រាជធានីភ្នំពេញ ៖ សេក្តីរាយការណ៍ឱ្យដឹងថា
ជនសង្ស័យប្រុស-ស្រី២នាក់ (ម្នាក់ជាមេខ្លោង
និងម្នាក់ទៀតជាអ្នកគួកជេរ) រកមនុស្ស ក្នុងករណីជួញដូរក្រលៀន
ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនិតិជនរាជធានីភ្នំពេញធ្វើការស្រាវជ្រាវ
រហូតឈានដល់ការឃាត់ខ្លួន កាលពីថ្ងៃទី២៤ ឧសភា ។
ប្រភពឱ្យដឹងថា
ជនសង្ស័យម្នាក់ឈ្មោះឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ
(ជាមេខ្លោង) មានទីលំនៅក្នុងភូមិព្រែកឯក សង្កាត់ព្រែកឯង
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះអើ ឡាត ភេទស្រី
អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។
ទាក់ទិនការឃាត់ខ្លួនសង្ស័យទាំង២នាក់នេះ
ដោយសារកន្លងទៅ ការិយាល័យធ្លាប់បានទទួលពាក្យបណ្តឹងជាញឹកញាប់
ករណីមានជនល្មើសមួយក្រុម រកស៊ីជួញដូរក្រលៀន
ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរ ទៅដោះដូរនៅប្រទេសឥណ្ឌា ។
ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ
រហូតដល់រសៀលថ្ងៃទី២៤ ឧសភា ឃាត់ខ្លួនស្ត្រីម្នាក់
នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោងជា៧យប់ថ្ងៃដដែល
ចាប់បានម្នាក់ទៀតប្រុសជាមេខ្លោង នៅម្តុំស្តុបបូកគោ
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយពេលចាប់ខ្លួន
ជនសង្ស័យបានសារភាពថា ពួកគេគឺជាអ្នកជួញដូរក្រលៀនពិតប្រាកដមែន ។
ប្រភព៖https://kohsantepheapdaily.com.kh/article/164482.html



