ប្រជាជនខ្មែរភាគច្រើន មាន ជំនឿ និងជឿជាក់ទៅការសែនព្រេន និងប្រារព្ធពីធី
សូត្រមន្តរំដោះដែលបានបន្សុលទុក តំាងពីដូនតាសម័យមុន។ជាទូទៅពួកគាត់តែងតែធ្វើពីធីសែនព្រេន រឺ ពិធី
សូត្រមន្ត នៅពេលសមាជិក ក្នុងគ្រួសារ ញ្ញាតិមិត្តបងប្អូន ដែលមានអាការះមិនស្រួលក្នុងខ្លួន ធ្វើអោយមានជំងឺ ដែលពួួកគាត់ គិតថាត្រូវអំពើរគេ រឺត្រូវខ្មោចស្រុកខ្មោចព្រៃចូលក្នុងខ្លួនទើប
បណ្តាលមានជំងឺ។ ពួកគាត់តែងនិមន្តព្រះសង្ឃដើម្បីសូត្រមន្តរំដោះគ្រោះអោយអ្នកជំងឺដើម្បីអោយបានជាសះស្បើយឡើងវិញ។
ខាងក្រោមនេះគឺជារបៀបក្នុងការរៀបរណ្ដាប់តាមបែបបុរាណដែលត្រឹមត្រូវ៖
ទី១ ត្រូវរៀបគ្រឿងពុទ្ធបូជា មានដូចជាបាយសីប៉ាក់ឆាមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀនប្រាំ ធូបប្រាំ លាជប្រាំ ផ្កាប្រាំ។
ទី២ ត្រូវរៀបគ្រឿងទេវតា មានស្លាធម៌៨ ទឹកអប់៨ ដោយរៀបដាក់សងខាងខ្លួនអ្នកជំងឺម្ខាង៤។
ទី៣ ត្រូវធ្វើពែមួយ ដែលគេអោយឈ្មោះថាជាពែមឈូស។ វាមានបណ្ដោយប្រវែងមួយហត្ថអ្នកជំងឺ ទទឹង ប្រវែងមួយចំអាមអ្នកជំងឺ ហើយត្រូវរៀបដាក់បាយ សម្ល ញ៉ាំ ភ្លា នំចំណីក្នុងពែនោះ។ បន្ទាប់មកសូនរូបមួយដោយម្ស៉ៅគឺជារូបស្នងខ្លួនរបស់អ្នកជំងឺសម្រាប់ដាក់រៀបក្នុងពែនោះ។ មិនតែប៉ុណ្ណោះក៏ត្រូវមានស្បូវស្ងួតមួយក្ដាប់ទុកគ្រាន់ដុតរូបនោះផងដែរ។
ទី៤ ត្រូវត្រៀមសំពត់ប្រវែង៤ហត្ថនៃអ្នកជំងឺ និង មានវាល់អង្ករដោយចានតូចៗចំនួនស្មើនឹងអាយុរបស់អ្នកជំងឺផងដែរ។ ហើយបើមានសេស ខែ ថ្ងៃ ប៉ុន្មាន អោយវាល់ប៉ុណ្ណោះដាក់ទៅទៀត។ បន្ទាប់មក ត្រូវវាល់ទឹកអប់ចំនួនដូចគ្នានេះ ដាក់ក្នុងផ្ដិលធំមួយ និង មានពូនភ្នំខ្សាច់មួយពូនដាក់នៅថាសផងដែរ។
ទី៥ របស់របរដែលបានរៀបចំខាងលើ ត្រូវយកទៅរៀបដាក់នៅខាងមុខកន្លែងព្រះសង្ឃសូត្រមន្ត។ លុះលោកសូត្រមន្ត និង អាចារ្យរៀបចំសែនព្រេនអោយចៀសគ្រោះថ្នាក់រួចហើយនោះ ត្រូវយកភ្លើងអុជស្បូវហើយដុតលើរូបស្មូនម្ស៉ៅនោះ ដើម្បីជាឧបកិច្ចថាបានដុតអ្នកជំងឺនោះហើយ។ ចុងក្រោយ ត្រូវជូនពែនោះទៅតាមទិស នោះអ្នកជំងឺនឹងបានជាសះស្បើយដូចដើម។
ប្រភព៖ សៀវភៅទំនៀមទម្លាប់ និង ពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ និង សប្បាយ






