រមសងជំងឺចិត្ត ១៥០០ដុល្លារ តាមកិច្ចសន្យា គាត់នឹងរកប្រពន្ធថ្មីអោយកូននេះភ្លាម មិនឲ្យចាញ់ចិត្តគេទេ ។
លោកសុទ្ធ កុសល អាយុ ៣៧ឆ្នាំ ជាអ្នកជិតខាង បានឲ្យដឹងថា តាំងពីប្រពន្ធរត់ចោលមក សែស វ៉ាន់ជាង ស្ទើរតែឆ្គួតវង្វេងទៅហើយ គេថា សុខចិត្តស្លាប់ បើប្រពន្ធមិនវិលវិញ ។ លោកសូមសរសើហើយ នៅតែជាប្ដីមានស្នេហ៍ ភក្ដី កម្ររកបានណាស់ ទោះជាដឹងថា ប្រពន្ធរត់ទៅ ទៅរកប្រុសថ្មី ក៏ប្ដីនៅតែស្នេហ៍ ។

គួរបញ្ជាក់ថា ការឆ្លើយឆ្លងតាមទូរស័ព្ទភ្ជាប់ទំនាក់ទំនងស្នេហា មានប្រសិទ្ធភាពជាងសួរផ្ទាល់មាត់ទៅទៀត ព្រោះវាអាចធ្វើអោយប្ដីភ្លេចប្រពន្ធ ឯប្រពន្ធភ្លេចប្ដី ស្រីសង្សារភ្លេចប្រុសស្នេហ៍នៅឯស្រែ ។ ដូច្នេះរឿងនេះចាត់ទុកជាមេរៀនជីវិត សម្រាប់នារីគ្រប់រូប ពិចារណា កុំឆាប់ទន់ត្រចៀក តាមពាក្យប្រុសព្រានដែលចេះក្បូនវោហរសាស្ត្រ អន្ទង់ស្នេហ៍តាម ទូរស័ព្ទ ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់ ។

ប្រភព៖khmerpowers