ទោះ​អូន​ពិការ​ក៏​បង​នៅ​តែ​ស្នេហ៍ ហេតុ​អ្វី​ទីបំផុត​បង​ធ្វើ​បែបនេះ​?


រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ពិការ​ជើង​ម្នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​និង​បុរស​ម្នាក់​ជា​យូរ​មក​ហើយ បែរជា​ប្រុស​ព្រាន​នេះ​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​ទៅ​រក​នាង ហើយ​លួងលោម​ខ្ចី​ម៉ូតូ​ស្កូ​ប​ពី​របស់​នាង​ទៅ​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​ប្លុក​ផ្ទះ​ជួល​អតីត​ឡឥដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
នារី​រង​គ្រោះ​ឈ្មោះ ជុ​យ ចាន់​ណា អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អូរ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 9530 មិន​ចាំ​លេខ​រៀង​អក្សរ​ខាង​មុខ​ឡើយ​។ ចំណែក​បុរស​ដែល​បោក​នាង​ឈ្មោះ ពុន ចំរើន (pun chom rean) អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ក​ហុងដា​ឌ្រី​ម​ស​១២៥ ស៊េរី​ឆ្នាំ​២០១៣ ​១​គ្រឿង ។
ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា កន្លង​មក​ប្រុស​ព្រាន​ខាងលើ​តែងតែ​ខ​លម​ក​សុំ​ស្នេហ៍​ពី​នាង​ជា​បន្តបន្ទាប់ ហើយ​ទោះបីជា​នាង​ប្រាប់​ថា «​អូន​ពិការ​ជើងទេ កុំ​ស្រឡាញ់​អី​» ប៉ុន្តែ​ជន​នោះ​បាន​ឆ្លើយ​ថា «​ទោះជា​អូន​ពិការ​ក៏​បង​នៅ​តែ​ស្រលាញ់​ដែរ​»​។ ហើយ​ជន​នោះ​តែងតែ​ខ​ល​រក​នាង និង​ឧស្សាហ៍​ជួប​គ្នា​ជា​ញឹកញាប់ លុះដល់​ថ្ងៃ​កើតហេតុ​ពេល​ដែល​នាង​នៅ​ក្នុង​បន្ទប់​ជួល ស្រាប់តែ​ជន​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​រក​នាង​ដល់​បន្ទប់​ជួល បន្ទាប់​មក​ខ្ចី​ម៉ូតូ​របស់​នាង​ជិះ​ដោយ​ប្រាប់​ថា ទៅ​រក​ទិញ​អី​ហូប​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ រួច​ក៏​ជិះ​គេចខ្លួន​ន​បាត់​រហូត​តែ​ម្ដង​។ ជន​នោះ​បាន​បន្សល់​ទុក​ម៉ូតូ​ហុងដា​មួយ​គ្រឿង ហើយដោយ​សារ​តែ​មិនដឹង​ថា ម៉ូតូ​នោះ​គឺជា​កម្មសិទ្ធិ​របស់​គេ ឬ​ក៏​ជា​ម៉ូតូ​ដែល​លួច​ពី​កន្លែង​ណា​នោះ ទើប​នាង​បារម្ភ​ខ្លាច​មានការ​ពាក់ព័ន្ធ​បទល្មើស ហេតុនេះ​បានជា​នាង​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ជួយ​អន្តរាគមន៍​តែ​ម្ដង​៕




ប្រភព៖https://kohsantepheapdaily.com.kh/article/163963.html