បណ្ឌិត​ ម៉ុង​ ឫទ្ធី​ សហប្រធាន​ ២០​ឆ្នាំ​ មិន​ដែល​ទទួល​ប្រាក់​ខែ​ រង​តែ​ការ​ស្ដី​បន្ទោស

ឧកញ៉ា​បណ្ឌិត​ ម៉ុង​ ឫទ្ធី​ ដែល​ជា​សហ​ប្រធាន​ក្រុម​ការងារ​កសិកម្ម​ កសិឧស្សាហកម្ម​ បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​បាន​បម្រើ​ការងារ​ជា​សហប្រធាន​នេះ​ជាង​ ២០​ឆ្នាំ ​កន្លង​ទៅ​ហើយ​ មិន​ដែល​ទទួល​បាន​ប្រាក់​ខែ​ឬ​ប្រាក់​ចំណូល​ពី​ការងារ​នេះ​នោះ​ទេ​ បាន​ត្រឹម​តែ​ទៅ​អង្គុយ​ឱ្យ​គេ​ថា​ឱ្យ​ស្រេច​តែ​នឹង​ចិត្ត។


ការ​លើក​ឡើង​ដូច្នេះ​ក៏​ព្រោះ​តែ​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​លោក​ខ្លាំងៗ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​វិស័យ​ឯក​ជន​ ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពុំ​ទទួល​ដំណោះ​ស្រាយ​សមស្រប​ណាមួយ​សម្រាប់​ប្រជាកសិករ​។
លោក​ឧកញ៉ា​បាន​បន្ត​ពន្យល់​ថា​ "ពូ​សុំ​អភ័យ​ទោស​ដែល​មិន​អាច​ជួយ​ដល់​អ្នក​ទាំង​អស់​គ្នា​បាន​ ពូ​ដឹង​ហើយ​ថា​មិន​មែន​តែ​កសិករ​ខ្នាត​តូច​ មធ្យម​ទេ​ដែល​ត្រូវ​ដួល​រលំ​ សហគ្រាស​ខ្នាត​ធំ​ក៏​ត្រូវ​តែ​ដួល​រលំ​ដែរ​ បើ​លក់​ជ្រូក​មួយ​ក្បាល​ខាត​ពី​ ៣០-៥០ដុល្លារ ទៅ​ហើយ​នោះ​ កសិករ​ដែល​ជា​អ្នក​ដាំ​ដំឡូងមី​ ពោត​ សណ្ដែក​ ស្រូវ​ដែល​ធ្លាប់​តែ​ដឹក​កសិផល​របស់​ខ្លួន​យក​មក​លក់​ឱ្យ​រោងចក្រ​ផលិត​ចំណី​សត្វ​ ក៏​ត្រូវ​ប្រឈម​នឹង​អត់​មាន​អ្នក​ទិញ​ដែរ ​បើ​រោង​ចក្រ​ត្រូវ​បិទ​ទ្វារ​ទៅ​ហើយ​នោះ"​ ។
ឧកញ៉ា​ ម៉ុង​ ឫទ្ធី​ ក្នុង​នាម​ជា​សហប្រធាន​ក្រុម​ការងារ​កសិកម្ម​ កសិឧស្សាហកម្ម​ បាន​ដឹកនាំ​វិស័យ​ឯកជន​ជួប​ប្រជុំ​រក​ដំណោះ​ស្រាយ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ និង​ស្ថាប័ន​ពាក់ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​១៦​ ឧសភា​ កន្លង​ទៅ​ ប៉ុន្តែ​កិច្ច​ប្រជុំ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​គ្មាន​ដំណោះ​ស្រាយ​សមស្រប​ណាមួយ​ជូន​ប្រជាកសិករ​នោះ​ទេ៕ 




ប្រភព៖http://news.sabay.com.kh/article/934699#utm_campaign=fb