ឈឺ​ចិត្ត​ ចង់​ហែក​គុក​ ខឹង​ឪពុក​ម្ដាយ​មិន​មក​លេង ទី​បំផុត​ម្ដាយ​មក ទើប​ដឹង​រឿង​រ៉ាវ​ដ៏​ខ្លោច​ចិត្ត


នេះ​គឺ​ជា​រឿង​ពិត​ពី​មាត់​អ្នក​ទោស​ម្នាក់​នៅ​ប្រទេស​ចិន ឈ្មោះ ចាង​ឈាង ដែល​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​ករណី​ចាប់​រំលោភ។ ពេល​ជាប់​ឃុំ​បាន​គម្រប់​មួយ​ឆ្នាំ ចាង​ឈាង ក៏​ភ្ញាក់​ខ្លួន​ថា​មួយ​ឆ្នាំ​កន្លង​មក​នេះ​គ្មាន​មិត្តភ័ក្ដិ​ឬ​សាច់​ញាតិ​ណា​ម្នាក់​មក​មើល​គេ​សូម្បី​តែ​ម្នាក់ ខុស​ពី​មិត្តភ័ក្ដិ​អ្នក​ទោស​ដទៃ​ទៀត​ដែល​មាន​អ្នក​មក​លេង​ជា​ប្រចាំ អ្នក​ខ្លះ​ក៏​មាន​ទាំង​ម្ហូប​អាហារ​ នំ​ចំណី របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ​មក​ឲ្យ​ទៀត​ ធ្វើ​ឲ្យ ចាង មាន​អារម្មណ៍​តូច​ចិត្ត​នឹង​ឪពុក​ម្ដាយ​ខ្លួន​ឯង ទើប​សរសេរ​សំបុត្រ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​ជា​ច្រើន​ច្បាប់ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​សំបុត្រ​ឆ្លើយ​តប​ពី​ពួក​គាត់​សោះ។

ចាង គិត​ថា​គេ​ប្រាកដ​ជា​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ហើយ ដូច្នេះ​ក៏​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​លា​ឪពុក​ម្ដាយ​ម្ដង​ទៀត​ជា​លើក​ចុង​ក្រោយ ដោយ​ប្រាប់​ថា​ប្រសិន​បើ​ពួក​គាត់​មិន​មក​រក​គេ​ទេ សំបុត្រ​មួយ​ច្បាប់​នេះ​ចាត់​ទុក​ថា​ជា​សំបុត្រ​ចុង​ក្រោយ​ហើយ​ ពុក​ម៉ែ​អាច​នឹង​លែង​បាន​ឃើញ​មុខ​កូន​ប្រុស​ម្នាក់​នេះ​ត​ទៀត​រហូត...
ការ​ពិត​​ទៅ​ ចាង និង​មិត្តភ័ក្ដិ​បាន​រួម​គំនិត​គ្នា​រៀប​ចំ​ផែន​ការ​រត់​ចេញ​ពី​គុក​មួយ​រយៈ​ហើយ គ្រាន់​តែ​គេ​មិន​ទាន់​ចូល​ដៃ​ធ្វើ ប៉ុន្តែ​នៅ​ពេល​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​បែប​នេះ ធ្វើ​ឲ្យ​គេ​គិត​ថា​លែង​មាន​អ្វី​ត្រូវ​បារម្ភ​ឬ​ខ្វល់ខ្វាយ​ទៀត​ហើយ។ គេ​ក៏​សម្រេច​ចិត្ត​នឹង​ហែក​គុក​ចេញ​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​មុន​ ចាង និង​មិត្តភ័ក្ដិ​ចាប់​ផ្ដើម​ដំណើរការ​ផែនការ ម្ដាយ​របស់ ចាង​ ក៏​លេច​មុខ​មក​ជួប​កូន​ល្មម។ នៅ​ពេល​​បាន​ជួប​នឹង​ម្ដាយ ដែល​មិន​បាន​ឃើញ​មុខ​គ្នា​ពេញ​មួយ​ឆ្នាំ គេ​ក៏​ចាំ​ម្ដាយ​ស្ទើរ​មិន​បាន ម្ដាយ​គេ​ផ្លាស់​ប្ដូរ​ច្រើន​ខ្លាំង​ណាស់ សក់​របស់​គាត់​ប្រែ​ជា​ស្កូវ​ស​ពេញ​ក្បាល ទាំង​អាយុ​ទើប​តែ​៥០ឆ្នាំ​ជាង​ប៉ុណ្ណោះ ថែម​ទាំង​មាន​រាង​ស្គម​កំព្រឹង​ សំលៀកបំពាក់​ជាប់​ខ្លួន​ចាស់ ដាច់​រហែក​រយ៉ៃ ស្បែក​ជើង​សឹក​ស្ទើរ​តែ​ពាក់​លែង​កើត។ សភាព​ម្ដាយ​របស់​ចាង​នៅ​ពេល​នោះ​គឺ​មិន​ខុស​ពី​ជន​អនាថា​ឬ​អ្នក​សុំ​ទាន​តាម​ផ្លូវ​នោះ​ឡើយ។
នៅ​ពេល​ពីរ​នាក់​ម្ដាយ​កូន​បាន​មក​អង្គុយ​ជាមួយ​គ្នា​ក្នុង​បន្ទប់​សួរ​សុខ​ទុក្ខ​អ្នក​ទោស នៅ​សុខ​ៗ ទឹក​ភ្នែក​ក៏​ហូរ​ចេញ​មក​លើ​ផ្ទៃ​មុខ​ម្ដាយ​របស់ ចាង។ ម្ដាយ​និយាយ​ថា "ម៉ែ​បាន​ទទួល​សំបុត្រ​កូន​ហើយ កុំ​យក​ទោស​យក​ពៃរ៍​​ម៉ែ​អី​​ដែល​ម៉ែ​មិន​មក​មើល​ឯង ពេល​នេះ​ពុក​ឯង​ឈឺ​ធ្ងន់​ណាស់ ម៉ែ​ត្រូវ​មើល​ថែ​ពុក​ឯង គុក​នេះ​ក៏​នៅ​ឆ្ងាយ​ពី​ផ្ទះ​យើង​ទៀត...”
នាយ​ចាង​សង្កេត​ឃើញ​បាត​ជើង​របស់​ម្ដាយ​ពោរពេញ​ទៅ​ដោយ​ស្នាម​របួស និង​មាន​ឈាម​ចេញ ព្រម​ទាំង​ដូច​ជា​ហើម​ទៀត គេ​ក៏​បាន​សួរ​ម្ដាយ​ថា "ម៉ែ... ជើង​ម៉ែ​កើត​អី? ម៉ែ​ធ្វើ​អ្វី​ខ្លះ​បាន​ជា​មើល​ទៅ​ទ្រុឌទ្រោម​យ៉ាង​នេះ??”
ភ្លាម​នោះ​អ្នក​យាម​គុក​ក៏​ឆ្លើយ​ឡើង​ថា "ម្ដាយ​​ឯង​ដើរ​មក​ពី​ផ្ទះ​រាប់​រយ​គីឡូ ស្បែក​ជើង​ក៏​ត្រូវ​មាន​សភាព​បែប​នេះ​ហើយ"។ ចាង​ស្លុត​ចិត្ត​ជា​ខ្លាំង​ដែល​ដឹង​ថា​ម្ដាយ​ដើរ​មក ដោយ​ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​មក​ដល់​ពន្ធនាគារ​នេះ​សរុប​គ្នា​គឺ​​ចូល​ខ្ទង់​រយ​គីឡូ​ម៉ែត្រ ថែម​ទាំង​ជា​ផ្លូវ​ចុះ​ភ្នំ​ឡើង​ភ្នំ​ថែម​ទៀត។ ចាង ចាប់​ផ្ដើម​រលីងរលោង​ទឹក​ភ្នែក​ សម្លឹង​មើល​ជើង​របស់​ម្ដាយ ហើយ​ក៏​និយាយ​ថា "ម៉ែ ហេតុ​អី​​ម៉ែ​មិន​ជិះ​ឡាន​ឈ្នួល​មក ហើយ​ហេតុ​អី​បាន​ពាក់​តែ​ស្បែក​ជើង​មួយ​គូ​អីចឹង?”
ម្ដាយ​ចាង​ប្រញាប់​ដក​ជើង​លាក់​ក្រោម​តុ ហើយ​ក៏​និយាយ​ថា "មិន​បាច់​ជិះ​ឡាន​អី​មក​ទេ គ្រាន់​តែ​ដើរ​មក​បាន​ហើយ ឆ្នាំ​នេះ​មាន​ជំងឺ​ឆ្លង​ ជ្រូក​ដែល​ផ្ទះ​យើង​ចិញ្ចឹម​ទុក​ងាប់​អស់ ចំណែក​ពុក​ឯង​ឈឺ​ធ្ងន់ ម៉ែ​ត្រូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ព្យាបាល​គាត់ ពុក​ឯង​សុខភាព​មិន​សូវ​មាំទាំ​ទេ​ទើប​មិន​បាន​មក​រក​ឯង​ថ្ងៃ​នេះ ការ​ពិត​ពុក​ម៉ែ​ចង់​មក​លេង​កូន​យូរ​ហើយ តែ​ដោយ​សារ​លុយ​មិន​គ្រប់ កូន​កុំ​ទាន់​អាល​ខឹង​ពុក​ម៉ែ...”
ចាង​ក៏​សួរ​ថា "ចុះ​ពុក​ពេល​នេះ​យ៉ាង​ម៉េច​ហើយ?” ម្ដាយ​របស់​គេ​ស្ងាត់​មួយ​ស្របក់​ ទើប​និយាយ​មួយ​ៗ​ថា "ពុក​ជិត​ជា​ហើយ គាត់​ផ្ដាំ​ឲ្យ​មក​ប្រាប់​ថា​មិន​បាច់​បារម្ភ​ពី​គាត់​ច្រើន​ទេ ឲ្យ​ឯង​មើល​ថែ​ខ្លួន​​និង​ពិចារណា​កំហុស​ដែល​ឯង​បាន​ធ្វើ​ឲ្យ​បាន​ល្អ​ទៅ​បាន​ហើយ"។
​ភ្លាម​នោះ​សំឡេង​ជួង​ក្រៅ​បន្ទប់​ក៏​បន្លឺ​ឡើង​បញ្ជាក់​ថា ពេល​វេលា​សួរ​សុខទុក្ខ​អ្នក​ទោស​អស់​ហើយ ឆ្មាំ​គុក​ក៏​ចូល​មក​តឿន​អ្នក​ទាំង​ពីរ​ឲ្យ​ចាក​ចេញ ដោយ​និយាយ​ថា "មិន​បាច់​យំ​សោក​ទេ​យាយ ម្ដាយ​មក​មើល​កូន​ជា​រឿង​ល្អ​តើ ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ទៅ នេះ​ជា​ស្បែក​ជើង​សម្រាប់​ថ្មី​ដែល​ពួក​ខ្ញុំ​ត្រៀម​ឲ្យ​ ពាក់​ស្បែក​ជើង​នេះ​ពេល​ទៅ​ផ្ទះ កុំ​បណ្ដោយ​ឲ្យ​ជើង​ឈឺ​អីចឹង ហើយ​វេច​អី​មក​ផ្ញើ​កូន​ច្រើន​ម្ល៉េះ ច្រើន​គួរ​ឲ្យ​សង្ស័យ​ណាស់ ​ឲ្យ​ខ្ញុំ​សុំ​ឆែក​មើល​បន្តិច​សិន...”។
អ្នក​យាម​គុក​និយាយ​មិន​ទាន់​ចប់​ផង រំពេច​នោះ​បង្វេច​ចាស់​ជាប់​ខ្លួន​របស់​លោក​យាយ​ក៏​ធ្លាក់​ខ្ចាយ​លើ​កម្រាល​ឥដ្ឋ។ ម្ហូប​អាហារ​ក្នុង​នោះ​ហាក់​មើល​មិន​យល់​ថា​អ្វី​ជា​អ្វី និង​មាន​ទាំង​អាហារ​កំប៉ុង​បន្តិច​បន្តួច ដែល​មិន​បាច់​ប្រាប់​ក៏​អាច​ដឹង​ថា​ អាហារ​ចាស់​ៗ​ទាំង​នេះ ម្ដាយ​ចាង​បាន​រើស​តាម​ផ្លូវ និង​តាម​ធុង​សំរាម។ ក្នុង​នោះ​ក៏​មាន​ក្រឡ​កែវ​ថ្លា​មាន​ដាក់​អ្វី​ម្យ៉ាង​ដូច​ជា​ដី​ខ្សាច់​នៅ​ខាង​ក្នុង​ធ្លាក់​មក​ជាមួយ​ផង។ ម្ដាយ​ចាង​ក៏​ប្រញាប់ប្រញាល់​​រើស​ក្រឡ​នោះ​មក​ឱប។ ឆ្មាំ​គុក​ឃើញ​ដូច្នេះ​ក៏​សួរ​ថា "យាយ ក្នុង​ក្រឡ​នេះ​មាន​អី?” ម្ដាយ​ចាង​និយាយ​ថា​គ្មាន​អ្វី​ទេ។
តែ​ភ្លាម​នោះ​ម្ដាយ​ចាង​ក៏​ទ្រោប​ខ្លួន​អង្គុយ​លើ​ឥដ្ឋ និង​និយាយ​ទាំង​យំ​ថា "នេះ​គឺ​ធាតុ​របស់​ពុក​ឯង ពុក​ឯង​ធ្វើ​ការ​ធ្ងន់​ណាស់​ដើម្បី​សន្សំ​លុយ​ទុក​ធ្វើ​ដំណើរ​មក​មើល​ឯង គាត់​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ឈឺ​ស្លាប់​ប៉ុន្មាន​ខែ​មុន​នេះ... មុន​ស្លាប់​គាត់​បាន​ប្រាប់​​ឲ្យ​យក​ធាតុ​គាត់​មក​លេង​ឯង​ផង ចាត់​ទុក​ថា​ជា​ការ​សួរ​សុខ​ទុក្ខ​លើក​ចុង​ក្រោយ ពុក​ឯង​ទៅ​ដល់​សុគតិភព​ហើយ...”។
ចាង​ទន់​ខ្លួន​ លត់​ជង្គង់​ចុះ​លើ​កម្រាល​ឥដ្ឋ​ ហើយ​និយាយ​ថា "ពុក​អ្ហើយ កូន​នឹង​កែ​ខ្លួន!!” ចាង​និយាយ​តែ​ពាក្យ​ដដែល​ៗ​ជា​ច្រើន​ដង ព្រម​ទាំង​ស្រែក​យំ​ឮ​ៗ សំឡេង​របស់​គេ​លាន់​រំពង​ពេញ​ពន្ធនាគារ។
មិន​ថា​កូន​ធ្លាប់​ធ្វើ​ខុស​យ៉ាង​ណា ប៉ុន្តែ​ក្ដី​ស្រឡាញ់​ពី​អ្នក​ជា​ឪពុក​ម្ដាយ​ក៏​មិន​មាន​ថ្ងៃ​ប្រែប្រួល មិន​ថា​យ៉ាង​ណា អ្នក​នៅ​តែ​ជា​កូន​របស់​ពួក​គាត់... ពេល​ខ្លះ... អ្នក​អាច​មាន​អារម្មណ៍​ធុញ​ទ្រាន់​​នឹង​សំឡេង​រអ៊ូ​របស់​ពួក​គាត់ ពេល​ខ្លះ... ពួក​គាត់​អាច​នឹង​និយាយ​ច្រើន លើសលស់​បន្តិច តែ​ត្រូវ​ចាំ​ទុក​ថា​នៅ​លើ​លោក​នេះ មិន​មាន​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ​បាន​ស្មើ​ពួក​គាត់​នោះ​ឡើយ ដូច្នេះ​​មុន​ដាក់​ចិត្ត​ធ្វើ​អ្វី​មួយ​មិន​ល្អ សូម​គិត​ដល់​ពួក​គាត់ ព្រោះ​ថា​បើ​អ្នក​បំផ្លាញ​ខ្លួន​ឯង ក៏​មិន​ខុស​ពី​បំផ្លាញ​ទឹក​ចិត្ត និង​ជីវិត​ទាំង​មូល​របស់​ពួក​គាត់​ដូច្នោះ​ដែរ... ៕

ប្រភព៖ Liekr

ប្រែសម្រួលៈ ស្វាយ វ៉ាន់ថន