សម័យ​ស្រី​សន្ធរ



សម័យ​ស្រី​សន្ធរ (១៥៩៤-១៦១៨) វា​ជា​សម័យកាល​មួយ​ចាប់ផ្ដើម​ពី​ការ​បែក​បន្ទាយលង្វែក ពេល​នោះ​ប្រទេស​ខ្មែរ​បាន​ធ្លាក់​ក្នុង​ចលាចល ពួក​សៀម​បាន​ចាប់​រាជវង្សានុវង្ស​ខ្មែរ​ទៅ​ឃុំ​ទុក​នៅ​ស្រុក​វា​អស់​។ បន្តបន្ទាប់​មក​ពួក​ស្ដេចត្រាញ់​ក្នុង​តំបន់​បាន​ឆ្លៀតឱកាស​ក្នុង​ភាព​វឹកវរ ហើយ​ក៏​បាន​លប​វាយឆ្មក់​យក​បន្ទាយលង្វែក​ពី​ពួក​សៀម​មក​វិញ​បាន​ហើយ​ក៏​តាំង​រាជធានី​នៅ​ស្រី​សន្ធរ​។ ស្ដេច​ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ ព្រះ​នាម ព្រះ​រា​មា​ជើងព្រៃ ជា​ស្ដេចត្រាញ់​មួយ​អង្គ​។

ព្រះរាជា​កម្ពុជា ព្រះ​បរម​ឥន្ទរាជា (​ព្រះ​ស​ត្ថា​) បាន​ភៀស​ព្រះ​អង្គ​ចេញពី​បន្ទាយលង្វែក តាំង​តែ​ពី​មុន​ពេល​ដែល​សៀម​វាយលុក​ចូល​មក ដោយ​ទុក​ឱ្យ​ព្រះ​ឧភយោរាជ ស្រី​សុរិយោ​ពណ៌ ដែល​ទើប​វាយ​សៀម​ឈ្នះ​នៅ​អ​ម្រិ​ត​បូរ (​បរិបូណ៌​) នៅ​ការពារ​រាជធានី​។ ទ្រង់​បាន​យាង​ជាមួយនឹង​ព្រះរាជ​វង្ស​ទាំងអស់​កាត់​ទៅ​រក​ព្រះរាជបុត្រ​ច្បង ព្រះ​ជ័យ​ជេដ្ឋា ដែល​រង​ការ​គាបសង្កត់​ពី​ទ័ព​សៀម​មក​ពី​ទិស​ខាងត្បូង ហើយ​បាន​វាយ​ដកថយ​ទៅ​កាន់​ស្រី​ស​ឈរ (​បច្ចុប្បន្ន​ស្រី​សន្ធរ​) ជាមួយនឹង​ព្រះ​អនុជ​ចៅពញា​តន់ និង​ពួក​អឺរ៉ុប​២​នាក់​ផង​។

គង់នៅ​ស្រី​ស​ឈរ​បាន​បន្ដិច ព្រះរាជ​វង្សានុវង្ស​យល់​ឃើញ​ថា សុវត្ថិភាព​នៅ​ទី​នេះ​មិនល្អ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្ទឹង​ត្រែង​។ ទីកន្លែង​ត្រង់នេះ ប្រហែល​មិនមែន​ជា​ទឹកដី​របស់​លាវ​ទេ​មើលទៅ​នា​សម័យ​នោះ ប៉ុន្ដែ ក៏​ប្រហែលជា​គ្មាន​ទំនាក់ទំនង​អ្វី​ធំដុំ​ជាមួយ​កម្ពុជា​ដែរ ព្រោះ​នៅ​ឆ្ងាយ គឺ​នៅ​ពី​ខាងជើង​ជួរ​សម្បុក​សម្បូរ និង​ព្រះ​តា​ពាង (​ប៉ា​តាង​) ទៅ​ទៀត ម្យ៉ាងទៀត អ្នកស្រុក​ភាគច្រើន​ជា​ជនជាតិ​លាវ​ផង​។
បើ​តាម​រាជពង្សាវតារ​បាន​លើក​មូលហេតុ​ផ្សេង​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ស្ទឹង​ត្រែង​នេះ ដោយ​លើក​ឡើង​ថា មាន​ព្រះ​វង្ស​មួយ​អង្គ​ព្រះ​នាម​ថា ព្រះ​រា​មា​ជើងព្រៃ មាន​បំណង​ដណ្ដើម​យក​មហាក្សត្រី​យ​ព្រះ​ភគវតី​ស្រី​ចក្រពត្ដិ ជា​ព្រះ​ជាយា​ទី​១​របស់​ព្រះ​ស​ត្ថា ធ្វើ​ឱ្យ​ស្ដេច​អង្គ​នេះ​ភ័យ​បារម្ភ​ចំពោះ​ព្រះ​ក្ស​ត្រី​យ ក៏​នាំ​គ្នា​រត់​ភៀស​ព្រះ​កាយ​ទៅ​ស្ទឹង​ត្រែង​ទៅ ដើម្បី​បាន​គេច​ផុត​ពី​គោលបំណង​អាក្រក់​របស់​ព្រះ​រា​មា​ជើងព្រៃ​ផង និង​បាន​គេច​ផុត​ពី​ទ័ព​សៀម ដែល​ធ្វើ​ដំណើរ​មក​ដល់​ទន្លេមេគង្គ​រួច​ទៅ​ហើយ​ផង​។
ពេល​នោះ ព្រះ​ទេវី​ក្ស​ត្រី​យ ជា​ព្រះ​មាតុច្ឆា​របស់​ព្រះរាជា មិន​បាន​យាង​ទៅ​តាម​ព្រះរាជា​ទេ តែ​បាន​ភៀស​ព្រះ​កាយ​ចេញពី​ស្រី​សន្ធរ​ទៅ​គង់នៅ​ឯ​ភ្នំ​ពាម​ជាំ​ង ជាមួយ​រាជបុត្រា​របស់​ព្រះ​ស​ត្ថា គឺ​ចៅពញា​តន់ និង ចៅពញា​យោ​ម ហើយ​និង​នាម៉ឺន​ដែល​ស្មោះត្រង់​មួយ​ចំនួន ។ ចំណែកឯ ឌី​យឺ​ហ្គោ​បែ​ឡូ​សូ និង​មិត្ដភក្ដិ​របស់​គេ​វិញ ដែល​ទើបតែ​ត្រលប់​មក​ពី​ម៉ានីល ប្រហែលជា​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​ឧភយោរាជ និង​ព្រះរាជា​នៅ​ឯ​ស្ទឹង​ត្រែង ហើយ​ទាល់តែ​ដល់​ពេល​ក្រោយ​យូរណាស់ គឺ​ពេល​ដែល​ទ័ព​ឆ្មក់​កម្ពុជា​ដែល​មិន​ទាន់​មានការ​រៀបរយ​ត្រឹមត្រូវ បើក​ការ​វាយប្រហារ​ទៅ​លើ​ទ័ព​សៀម​ដែល​ចង់​ពង្រីក​អំណាច​មក​ទិស​ខាងកើត និង​ខាងត្បូង ទើប​ពួក​នេះ​ត្រលប់​ចុះ​មក​វិញ​ដើម្បី​ចូលរួម​ជាមួយ​។ បេ​ឡូ​សូ ត្រូវ​សៀម​ចាប់​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​នៅ​ក្នុង​ឆ្នាំ​១៥៩៤​។ ចំណែកឯ ប្លា​រូ​ហ្ស៍​-​អង់​តូ​នី​ញ៉ូ​ម៉ាសា​ដូ និង​ប៉ង់​តា​លេ​អុង​ការ​ណៃ​រ៉ូ ត្រូវ​ចាប់ខ្លួន​បាន​ពេល​ក្រោយ​បន្ដិច​នៅ​ក្នុង​ការ​ប្រយុទ្ធ​តាម​នាវា​។
ព្រះ​ឧភយោរាជ​ព្រះ​ស​ត្ថា និង​ព្រះរាជា​ជ័យ​ជេដ្ឋា បាន​សុគត​នៅ​ក្នុង​ឆ្នាំ​១៥៩៤ នៅ​ឯ​ស្ទឹង​ត្រែង ព្រះ​ស​ត្ថា​ពេល​នោះ មាន​ព្រះ​ជន្មាយុ​៤១​ព្រះ​វស្សា ទ្រង់​បាន​សោយរាជ្យ ឬ​ដឹកនាំ​ប្រទេស​បាន​១៧​ឆ្នាំ ឯ​ព្រះ​ជ័យ​ជេដ្ឋា​មាន​ព្រះ​ជន្មាយុ​៣០​ព្រះ​វស្សា​ទ្រង់​បាន​សោយរាជ្យ​ក៏​ប៉ុន្ដែ​មិន​បាន​ដឹកនាំ​ប្រទេស​ទេ​អស់​ពេល​១០​ឆ្នាំ​។
បើ​តាម​ការ​និទាន​ត​ៗ​គ្នា​នៅ​សម្បូរ ព្រះ​អដ្ឋិធាតុ​របស់​ស្ដេច​ទាំង​២​អង្គ បាន​ត្រូវ​គេ​នាំ​យក​មក​បញ្ចុះ​នៅ​ក្នុង​ចេតិយ​មួយ​នៅ​ក្នុង​បរិវេណ​វត្ដ​សម្បូរ​។ សម្បូរ​ពេល​នោះ គឺជា​ទីក្រុង​ធំ​មួយ​។
ដោយ​ពិនិត្យ​ឃើញ​ថា​នគរ​គ្មាន​ស្ដេច ហើយ​ពញា​តន់​ក៏​គ្មាន​សមត្ថភាព​នឹង​ឈ្លោះ​ដណ្ដើម​រាជសម្បត្ដិ​បាន ព្រះ​វង្សា​រា​មា​ជើងព្រៃ​ដែល​មាន​ព្រះ​ជន្ម​៥០​ព្រះ​វស្សា​ទៅ​ហើយ បាន​ចាប់ផ្ដើម​ដណ្ដើម​យក​អំណាច​។ ទ្រង់​បាន​ចាប់ផ្ដើម​រជ្ជកាល​របស់​ព្រះ​អង្គ​ដោយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​មោះមុត​ឥត​ខ្លាច​ស្លាប់ គឺ​ទ្រង់​បាន​កេណ្ឌ​ទ័ព​ដោយ​ស្ងាត់កំបាំង រួច​វាយ​ចូល​រាជធានី​ភ្លាម គ្មាន​ឱ្យ​នរណា​ដឹង​ទាន់ សម្លាប់​មេទ័ព​ពញា​មហាមន្ដ្រី​សៀម ដែល​គ្រប់គ្រង​នៅ​ទីនោះ​ជាមួយនឹង​ពល​រេ​ហ៍​សៀម​២​ម៉ឺន​នាក់​។ បន្ទាប់​មក ប្រហែល​ដោយ​ខ្លាច​ពួក​សៀម​វិល​ត្រលប់​មក​វិញ ណាមួយ​រាជធានី​ស្ថិត​នៅ​ជិត​ព្រំប្រទល់​ខែត្រ​បាត់ដំបង និង​អង្គរ ជាទី​ដែល​សៀម​បាន​ដាក់​ទ័ព​ប្រមូលផ្ដុំ​ផង ព្រះរាជា​ក៏​យាង​មក​គង់នៅ​ឯ​ស្រី​សន្ធរ​វិញ ហាក់បីដូច​ថា​ព្រះ​អង្គជា​ព្រះរាជា​ពេញ​សិទ្ធិ មាន​បរិពារ​ហែហម និង​សេវា​បម្រើ​ផ្សេង​ៗ​សម្រាប់​ព្រះរាជវាំង​។
នៅ​ពេល​បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​មរណភាព​របស់​ស្ដេច​ទាំង​ពីរ​អង្គ​ដែល​ជា​អ្នក​គាំពារ​របស់​ខ្លួន បេ​ឡូ​សូ ដែល​នៅ​ជាប់​ក្នុង​ទី​ឃុំឃាំង​របស់​សៀម​មានការ​អស់សង្ឃឹម​ជា​ខ្លាំង​ថា​នឹង​លែង​អាច​វិល​ត្រលប់​មក​ជាន់​ដី​កម្ពុជា​វិញ​ជា​រៀង​រហូត​ហើយ ក៏​យល់ព្រម​បំពេញបេសកកម្ម​ឱ្យ​ស្ដេច​សៀម ដោយ​ធ្វើ​ដំណើរ​ទៅ​ហ្វី​លី​ពី​ន​ស្នើ​សុំ​ឱ្យ​អភិបាលក្រុង​ម៉ានីល ចងមេត្រី​ភាព​រវាង​អេ​ស្ប៉ា​ញ និង​ស្រុក​សៀម​។ ពេល​ទៅ​ដល់​ម៉ានីល បេ​ឡូ​សូ បាន​ជួប​ជាមួយ​មិត្ដភក្ដិ​របស់​គាត់​ដែល​ទើបតែ​ទៅ​ដល់​ដែរ ក្រោយ​ពី​បាន​ចាប់​ពួក​ទាហាន​ដែល​ស្ដេច​សៀម​ប្រគល់​ភារកិច្ច​ឱ្យ​ថែរក្សា​ពួក​គេ​បោះ​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ ឬ​ចង​ដាក់​ច្រវាក់ ដោយ​មានការ​ឃុបឃិត​ពី​ក្រុម​អ្នក​ដើរ​សំពៅ​ចិន រួច​ក៏​បើក​សំពៅរ​ត់ទៅ​។ បេ​ឡូ​សូ​ក៏​ចាប់​ប្រែចិត្ដ​វិញ មិន​បាន​ធ្វើ​កិច្ចការ​ដើម្បី​គាំទ្រ​ឱ្យ​មាន​ចំណង​មេត្រីភាព​ជាមួយ​សៀម​ទេ តែ​បែរជា​ទៅ​សំណូមពរ​ឱ្យ​ជួយ​គាត់​មក​កម្ពុជា​វិញ តែ​មិនមែន​គាំទ្រ​ព្រះ​រា​មា​ជើងព្រៃ​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ស្ដេច​ជ្រែករាជ្យ ហើយ​ដែល​ប្រហែលជា​នឹង​មិន​ស្វាគមន៍​ខ្លួន​ផង​នោះ​ទេ​តែ​គឺ​ដើម្បី​ជួយ​ដល់​រជ្ជទាយាទ​របស់​ព្រះមហាក្សត្រ​ដែល​សុគត​ទៅ​នៅ​ឯ​ស្ទឹង​ត្រែង​ទៅ​វិញ​។ ដោយ​មានការ​គាំទ្រ​ពី​ពួក​ដូ​មី​នី​កាំ​ង និង​ពួក​អូ​ហ្គូ​ស្តាំ​ង​នៅ​ម៉ានីល ដែល​មាន​បំណង​ចង់ឱ្យ​អេ​ស្ប៉ា​ញ​ដណ្ដើម​យក​កម្ពុជា ដើម្បី​ខ្លួន​បាន​ប្រែក្លាយ​ប្រទេស​នេះ​ឱ្យ​កាន់សាសនា​កាតូលិក​វិញ រួច​ហើយ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។ ទីបំផុត​បេ​ឡូ​សូ​ក៏​និយាយ​បញ្ចុះបញ្ចូល​លោក​អភិបាល​ល្វី​ប៉េ​រ៉េ​ដាស​ម៉ា​រី​ញ៉ា ដែល​ជា​កូន​របស់​សព​លោក ហ្គោ​មេ​ប៉េ​រ៉េ​ដាស​ម៉ា​រី​ញ៉ា បាន​សម្រេច​ដោយ​ទទួល​បាន​ទ័ព​អេ​ស្ប៉ា​ញ ១២០​នាក់ និង​កប៉ាល់​៣​គ្រឿង ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អនុសេនីយ៍ឯក​ជន និង​ជេ​រៃ​ហ្គា​លី​ណា​តូ មាន​ដើម​កំណើត​មក​ពី​ឡាស​ប៉ា​ល់​ម៉ាស (​កោះ​កា​ណា​រី​) ហើយ​និង​ពួក​ដូ​មី​នី​កាំ​ង​៣​នាក់ ក្នុង​នោះ​មាន​លោក​ឪ​អា​ឡុ​ង​សូ​ជី​មឺ​ណេ អាយុ​ប្រហែល​៧០​ឆ្នាំ និង​លោកឪពុក ឌី​យឺ​ហ្គោ​អា​ឌូ​អាត ដែល​ជា​មនុស្ស​អង់អាច​ក្លាហាន​ផង​ដែរ​។ កប៉ាល់​ទាំង​៣​ចេញដំណើរ​ពី​ម៉ានីល​នៅ​ថ្ងៃ​ទី ១៩ ខែ មក​រា ឆ្នាំ ១៥៩៦​។ មាន​តែ​កប៉ាល់​២​ទេ​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា គឺ​កប៉ាល់​ដែល​បញ្ជា​ដោយ​បេ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ ចំណែក​កប៉ាល់​១​ទៀត​ដែល​បញ្ជា​ដោយ ហ្គ្រេ​ហ្គ័​រ​ដឺ​វ៉ា​ហ្គា​ស វង្វេងផ្លូវ ឬ​មក​ដល់​ក្រោយ​ក៏​មិនដឹង​។
មក​ដល់​កម្ពុជា បេ​ឡូ​សូ​ចតកប៉ាល់​នៅ​បា​រ៉ា​រ៉ា (​ខែត្រ​បា​រាជ​)​។ គឺ​នៅ​ទីនោះ​ឯង ដែល បេ​ឡូ​សូ បាន​ទទួល​ដំណឹង​ថា ព្រះ​រា​មា​ជើងព្រៃ​ដណ្ដើម​យក​រាជសម្បត្ដិ​បាន​ហើយ​យាង​មក​គង់នៅ​ស៊ី​ស្ទ័​រ​(​ស្រី​សន្ធរ​)​។ បេ​ឡូ​សូ​គិត​ថា​ត្រូវ​ចុះចូល​នឹង​ព្រះរាជា​ថ្មី​នេះ​ហើយ​បាន​បញ្ជូន​ព័ត៌មាន​ស្ដី​ពី​ការ​មក​ដល់​របស់​ខ្លួន​ទៅ​ថ្វាយ​ព្រះ​រា​មា​ជើងព្រៃ​។ ដើម្បី​លើកជើង បេ​ឡូ​សូ ព្រះ​រា​មា​ជើងព្រៃ បាន​បញ្ជូន​ទៅ​វិញ​នូវ​លិខិត​តែងតាំង បេ​ឡូ​សូ ជា​អភិបាលខែត្រ និង​លិខិតអនុញ្ញាត​ឱ្យ ប្លា​ស​រូ​ហ្ស៍ មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​បាន​នៅ​ក្នុង​ព្រះរាជាណាចក្រ រួច​ទ្រង់​រង់ចាំ​ស្ដាប់​ដំណឹង​ឆ្លើយ​តប​ពី​មិត្ដ​របស់​អតីត​ព្រះមហាក្សត្រ​ទាំង​ព្រះ​ទ័យ​ព្រួយបារម្ភ​ទៅ​វិញ​។ បេ​ឡូ​សូ និង​ប្លា​ស​រូ​ហ្ស៍ បាន​ធ្វើ​ដំណើរ​ឡើង​តាម​ទន្លេមេគង្គ មក​ដល់​ភ្នំពេញ​ដែល​កាលនោះ​គេ​ហៅ​ថា ចតុម្មុខ​។ បើ​តាម​ឯកសារ​របស់​ពួក​អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់ ថា ចតុម្មុខ​នា​ពេល​នោះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ មាន​ជនជាតិ​ចិន​រស់នៅ​ចំនួន​៣​ពាន់​នាក់​។ ពេល​នោះ​មាន​ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ពួក​ចិន​នឹង​ពួក​អឺរ៉ុប​។ ដោយ​មានការ​គាំទ្រ​ពី​ពួក​ជប៉ុន ដែល​កាន់​គ្រិស្ដសាសនា​ចំនួន​២០​នាក់ ពួក​អឺរ៉ុប​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ពួក​ចិន ហើយ​សម្លាប់​ពួក​នេះ អស់​៣​រយ​នាក់​រួច​រឹបអូស​យក​សំពៅ​ចិន​ទាំងអស់​ព្រមទាំង​ទំនិញ​ផង​។ ច្រើន​ថ្ងៃ​ក្រោយមក បេ​ឡូ​សូ និង​ប្លា​ស​រូ​ហ្ស៍ បាន​បញ្ជូន​សំណើ​ទៅ​សុំ​ចូល​គាល់​ព្រះរាជា មិនមែន​ដើម្បី​រាយការណ៍​ថ្វាយ​អំពី​ព្រឹត្ដិការណ៍​វាយប្រហារ​នោះ​ទេ តែ​គឺ​ដើម្បី​ថ្វាយ​សត្វ​លា​មួយ​ក្បាល និង​ជំនូន​មួយ​ចំនួន​ដែល​អភិបាលក្រុង​ម៉ានីល​បាន​បន្ទុក​បណ្ដាក់​ឱ្យ​ខ្លួន​នាំ​យក​មក​ថ្វាយ​។ ប៉ុន្ដែ​ព្រះរាជា​បាន​បដិសេធ​មិន​ព្រម​ទទួល​ទេ ដរាបណា​ពួក​អឺរ៉ុប​មិន​ទាន់​ប្រគល់​សំពៅ និង​ទំនិញ​ទៅ​ឱ្យ​ពួក​ចិន​វិញ ។
ឆ្លើយ​តប​ទៅ​នឹង​ព្រះរាជ​ឥរិយាបថ​នេះ បេ​ឡូ​សូ និង​ប្លា​ស​រូ​ហ្ស៍​បាន​សម្រេច​ចាត់ចែង​សភាពការណ៍​ឱ្យ​បាន​លឿន​។ គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​កាន់​ស្រី​សន្ធរ ជាមួយនឹង​ដូ​មី​នី​កាំ​ង​ឌី​យ៉ឺ​ហ្គោ​អា​ឌូ​អាត និង​កម្លាំង​មោះមុត​ដាច់ខាត​ចំនួន​៣៨​នាក់​។ ចេញដំណើរ​ពី​ក្បាល​ព្រលប់ ដើរ​ចម្ងាយ​៣០​គីឡូម៉ែត្រ ពួក​នេះ​បាន​មក​ដល់​រាជធានី​នៅ​ប្រហែលជា​ម៉ោង​២​ទៀប​ភ្លឺ ហើយ​បាន​ចាប់​បើក​ការ​វាយប្រហារ​ទៅ​លើ​ព្រះរាជវាំង​មុន​ថ្ងៃ​រះ​។ ព្រះ​រា​មា​ជើងព្រៃ បាន​ត្រូវ​ពួក​នេះ​ធ្វើឃាត នៅ​ពេល​ដែល​ទ្រង់​កំពុង​រៀបចំ​ភៀសខ្លួន​ចេញ​ជាមួយ​ស្រីស្នំ និង​សេនា​ការពារ ចំណែកឯ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​រាជបរិពារ ដែល​មាន​តែ​លំពែង និង​ធ្នូ​ស្នា​ជា​អាវុធ បាន​ត្រូវ​បាញ់​សម្លាប់​អស់​ជា​ច្រើន (​ព្រឹត្ដិការណ៍​នេះ​កើតឡើង​នៅ​ក្នុង​ខែ ឧសភា ឆ្នាំ ១៥៩៦)​។ ប្រតិបត្ដិការ​នេះ ទទួល​បាន​ជោគជ័យ​ទាំងស្រុង ក៏​ប៉ុន្ដែ​ពួក​អ្នក​ផ្សងព្រេង​បាន​ត្រូវ​អ្នកស្រុក​ចោមរោម​វាយបក​វិញ ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ពួក​នេះ​មាន​ចំនួន​តិច​ជាង ដោយ​បង្ខំ​ឱ្យ​ពួក​គេ​ដកថយ​មក​កាន់​ភ្នំពេញ​វិញ​ទាំង​លំបាក ជាទី​ដែល​គេ​ចតកប៉ាល់​ទុក​។ បើ​កុំ​តែ​មេទ័ព​ខ្មែរ​ត្រូវ​របួស​ដោយ​លំពែង​ធ្លាយ​ពោះ​ស្លាប់ កុំ​អី​ពួក​នេះ​ពិបាក​នឹង​គេចខ្លួន​រួច​ណាស់​។ គាប់​ជួន​ពេល​នោះ ហ្គា​លី​ណា​តូ និង​ពល​ទាហាន​របស់​គេ បាន​ធ្វើ​ដំណើរ​ពី​បា​រាជ​មក​ដល់​ល្មម ធ្វើ​ឱ្យ​សភាពការណ៍​នៅ​ភ្នំពេញ​ល្អ​ប្រសើរ​ឡើង​វិញ​។ ក៏​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ពី​បាន​បើក​ការ​ប្រជុំ​ក្រុមប្រឹក្សា​សង្គ្រាម​មួយ​រួច​មក ហើយ​ពិនិត្យ​ឃើញ​ថា ពួក​ខ្មែរ​អាច​នឹង​បើក​ការ​ប្រយុទ្ធ​បក​ម្ដងទៀត​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ទប់ទល់ ហ្គា​លី​ណា​តូ បាន​សម្រេច​លើក​យុថ្កា​បើកកប៉ាល់​ចេញពី​ភ្នំពេញ​ចុះ​តាម​ទន្លេមេគង្គ ធ្វើ​ដំណើរ​ទៅ​កាន់​តុងកឹង​វិញ​ក្នុង​គោលបំណង​ទៅ​ទាមទារ​យក​កប៉ាល់​មួយ​គ្រឿង​ដែល​ពួក​ចិន​បាន​នាំ​យក​ទៅ​ក្រោយ​ពី​បាន​ធ្វើឃាត​លោក​អភិបាលក្រុង​ម៉ានីល និង​ក្រុម​នាវិក​រួច​មក​។ ទៅ​ដល់​តុងកឹង បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ ដែល​នៅ​តែ​មានគំនិត​មិន​ចង់​បោះបង់​គម្រោងការ​របស់​ខ្លួន​នៅ​កម្ពុជា​នោះ បាន​នាំ​គ្នា​ដើរ​បែក​ចេញពី​ជនរួមជាតិ​គេ ឆ្លងកាត់​ជួរ​ភ្នំ​អាណ្ណា​ម ស្រុក​របស់​អ្នកព្រៃ​ខា ចូល​មក​ស្រុក​លាវ រួច​ត្រលប់​មក​កម្ពុជា​វិញ​។ មក​ដល់​ស្ទឹង​ត្រែង ពួក​គេ​បាន​បញ្ចុះបញ្ចូល​អ្នក​អង្គ​ម្ចាស់​តន់​ថា ឱកាស​ដណ្ដើម​យក​រាជសម្បត្ដិ​មក​ដល់​ហើយ ហើយ​យាង​ព្រះ​អង្គ​ឱ្យធ្វើ​ដំណើរ​មក​ជាមួយ​គេ​។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្រី​សន្ធរ ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​ដែល​កំពុង​តែ​នឿយណាយ​នឹង​អនាធិបតេយ្យ បណ្ដាល​មក​ពី​មរណភាព​របស់​ព្រះ​រា​មា​ជើងព្រៃ​ផង ពីព្រោះ​ថា​កម្ពុជា​ពេល​នោះ មិនមែន​គ្រាន់តែ​គ្មាន​ស្ដេច​សោយរាជ្យ​ប៉ុណ្ណោះ​ទេ គឺ​ខ្វះ​ទាំង​អ្នក​ឡើង​ស្នងរាជ្យ​បន្ដ​ថែម​ទៀត ក៏​សម្រេច​នាំ​គ្នា​លើក​ចៅពញា​តន់ ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​១៥៩៦ ទៅ ។ ក្នុង​សម័យ​ដែល​ព្រះ​រា​មា​ជើងព្រៃ​ក៏​មាន​ព្រឹត្តិការណ៍​មួយ​គួរ​ឱ្យ​កត់សម្គាល់​ដែរ គឺ​រឿង​ស្នេហា​ស្មោះស្ម័គ្រ ទុំ​ទាវ ដែល​ជា​រឿង​ស្នេហា​គំរូ​មួយ​ក្នុង​ប្រទេស​ខ្មែរ រឿង​ស្នេហា​នេះ​កើតឡើង​ក្នុង​ខែត្រ​ត្បូងឃ្មុំ ដោយសារ​តែ​មានការ​បង្កើត​ជា​កិច្ចកល​ល្បិច​ដើម្បី​ឱ្យ​នាង​ទាវ​បាន​រៀប​ការ​នឹង​កូន​ខ្លួន​ម៉ឺន​ងួ​ន ស្ដេចត្រាញ់ ខែត្រ​ត្បូងឃ្មុំ អ្នកឧកញ៉ា​អរជូន ត្រូវ​បាន​ព្រះ​រាម​ជើងព្រៃ ដាស់​ទោស​ប្រហារជីវិត​ដោយ​ប្រើ​រនាស់​ភ្ជួរ​រាស់​ក្បាល​។ ហើយ​ពួក​អ្នកស្រុក​ដែល​បាន​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នោះ ក៏​បាន​ក្លាយជា​អ្នក​ព្រៃងារ​ចាប់ពី​ពេល​នោះ​មក​។
ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​រា​មា​ជើងព្រៃ​មក ចៅពញា​តន់​ក៏​បាន​ឡើង​សោយរាជ្យ​បន្ត​។ ចៅពញា​តន់​ពេល​នោះ​មាន​ព្រះ​ជន្មាយុ​១៨​ព្រះ​វស្សា​។ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​ជ្រើសតាំង​ព្រះ​អង្គជា​មហាក្សត្រ​នៅ​ថ្ងៃ​ទី ១៤ ខែ ឧសភា ឆ្នាំ ១៥៩៦ ដោយ​ថ្វាយ​ព្រះ​នាម​ថា «​សម្ដេចព្រះ​បរម​រាជា »​។
ក្រោយ​ពី​បាន​ឡើង​សោយរាជ្យ ព្រះ​បរម​រាជា​បាន​សព្វព្រះរាជហឫទ័យ​តបស្នង​សងគុណ​ដល់ បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ ភ្លាម ដោយ​ទ្រង់​លើក​អ្នក​ទី​១​ឱ្យធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​បាភ្នំ និង​អ្នក​ទី​២​ឱ្យធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​ទ្រាំង​។ តាម​មើលទៅ ប្រជាជន​ប្រហែលជា​មិនសូវ​ពេញចិត្ដ​ប៉ុន្មាន​ទេ នឹង​ការ​តែងតាំង​ពួក​អ្នក​ផ្សងព្រេង​ទាំង​២ ឱ្យ​ក្លាយទៅជា​អភិបាលខែត្រ​ដ៏​មាន​អំណាច​នៅ​ក្នុង​ព្រះរាជាណាចក្រ​នេះ ហើយ​មាន​មន្ដ្រី​ជា​ច្រើន​នាក់​ដែល​មិន​សប្បាយចិត្ដ​។ ដោយហេតុ​នេះ ព្រះរាជា​ដែល​គង់នៅ​ក្រោម​ស្វេតច្ឆត្រ មិនសូវ​ជា​ស្រួល​ប៉ុន្មាន​ទេ​។ បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ យល់​ហេតុការណ៍​នេះ​ច្បាស់​ណាស់ ក៏​តាំង​ស្វះ​ស្វែងរក​ជំនួយ​ពី​ខាងក្រៅ​។ បែ​ឡូ​សូ​បាន​សុំ​ជំនួយ​ពី​ពួក​ព័រ​ទុ​យ​ហ្គា​ល់ នៅ​ម៉ា​ឡា​កា ឯ​ប្លា​រូ​ហ្ស៍ ទៅ​សុំ​ជំនួយ​ពី​ពួក​អេ​ស្ប៉ា​ញ​នៅ​ឯ​ហ្វី​លី​ពី​ន​។ អភិបាលក្រុង​ម៉ានីល​បាន​ប្រគល់​ទាហាន ២០០​នាក់ ឱ្យ​ជិះ​កប៉ាល់​៣​គ្រឿង​ចេញ​មក ក៏​ប៉ុន្ដែ​គ្មាន​កប៉ាល់​ណាមួយ​បាន​មក​ដល់​កម្ពុជា​ទេ ហើយ​មាន​តែ​កប៉ាល់​១​ប៉ុណ្ណោះ​ដែល​បាន​ត្រលប់​ទៅ​ដល់​ហ្វី​លី​ពី​ន​វិញ​។ ដូច្នេះ បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ មិន​អាច​ពឹងផ្អែក​អ្នក​ណា​បាន​ក្រៅ​តែ​ពី​ពឹង​លើ​ខ្លួនឯង​ឡើយ​។
នៅ​ពេល​នោះ ពួក​ចាម និង​ម៉ា​ឡេ ដែល​ព្រះរាជា​ខ្មែរ​មុន​ៗ​អនុញ្ញាត​ឱ្យ​រស់នៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ បើ​ទោះបី​ថា​ពួក​នេះ​ជា​ជនបរទេស​ហើយ​កាន់សាសនា​មហាម៉ាត់​ក៏​ដោយ បាន​នាំ​គ្នា​បះបោរ​ឡើង​។ ពួក​នេះ​បាន​ពិនិត្យ​មើលឃើញ​ថា​ព្រះរាជាណាចក្រ​ចុះ​ទន់ខ្សោយ ក៏​មាន​បំណង​ចង់​កាន់​អាវុធ​ឡើង​ទាមទារ​ឯករាជ្យ ក្រោម​ការ​ដឹកនាំ​របស់​មេ​២​នាក់ គឺ​ចាម​ឈ្មោះ ពោធិ​រតន៍ ដែល​ប្រហែលជា​ជាប់​ខ្សែស្រឡាយ​នឹង​រាជវង្ស​ចាម​ពី​មុន និង​ជន​ម៉ា​ឡេ​ឈ្មោះ ល័ក​ស្មណៈ ដែល​ពង្រត់​ម្ចាស់​ក្ស​ត្រី​១​អង្គ​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​ប្រហែលជា​ក្ស​ត្រី​យ៍​ដែល​ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ បែ​ឡូ​សូ ហើយ​ទ្រង់មាន​គំនុំ​ស្អប់​ពួក​អឺរ៉ុប ជំរុញ​ឱ្យ​ល័ក​ស្មណៈ​ធ្វើការ​សងសឹក​ថ្វាយ​។ បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ បាន​កេណ្ឌ​ទ័ព​នៅ​ក្នុង​អាណា​ខែត្រ​ទឹកដី​របស់​ខ្លួន រួច​ចេញ​ច្បាំង​វាយ​កម្ទេច​ពួក​ចាម និង​ម៉ា​ឡេ បះបោរ​បរាជ័យ​អស់​ទៅ​។ ពេល​មក​ដល់​រាជធានី​ស្រី​សន្ធរ ព្រះ​បរម​រាជា​ចៅពញា​តន់ បាន​ចាត់​ឱ្យ​អ្នក​ទាំង​២​បន្ដដំណើរ​ទៅ​កាន់​ភ្នំពេញ ដើម្បី​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់ ដែល​ល្អក់កករ​ដោយ​ជម្លោះ​រវាង​ពួក​ជប៉ុន និង​អេ​ស្ប៉ា​ញ ២​កប៉ាល់​ដែល​ទើបតែ​មក​ដល់ ដោយ​ដឹក​អាវុធយុទ្ធភណ្ឌ​មក​ផ្គត់ផ្គង់​កប៉ាល់​៣​មុន ដែល​នៅ​ម៉ានីល​គេ​មិនដឹង​ថា​បាត់​ដំណឹង​ទៅ​ហើយ​ទេ​។ ក៏​ប៉ុន្ដែ​បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍​មក​ដល់​យឺត​ពេល ពួក​ជប៉ុន​បាន​សម្លាប់​ពួក​អេ​ស្ប៉ា​ញ​អស់​ជា​ច្រើន​។ បន្ទាប់​មក ពួក​ជប៉ុន​បាន​រួម​ដៃ​ជាមួយនឹង​ពួក​ម៉ា​ឡេ ព្រួត​គ្នា​វាយ​មក​លើ​ទ័ព​ដ៏​តិចតួច​របស់ បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ ហើយ​សម្លាប់​អ្នក​ទាំង​២​បាន ក្រោយ​ពី​ការ​ប្រយុទ្ធ​ដ៏​អង់អាច​ក្លាហាន​រួច​មក​។
ព្រះ​បរម​រាជា​ចៅពញា​តន់​ក្រោយ​ពី​បាន​ជ្រាប​ពី​ដំណឹង​នេះ​បាន​បញ្ជា​ទ័ព​ផ្ទាល់ខ្លួន​ព្រះ​អង្គ​ចេញពី​ស្រី​សន្ធរ មក​វាយ​ពួក​ម៉ា​ឡេ​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​ល័ក​ស្មណៈ និង​ពួក​ចាម​ដែល​ស្ដាប់​តាម​បញ្ជា​របស់​ពោធិ​រតន៍​។ ក៏​ប៉ុន្ដែ​ដោយ​ចៃដន្យ​អាក្រក់ ព្រះរាជា​ត្រូវ​បាន​សត្រូវ​ធ្វើឃាត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដំបូង នៅ​ក្នុង​ឆ្នាំ​១៥៩៧ ទៅ​។
ព្រះរាជា​ដែល​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ព្រះរាជ​វង្សានុវង្ស បាន​ជ្រើសរើស​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ​ពី​ចៅពញា​តន់ គឺ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ​មួយ​អង្គ ព្រះ​នាម​ថា ពញា​អន​។ ទ្រង់មាន​ព្រះ​អភិសេក​នាម​ថា «​សម្ដេចព្រះ​បរម​រាជា​បរមបពិត្រ​»​។
និយាយ​អំពី​ពួក​ចាម និង​ម៉ា​ឡេ​វិញ ក្រោយ​ពី​ទទួល​ជ័យជម្នះ​លើ​ចៅពញា​តន់​រួច​ហើយ បាន​ដណ្ដើម​យក​ខែត្រ​២​ដាក់​ជា​ចំណុះ ហើយ​ក៏​តាំង​រៀបចំ​ការ​គ្រប់គ្រង​ឡើង​វិញ​សា​ជា​ថ្មី​។ ក៏​ប៉ុន្ដែ​ពួក​អ្នកស្រុក​មិន​ព្រម​ស្ដាប់​បញ្ជា​ពួក​នេះ​ទេ ព្រោះថា​ជា​ជនបរទេស​មិន​ចេះ​និយាយ​ខ្មែរ ម្ល៉ោះហើយ​ម្នាក់​ៗ​គ្មាន​នរណា​ចង់​ធ្វើ​ជាម​ន្ដ្រី ឬ​ក៏​ជា​ទាហាន​បម្រើ​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី ពួក​នេះ​នៅ​តែ​អាច​ជ្រើសរើស​ទ័ព​បាន​ពី​ក្នុង​ចំណោម​ពួក​ចាម និង​ម៉ា​ឡេ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​បំណង​ចង់​មក​ជួយ​ពួក​អ្នក​កាន់សាសនា​ដូច​គ្នា​ដែរ​។ ប៉ុន្ដែ​ស្ថានភាព​របស់​ពួក​នេះ​បាន​ស្រុត​ចុះ​ជា​រៀងរាល់ថ្ងៃ​។
ព្រះរាជា​ដែល​ទើបនឹង​ឡើង​សោយរាជ្យ​ថ្មី បាន​បើក​ការ​វាយប្រហារ​មក​លើ​ពួក​នេះ​យ៉ាង​អង់អាច​ក្លាហាន​នៅ​លើ​សមរភូមិ​ជា​ច្រើន​។ នៅ​ទី​បញ្ចប់​ទ្រង់​ទទួល​បាន​នូវ​ជ័យជម្នះ​។ មេកោយ​របស់​ពួក​នេះ​ត្រូវ​ចាប់​បាន​ហើយ​សម្លាប់​ចោល​ជាមួយនឹង​កូនចៅ​បះបោរ​មួយ​ចំនួន ចំណែក​អ្នក​ដែល​ដោយ​រោយ​តាម​គេ​បាន​ត្រូវ​លើកលែងទោស​។
ការ​បះបោរ​របស់​ពួក​បរទេស​ទើបតែ​ស្ងប់​បាត់​ទៅ​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង ក៏​លេច​មានការ​បះបោរ​មួយទៀត ដឹកនាំ​ដោយ​អ្នកស្រុក​អាយ​ម្នាក់​ឈ្មោះ​ថា នាយ​កែវ មាន​ដើម​កំណើត​ចេញ​មក​ពី​ខែត្រ​តាកែវ នៅ​ក្បែរ​ចតុម្មុខ (​ភ្នំពេញ​) ដែល​បាន​ប្រកាស​ខ្លួន​ថា​ជា ស្ដេច​កែវ​ព្រះ​ភ្លើង​។ ជន​នេះ​ជា​មនុស្ស​ចេះ​ដឹង​ម្នាក់​ហើយ អាច​កៀងគរ​គេឯង​ឱ្យ​ចុះចូល​ដើរ​តាម បង្ក​បានជា​ទ័ព​មួយ​កង​។ ព្រះរាជា​ពញា​អន បាន​ដឹកនាំ​ទ័ព​មក​វាយ​ស្ដេច​កែវ​ព្រះ​ភ្លើង​នេះ​២​ដង ក៏​ប៉ុន្ដែ​មិន​អាច​ធ្វើ​អ្វី​បាន​។
ក្រោយ​ពី​ប្រតិបត្ដិការ​លើក​ទី​២ ព្រះរាជា​ដែល​មាន​ចរិត​ច្រឡើសបើស​បន្ដិច​ដែរ បាន​ជួបនឹង​នារី​ម្នាក់​ឈ្មោះ ទាវ នៅ​ពេល​ទ្រង់​យាង​វិល​ត្រលប់​ទៅ​ស្រី​សន្ធរ​វិញ ក៏​ចាប់ចិត្ដ​ស្រលាញ់​ចង់បាន​នាង​មក​ធ្វើ​ជា​ស្នំ​។ ប៉ុន្ដែ នាង​ទាវ​ដែល​ស្ម័គ្រស្មោះ​ជាមួយ​ពញា​ថី​ជា​ស្វាមី​បាន​ប្រកែក​មិន​យល់ព្រម​ស្រលាញ់​ព្រះ​អង្គ​វិញ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​ខ្ញាល់ ហើយ​បញ្ជា​ឱ្យ​គេ​ចាប់​នាង​ចង​ដាក់​ច្រវាក់​។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ ពញា​ថី ខឹងសម្បា​នឹង​ព្រះរាជា​ជា​ខ្លាំង ក៏​រត់​មក​ចុះចូល​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង ហើយ​រៀប​ផែនការ​ធ្វើ​គុត​ព្រះរាជា ប៉ុន្មាន​ខែ​ក្រោយមក នៅ​ក្នុង​ការ​ស្កាត់​លួច​វាយប្រហារ​មួយ​ក្នុង​១៥៩៨​។
នា​សម័យ​នោះ មាន​ពួក​អឺរ៉ុប​ជា​ច្រើន​នាក់ ជា​ពិសេស​គឺ​ពួក​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ សុទ្ធតែ​មាន​ឥទ្ធិពល​ជា​ខ្លាំង​មក​លើ​រាជវាំង​កម្ពុជា​។ ពួក​នេះ​មាន​របរ​រកស៊ី​រីក​ចម្រើន​ល្អ​ណាស់ បង្កើត​បានជា​ការ​រំខាន​ដល់​ពួក​ចិន ចាម និង​ម៉ា​ឡេ ដែល​រកស៊ី​ធ្វើ​ពាណិជ្ជកម្ម​ដែរ ម្ល៉ោះហើយ ក៏​នាំ​គ្នា​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​អាប់យស​។ ក្រោយ​ពី​មរណភាព​របស់ បែ​ឡូ​សូ និង​ប្លា​រូ​ហ្ស៍ នៅ​ក្នុង​ឆ្នាំ​១៥៩៧​រួច​មក ឥទ្ធិពល​របស់​ពួក​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​ក៏​ធ្លាក់​ចុះ ហើយ​ពួក​នេះ​ត្រូវ​បង្ខំចិត្ដ​ចាក​ចេញពី​កម្ពុជា វិល​ត្រលប់​ទៅ​ហ្វី​លី​ពី​ន​វិញ​។
ប៉ុន្ដែ​ការ​បណ្ដេញ​កាត់កាល់​នេះ​មិន​មាន​អាយុកាល​យូរ​ប៉ុន្មាន​ទេពី​ព្រោះថា ប៉ុន្មាន​ឆ្នាំ​ក្រោយ​នោះ​បន្ដិច​គេ​ប្រទះ​ឃើញ​ពួក​សេ​ស្វ៊ី​ត និង​កាតូលិក​និកាយ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា រួច​មាន​និគម​ព័រ​ទុ​យ​ហ្គា​ល់​មួយ ដែល​បាន​គេច​ចេញ​ផុត​ពី​ការ​សម្លាប់​រង្គាល​របស់​ពួក​ម៉ា​កា​សា តាម​ការ​អុចអាល​ពី​ពួក​ហូ​ឡង់ ដែល​ជាស​ត្រូវ​របស់​ពួក​គេ ពួក​ព័រ​ទុ​យ​ហ្គា​ល់​នេះ និង​បព្វជិត​សាសនា​កាតូលិក​របស់​គេ​បាន​មក​តាំង​ទីលំនៅ​មុន​ដំបូង​នៅ​ភ្នំពេញ ដែល​គេ​ហៅ​ថា កូ​លំ​ប៉េ រួច​បន្ទាប់​មក​បាន​ទៅ​តាំងទី​លំនៅ​នៅ​ឯ​ពញាឮ​ដែល​គេ​ហៅ​ថា ពី​ញ៉ា​លូ​។ មាន​ពួក​ជប៉ុន​មួយ​ចំនួន​ដែល​ត្រូវ​គេ​ធ្វើបាប​នៅ​ឯ​ប្រទេស​ជប៉ុន​ដោយសារ​ការ​កាន់សាសនា​កាតូលិក បាន​មក​ចូលរួម​ជាមួយ​ពួក​ព័រ​ទុ​យ​ហ្គា​ល់​នេះ​ដែរ ហើយ​បាន​មក​តាំងនៅ​លើ​ដង​ទន្លេ​ក្បែរ​ភ្នំពេញ​ត្រង់​កន្លែង​មួយ​ដែល​ពួក​អឺរ៉ុប​ហៅ​តាម​ឈ្មោះ​របស់​គេ​ថា ចូ​វ​ដុក​។ ព្រះរាជា​នុ​សិទ្ធិ ចៅពញា​យោ​ម (១៥៩៩-១៦០០) ព្រះ​អង្គ​ម្ចាស់​យោ​ម ជា​ព្រះរាជ​បុត្រា​ទី​៣​របស់​ព្រះ​ស​ត្ថា ពេល​នោះ​ទើបតែ​មាន​ព្រះ​ជន្មាយុ ១៥​ព្រះ​វស្សា​ប៉ុណ្ណោះ​។ ទ្រង់​ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ជាតិ ដោយ​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេចព្រះ​កែវ​ហ្វ៊ា គឺថា ទ្រង់មាន​អំណាច​ដូច​ជា​ព្រះរាជា ក៏​ប៉ុន្ដែ​មិនមែន​ជា​ស្ដេច​ទេ​។ ពេល​នោះ​នាម៉ឺន​សព្វ​មុខមន្ដ្រី មិន​ចង់​លើក​ចៅពញា​យោ​ម ឱ្យ​ឡើង​សោយរាជ្យ​ទេ គេ​ស្រលាញ់​ព្រះ​ស្រី​សុរិយោ​ពណ៌​ជាង ដែល​ព្រះ​បរម​ឥន្ទរាជា (​ព្រះ​ស​ត្ថា​) បាន​លើក​ឱ្យធ្វើ​ជា​ឧបរាជ​រួច​ជា​ឧភយោរាជ ហើយ​ត្រូវ​សៀម​ចាប់​យក​ទៅ​ជា​ឈ្លើយ​តាំង​តែ​ពី​ពេល​ក្រុង​លង្វែក​ត្រូវ​បែកបាក់​ម្ល៉េះ​។
ចៅពញា​យោ​ម ក្នុង​ព្រះ​ឋានៈ​ជា​ព្រះរាជា​នុ​សិទ្ធិ ទ្រង់​គង់នៅ​ឯ​រាជធានី​ស្រី​សន្ធរ ហើយ​បាន​ចាប់​បន្ដ​ធ្វើសង្គ្រាម​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង​។ ទី​បញ្ចប់​ទ្រង់​ចាប់​ស្ដេច​កែវ​ព្រះ​ភ្លើង​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ចោល​ទៅ​។
ចៅពញា​យោ​ម​មាន​ព្រះ​ទ័យ​ស្រាល ហើយ​ក៏​ខិលខូច​មិន​ចាញ់​ពញា​អន​ប៉ុន្មាន​ដែរ​។ ទ្រង់​សព្វព្រះទ័យ​នឹង​ការ​បរបាញ់​សត្វ និង​ការ​សប្បាយ​ផ្សេង​ៗ​ណាស់ ហើយ​មិន​ខ្លាច​នឹង​ចាប់​ប្រពន្ធ ឬ​កូនក្រមុំ​ប្រជាជន​ទេ កាលណា​ទ្រង់​សព្វព្រះទ័យ ហើយ​មិនសូវ​យក​ព្រះ​ទ័យ​ទុកដាក់​នឹង​កិច្ចការ​ព្រះ​នគរ​ឡើយ​។ ម្ល៉ោះហើយ​ក៏​កើត​មាន​អំពើ​ឧក្រិដ្ឋ​ពាសពេញ​ប្រទេស បណ្ដា​ចៅហ្វាយខែត្រ​ក៏​មិន​បាន​យកចិត្ដទុកដាក់ ហើយ​ក៏​មិន​ដែល​ទទួលទោស​ពៃរ៍​អ្វី​ដែរ​។ មានការ​ចាប់ពង្រត់​អ្នកស្រុក​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​យក​ពី​កន្លែង​មួយ​ទៅ​លក់​ជា​ខ្ញុំ​នៅ​កន្លែង​មួយទៀត គឺ​លក់​ទៅ​វិញ​ទៅ​មក​ចុះ​ឡើងជា​ច្រើន​លើក​ច្រើន​សា​។
សម្ដេចព្រះ​ទេវី​ក្ស​ត្រី​យ៍ ជា​ព្រះ​អយ្យកា​របស់​ចៅពញា​យោ​ម​ដែល​គង់នៅ​ឯ​ចតុម្មុខ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់ នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា ប្រជារាស្ដ្រ​រង​ទុក្ខ​ខ្លោចផ្សា​ហើយ​មិន​សប្បាយ​ចិត្ដនឹង​ចៅពញា​យោ​ម​ដូច្នេះ ក៏​បាន​ចាត់​គ្នា​ឱ្យទៅ​គាល់​ស្ដេច​សៀម សុំ​ឱ្យ​បញ្ជូន​ព្រះ​ឧភយា​រាជ​ស្រី​សុរិយោ​ពណ៌ និង​ព្រះរាជបុត្រ​ទាំងអស់​មក​វិញ​។
ស្ដេច​សៀម​ពេល​នោះ បាន​ទទួលយក​សំណូមពរ​តែ​មួយ​ចំណែក​ទេ គឺ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ​តែ​ព្រះ​ស្រី​សុរិយោ​ពណ៌ និង​ព្រះរាជ​បុត្រា​ប្អូន​ព្រះ​នាម​ព្រះ​ឧទ័យ​ប៉ុណ្ណោះ ចំណែកឯ​ព្រះ​ជ័យ​ចេស្ដា ជា​ព្រះរាជ​បុត្រា​ច្បង ទុក​ឱ្យ​នៅ​នឹង​ស្រុក​សៀម​សិន​។
ព្រះរាជា​នុ​សិទ្ធិ​ពញា​យោ​ម នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ព្រះ​ស្រី​សុរិយោ​ពណ៌ យាង​មក​ដល់ ស្លា​កែ​ត ហើយ ទ្រង់​បាន​ទប់​ព្រះ​ទ័យ​មិន​ឱ្យ​មាន​រឱសឋាន​អ្វី​ទេ ហើយ​បាន​នាំ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ជា​ច្រើន​ទៅ​គាល់ រួច​បាន​បង្វែរ​អំណាច​ជា​ផ្លូវការ​ថ្វាយ​នៅ​ក្នុង​ឆ្នាំ​១៦០០​។
ព្រះ​ស្រី​សុរិយោ​ពណ៌ (១៦០០-១៦១៨) ព្រះ​ឧបយុវរាជ បាន​ឡើង​គង់​លើ​រាជបល្ល័ង្ក​នៅ​ក្នុង​ឆ្នាំ​១៦០០ ដោយ​ទទួល​ព្រះ​នាម​ថា «​ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​ស្រី​សុរិយោ​ពណ៌​ទេវតា​រាជា​បរម​រាជា​ធិ​រាជ​រា​មា​»​។ ពេល​នោះ​ទ្រង់មាន​ព្រះ​ជន្មា​៤៦​ព្រះ​វស្សា​ហើយ​។ មហេសី​របស់​ព្រះ​អង្គ​បាន​ឡើង​ទៅ​ជា​ព្រះ​អគ្គមហេសី ហើយ​មាន​ព្រះ​ឋានៈ​ជា «​សម្ដេចព្រះ​ភគវតី ស្រី​សុ​ជាតិ​» ។ ព្រះ​ឧទ័យ​ជា​ព្រះរាជ​បុត្រា ដែល​ទើបតែ​មាន​ព្រះ​ជន្មាយុ​១៣​ព្រះ​វស្សា បាន​ឡើងជា​ព្រះ​មហាឧបរាជ រីឯ​ព្រះរាជា​នុ​សិទ្ធិ​ចៅពញា​យោ​ម នៅ​រក្សា​ព្រះ​ឋានៈ​ជា ព្រះ​កែវ​ហ្វ៊ា ដដែល​។
ចៅពញា​យោ​ម​បាន​សម្ដែង​ឱ្យ​ឃើញ​តាម​រយៈ​ការ​នាំ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទៅ​ចូល​គាល់​ព្រះ​ឧបយុវរាជ​នៅ​ឯ​ស្លា​កែ​ត​ថា ព្រះ​អង្គ​ស្វាគមន៍​អបអរ​ការ​យាង​មក​ដល់​របស់​ព្រះរាជា ដែល​ព្រះ​អយ្យកា​ព្រះ​អង្គ​បាន​ជ្រើសរើស​ឡើង តែ​ក្នុង​ព្រះ​ទ័យ​របស់​រា​ជានុ​សិទ្ធិ​វិញ បាន​សន្សំទុក​នូវ​គម្រោងការ​ដ៏​សែន​ឧក្រិដ្ឋ​ជា​ច្រើន​។
បន្ទាប់​ពី​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​ភ្លាម ព្រះរាជា​ស្រី​សុរិយោ​ពណ៌​បាន​ចាត់​ឱ្យ​ឧកញ៉ា​តេ​ជោ​ព្រះ​អង្គ​ដែល​អ្នកស្រុក​ហៅ​ថា តេ​ជោ​ក្រហម​ក ហើយ​និង​ឧកញ៉ា​យមរាជ​មឿង ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​អ្នកស្រុក​កំពង់ស្វាយ ស្រី​សន្ធរ នគរវត្ដ ត្បូងឃ្មុំ និង​បាភ្នំ ដែល​កន្លង​មក​បះបោរ​មិន​ព្រម​ទទួលស្គាល់​អំណាច​របស់​ព្រះ​កែវ​ហ្វ៊ា​។ យុទ្ធនាការ​នេះ​មិនជា​យូរ​ប៉ុន្មាន​ទេ ពីព្រោះ​ខែត្រ​ទាំង​អស់នោះ មិន​បាន​ប្រឆាំង​ទប់ទល់​នឹង​ទ័ព​របស់​ព្រះរាជា​ឡើយ ហើយ​ឆាប់​នាំ​គ្នា​មក​សារភាព​ចុះចូល​ជា​បន្ទាន់​។
ក្រោយមក​ទៀត តេ​ជោ​ព្រះ​អង្គ បាន​ទទួល​ព្រះរាជ​បញ្ជា​ឱ្យទៅ​បង្ក្រាប​ជន​បះបោរ​ម្នាក់​ឈ្មោះ​ថា អ្នក​ព្រះ​រៀម ហៅ កូ​ម៉ែ​ល ដែល​កំពុង​តែ​កទ័ព​នៅ​ក្នុង​ខែត្រ​ទ្រាំង​ប្រកបដោយ​ជោគជ័យ​។ គេ​និយាយ​ថា​ជន​នេះ​បាន​ប្រើប្រាស់​សីល​ធ្មប់​បំពុល​ទឹក​ត្រពាំង និង​ទឹក​អណ្ដូង​ទាំងអស់​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ដែល​ទ័ព​ព្រះរាជា​ធ្វើ​ដំណើរ​ទៅ ធ្វើ​ឱ្យ​ទាហាន​ពុល​ស្លាប់​អស់​ជា​ច្រើន​។
ពេល​នោះ​ស្ដេច​សៀម​បាន​យល់ព្រម​បញ្ជូន​ព្រះ​ជ័យ​ចេស្ដា ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ តាម​សំណូមពរ​របស់​ព្រះរាជា​កម្ពុជា​ជា​ព្រះ​បិតា​។ ក្នុង​ព្រះរាជ​ដំណើរ​យាង​ត្រលប់​មក​វិញ​នេះ ព្រះ​ជ័យ​ចេស្ដា បាន​បង្ក្រាប​ធ្វើ​ឱ្យ​បណ្ដា​ខែត្រ​ដែល​នៅ​តាម​ផ្លូវ​មាន​សន្ដិភាព​ឡើង​វិញ មាន​ខែត្រ​នាងរង បាត់ដំបង ពោធិ៍សាត់ កំពត រហូត​ដល់​កោះស្លាកែត រួច​ទ្រង់​យាង​កាត់​ទៅ​ជួប​ជាមួយ​តេ​ជោ​ព្រះ​អង្គ​ដែល​ទើបតែ​ដាក់​តាំងទ័ព​នៅ​ពីមុខ​បន្ទាយ​ខ្មាំង​នៅ​ទ្រាំង​។ ក្រោយ​ពី​បាន​ជួប​ជាមួយ​កងទ័ព ហើយ​ទទួល​ព័ត៌មាន​អំពី​យុទ្ធសាស្ដ្រ​បំពុល​ទឹក​របស់ កូ​ម៉ែ​ល ព្រះ​ជ័យ​ចេស្ដា បាន​ចេញ​បញ្ជា​ហាម​មិន​ឱ្យ​ទាហាន​ផឹកទឹក​ត្រពាំង​ដែល​នៅ​តាម​ដងផ្លូវ​ទេ រួច​បាន​ចាត់​ឱ្យ​កេណ្ឌ​អ្នកស្រុក​ទៅ​ដងទឹក​ពី​ទី​ឆ្ងាយ ដាក់​បំពង់​រាប់​ពាន់​សែន យក​មក​ឱ្យ​ទាហាន​ផឹក​វិញ​។
យប់​មួយ​នៅ​ពេល​ដែល​ពួក​ខ្មាំង​នៅ​ក្នុង​បន្ទាយ​ទ្រាំង​មិន​បាន​គិតដល់​ថា​នឹង​មានការ​ប្រយុទ្ធ តេ​ជោ​ព្រះ​អង្គ និង​យមរាជ​មឿង​បាន​ប្រមូល​ទាហាន​ដែល​មាន​កាំភ្លើង​កាន់​នៅ​ដៃ វាយលុក​ចូល​ទៅ​ក្នុង​បន្ទាយ ហើយ​បាញ់​សម្លាប់​ពួក​ខ្មាំង​ទាំងអស់ រួម​ទាំង​កូ​ម៉ែ​ល និង​ពួក​ធ្មប់​ផង​។
ចប់​សង្គ្រាម ព្រះរាជាណាចក្រ​បាន​សុខ​សន្ដិភាព​ហើយ ព្រះ​ស្រី​សុរិយោ​ពណ៌ បាន​លើក​តេ​ជោ​ព្រះ​អង្គ ឱ្យធ្វើ​ជា​ចៅហ្វាយខែត្រ​សំរោង​ទង​។
រយៈកាល​បន្ដិច​ក្រោយមក តេ​ជោ​ព្រះ​អង្គ​បាន​ទទួលមរណភាព​ទៅ​ដោយ​ជរាភាព​។ ពេល​នោះ​ព្រះរាជា​បាន​លើក​ខ្ញុំបម្រើ​របស់​តេ​ជោ​ព្រះ​អង្គ​ម្នាក់​ឈ្មោះ យ៉​ត មាន​ដើម​កំណើត​ជា​ជនជាតិ​ព្នង ឱ្យ​ឡើង​ធ្វើ​ជា​ចៅហ្វាយខែត្រ​បន្ដ ពីព្រោះ​ខ្ញុំ​នេះ​តែងតែ​ដើរ​តាម​នាយ​ចៅហ្វាយ​ទៅ​គ្រប់​សមរភូមិ​ប្រយុទ្ធ និង​រៀនសូត្រ​ចេះ​ដឹង​ពី​ចិត្ដគំនិត និង​ល្បិច​ប្រយុទ្ធ​ផ្សេង​ៗ​របស់​ចៅហ្វាយនាយ ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ប្រាជ្ញា​ឈ្លាសវៃ​ជា​ច្រើន​លើក​ច្រើន​សា​។ នាយ​យ៉​ត​នេះ​បាន​ចាប់​បន្ដ​ធ្វើការ​បង្ក្រាប​ឱ្យ​ស្រុក​មាន​សុខ​សន្ដិភាព​ប្រកបដោយ​ជោគ ជ័យ ដែល​ត្រូវ​អាក់ខាន​មួយ​រយៈ​ដោយ​មរណភាព​របស់​តេ​ជោ​ព្រះ​អង្គ​។
គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ព្រះរាជា​បាន​សម្រេច​ប្ដូរ​ព្រះរាជវាំង​ពី​កោះស្លាកែត ដោយ​នាំ​ព្រះរាជ​បរិពារ រាជវង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​មក​គង់នៅ​ឯ​ល្វាឯម ដែល​ស្ថិត​នៅ​ចំ​ពីមុខ​ភ្នំពេញ​វិញ​។ ទ្រង់​បាន​លើក​ព្រះ​អគ្គមហេសី​សម្ដេចព្រះ​ភគវតី​ស្រី​សុ​ជាតិ​ឱ្យ​ឡើងជា ព្រះ​មហាក្សត្រី​យ​។ ខែត្រ​ស្រី​ស​ឈរ​ក៏​ត្រូវ​បែងចែក​ជា​២​គឺ មួយ​ផ្នែក​ខាងលើ​នៅ​រក្សា​ឈ្មោះ​ថា ស្រី​ស​ឈរ ដដែល ឯ​មួយ​ផ្នែក​ខាងក្រោម​មានឈ្មោះ​ថា ល្វាឯម នៅ​ក្នុង​ឆ្នាំ​១៦០៤​។
ហើយ​នៅ​ពេល​នោះ​ដែរ​ដែល​ព្រះរាជា ដែល​ទ្រង់​គ្រង​តែ​អាវ​ផាយ​ពណ៌​លឿង​តាម​របៀប​សៀម និង​បាន​សម្រេច​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី តាំងពី​ពួក​មហាតលិក និង​នាយពល​ឡើង​ទៅ បោះបង់​សម្លៀក​បំពាក់​របៀប​លង្វែក ដែល​បង់ក​ក្រមា​វែង​ចេញ ហើយ​ឱ្យ​ស្លៀកពាក់​ដូច​ព្រះ​អង្គ​វិញ​។ ទាំង​ការ​និយាយ​ស្ដី​ក៏​ទ្រង់​ឱ្យ​ដូរ​គឺ​ឱ្យ​ហៅ​ព្រះ​អង្គ​ថា ព្រះ​ស្រី​សុរិយោ​ពណ៌​សម្ដេច​ម​នាថ វិញ​។ ស្ដ្រី​ៗ​ដែល​មាន​ឋានៈ​ខ្ពស់​ត្រូវ​ឆ្លើយ​នឹង​ព្រះរាជា​ថា ព្រះ​ពរ ឆ្លើយ​នឹង​ព្រះ​មហាក្សត្រី​យ​ថា ព្រះ​ម៉ែ ហើយ​ឆ្លើយ​នឹង​ពួក​អ្នក​អង្គ​ម្ចាស់​ថា ព្រះបាទម្ចាស់​។
នៅ​ពេល​នោះ អតីត​រា​ជានុ​សិទ្ធិ​ព្រះ​កែវ​ហ្វ៊ា​យោ​ម​មិន​អាច​លាក់កំបាំង​គំនិត​ដែល​ចង់​ដណ្ដើម​យក​អំណាច​តទៅ​ទៀត​បាន​ទេ ទ្រង់​បាន​គេចខ្លួន​ទៅ​គង់នៅ​ក្នុង​ខែត្រ​ស្ទោង ចន្លោះ​ខែត្រ​ជីក្រែង និង​ខែត្រ​កំពង់ស្វាយ នៅ​ក្នុង​ឆ្នាំ​១៦១១ ហើយ​ចាប់​កេណ្ឌ​កងទ័ព​។ ព្រះ​ស្រី​សុរិយោ​ពណ៌ បាន​លើកទ័ព​ទៅ​វាយ​កែវ​ហ្វ៊ា​យោ​ម ចាប់ខ្លួន​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​ធ្វើឃាត​ចោល​ទៅ​។
ពួក​សៀម​ដែល​តាមដាន​សភាពការណ៍​នៅ​កម្ពុជា​ជាប់ នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​ស្ដី​អំពី​ការ​បំបែក​ខ្លួន​របស់​ពញា​យោ​ម ក៏​បញ្ជូន​ទ័ព​មួយ​កង​ចូល​មក​ដល់​ក្នុង​ខែត្រ​ពោធិ៍សាត់ ដោយ​យក​លេស​ថា​មក​ជួយ​ព្រះរាជា​កម្ពុជា​។ ព្រះ​ស្រី​សុរិយោ​ពណ៌ បាន​ដឹកនាំ​ទ័ព​ទៅ​ជួប​ជាមួយ​ទ័ព​សៀម ពួក​នេះ​ក៏​ចាប់​បើក​ការ​វាយប្រហារ​មក​លើ​ព្រះរាជា តែ​ត្រូវ​ព្រះរាជា​រុញច្រាន​ឱ្យ​ដកថយ​ទៅ​ប្រទល់​ដែន​វិញ​ទៅ​។ ព្រះរាជា​បាន​យាង​ទៅ​កាន់​ស្លា​កែ​ត​នៅ​ក្នុង​ខែត្រ​កំពត ជាទី​ដែល​ព្រះ​អង្គ​គង់នៅ​តាំងពី​ពេល​យាង​ត្រលប់​ពី​ស្រុក​សៀម​ម្ល៉េះ​។
នៅ​ក្នុង​ឆ្នាំ​១៦០១ ព្រះ​សុរិយោ​ពណ៌ បាន​កសាង​វត្ដ​សម្បុក ប្រទាន​ដី កាត់​ឫស​សីមា រួច​ទ្រង់​បញ្ជា​ចៅហ្វាយខែត្រ​ឱ្យ​រៀបចំ​ទទួល​ទូត​មក​ពី​ទិសឧត្ដរ និង​ទិស​បូព៌ា បណ្ដា​អ្នកប្រាជ្ញ​បណ្ឌិត​មក​ពី​បរទេស ជា​ពិសេស ឱ្យ​ថ្វាយ​តង្វាយ​ដែល​ព្រះរាជា​កម្ពុជា​តាំងពី​បុរាណកាល​ធ្លាប់​ថ្វាយ​ជូន​ដល់​ស្ដេច​ភ្លើង និង​ស្ដេច​ទឹក​រាល់​៣​ឆ្នាំ​ម្ដង ដើម្បី​ឱ្យ​ជួយ​ថែរក្សា​ផ្លូវ និង​ព្រៃ​ព្រឹក្សា កុំឱ្យ​សត្រូវ​បៀតបៀន​បាន​។
ព្រះ​ស្រី​សុរិយោ​ពណ៌​គ្រង​រាជសម្បត្ដិ​បាន​១៣​ឆ្នាំ​ហើយ ប៉ុន្ដែ​មិន​ទាន់​ទទួល​ព្រះ​រាជាភិសេក​នៅឡើយ​។ ព្រះ​រាជាភិសេក​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែ ធ្នូ ឆ្នាំ​១៦១៣ ព្រះរាជា​ទ្រង់​កាន់​ព្រះខ័នរាជ្យ គង់នៅ​ក្រោម​ស្វេតច្ឆត្រ ហើយ​ទទួល​ព្រះ​នាម​ថា «​ព្រះបាទ​សម្ដេចព្រះ​បរម​រាជា​ធិ​រាជ​រាម​ធិ​បតី​ព្រះ​ស្រី​សុរិយោ​ពណ៌​»​។

ប្រភព៖វីគីភីឌាំ