ព្រះបាទជ័យវរ្ម័នទី៧ជាស្តេចមានកិត្តិនាមល្បីល្បាញក្នុងប្រវត្ថិសាស្ត្រកម្ពុជា -
ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចមួយអង្គដែលមានកិតិ្តនាមល្បីល្បាញ ក្នុង
ប្រវត្តិសាស្ត្រកម្ពុជា។ព្រះអង្គគឺជាព្រះរាជាមួយអង្គដែលមានចិត្តស្ងៀមមិន
បណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍ឲ្យផ្លាស់ប្តូរ ហក់លោតទៅតាមមនោសញ្ចេតនា ភ្លើងកំហឹង ការ
ប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន
ទី៧ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារចូលលុកប្រទេសកម្ពុជានិងការអស់ព្រះជន្មរបស់
មហាក្សត្រជ្រែករាជ្យបានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។
ព្រះអង្គបានដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល៤ឆ្នាំ
ទើបទទួលបានជោគជ័យ។ដើម្បីដឹងកាន់តែច្បាស់ពីរឿងរាវនេះ គួន សំបូរ និង
ចូលខ្លួនមករៀបរាបដូចតទៅ៖
ព្រះរាជវង្សនិងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧យើងស្គាល់បានមួយភាគធំ
ដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំសិលាចារឹកនៅប្រាសាទបន្ទាយឆ្មារ
ក្នុងខេត្តបាត់ដំបង សិលាចារឹកនៅប្រាសាទបាយ័នប្រាសាទតាព្រហ្មនិងជាពិសេសដោយសារ
សិលាចារឹកនៅប្រាសាទភិមានអាកាសដែលចងក្រងតាក់តែងឡើងជាកំណាព្យកាព្យឃ្លោង ដោយព្រះ
អគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧គឺព្រះនាងឥន្ទ្រទេវី។
ព្រះរាជវង្សបើតាមការស្រាវជ្រាវរបស់លោក ហ្សក សឺដេស (George COEDES) ព្រះបាទ
ជ័យវរ្ម័នទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គ
ព្រះនាមជ័យរាជាចូឌាមណីព្រះបិតាព្រះអង្គព្រះនាមធរណិន្ទ្រវរ្ម័នទី២ដែលសោយរាជ្យ
បន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី២។ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦។
ដូច្នេះយើងឃើញថាតាមរយៈមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្សមហាក្សត្រខ្មែរ
ជំនាន់មុនអង្គរ(ឬក្នុងសម័យនគរហ្វូណន់-ចេនឡា)។ចំណែកខ្សែស្រឡាយព្រះរាជវង្ស
ឪពុកព្រះអង្គចុះមកពីព្រះសន្នគិវង្សមហិធរបុរៈ។
តាមរយៈសិលាចារឹកដដែលយើងបានដឹងថា កាលបីតាព្រះអង្គព្រះបាទធរណិន្ទ្រវរ្ម័នទី២នៅ
សោយរាជ្យជាមហាក្សត្រកម្ពុជាព្រះបាទជ័យរ្ម័នទី៧បានទទួតំណែងជាមេទ័ពធំកំពូល
ដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គបាន
ព្រះជន្ម២៥ ព្រះវស្សា។បើតាមសិលាចារឹក យើងអាចស្មានបានថា កាលនោះព្រះអង្គ
មានមហេសីរួចស្រេចទៅហើយគឺព្រះនាងជ័យរាជទេវី ប្រហែលជាក្នុងគ.ស១១៤៥ហើយ
ព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្ទ្រកុមារ។ព្រះបាទជ័យវរ្ម័ន
ទី៧ត្រូវបែកព្រាត់ប្រាស់ពីប្រពន្ធ កូន ដោយក្តិវិយោគអួលណែនចុកចាប់រៀងរាល់ថែ្ងពុំដែល
មានល្ហែល្ហើយឡើយ។ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះ
ត្រូវបានព្រះនាងឥន្ទ្រទេវីជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរវិញជាភួង
កំនាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស។
ព្រះនាងឥន្ទ្រទេវីបានរៀបរាប់អធិប្បាយថា៖ ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧
ព្រះនាងជ័យរាជទេវីប្រៀបបានទៅជាព្រះនាងសិតា ដែលកំពុងព្រាត់ពីស្វាមីគឺ
ព្រះរាម។ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ឯស្តេចចាមប្រៀបបាននឹងក្រុរាពណ៍។
នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំងព្រះនាងជ័យរាជទេវីបាន
ចូលទៅកាន់សីល កាន់ត្រណមគោរពទៅតាមក្បួនប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។
ព្រះនាងតែងតែខិតខំសិក្សាស្វាធ្យាយធ៌ម បួងសួងបន់ស្រន់សុំឲព្រះស្វាមីបានជួបតែ
សេចក្តីសុខ និងជ័យជំនះឈ្នះអស់លើសត្រូវ។ព្រះនាងមានរូបកាយស្គាំងស្គម ហើយមិនយក
ព្រះទ័យទុកដាក់នឹងព្រះកេសាព្រះនាងឡើយ។កាលណាបើនឹកឃើញដល់ព្រះស្វាមីម្តងៗ ព្រះ
នាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។តែការឈឺចុកចាប់នេះ បានធ្វើអោយព្រះនាង
សប្បាយរំសាយទុក្ខទៅវិញ។ព្រះនាងជ័យរាជទេវីនៅតែស្មោះត្រង់រង់ចាំការវិលត្រឡប់របស់
ព្រះបាទជ័យវរ្ម័នជានិច្ច។
តស៊ូព្យាយាមរង់ចាំនៅគ.ស១១៦០ព្រះបាទជ័យវរ្ម័នទី៧កំពុងធ្វើចំបាំងប្រយុទ្ធជាមួយ
កងទ័ពចាមនៅមុខក្រុមពិជ័យ។គ្រានោះព្រះអង្គបានទទួលដំណឹងថាបិតាព្រះអង្គចូល
ទីវង្គតហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។នៅចំពោះមុខស្ថានការណ៍
ផ្លាស់ប្តូរនេះព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។ព្រះនៅតែបន្តធ្វើ
សង្គ្រាមវាយបប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើមហាក្សត្រថ្មី ដោយគ្មាន
វៀចវេរ។នៅពេលដែលព្រះអង្គទទួលដំណឹងថានៅព្រះរាជធានីមានមន្ត្រីក្បត់ចង់ធ្វើឃាត
ព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងត្រលប់ចូលមកនគរវិញ ដើម្បីជួយជ្រោមជ្រែង
ព្រះរាជា។តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មកន្លងហួសផុតរួចជាស្រេច
បាត់ទៅហើយ។ព្រះបាទយសោវរ្ម័នត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គព្រះ
ស្រីឥន្ទ្រកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ។
ក្នុងគ.ស១១៦៥ បើតាមសិលាចារឹកបន្ទាយឆ្មារ ស្តេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ
បានរៀបចំធ្វើពិធីរាជាភិសេក ហើយប្រកាសខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។កាលនោះ
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមតាំងរាំងជល់នឹង
ស្តេចជ្រែករាជ្យដើម្បីដណ្តើមរាជ្យបល្ល័ង្គមកវិញទេ។ព្រះនឹងនៅស្ងៀមមិន
បណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍ឲផ្លាស់ប្តូរ ហក់លោតទៅតាមមនោសញ្ចេតនា
ភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំ
រស់នៅប្រាសាទព្រះខ័ន្ធក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធត្រិះរិះស្រាវជ្រាវសិក្សា
ពិចារណាផ្លូវចំរើនរង់ចាំឳកាសល្អដើម្បីដាក់ខ្លួនចូលបំរើជាតិ។
លទ្ធផលនៃការតស៊ូព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយៈពេល១៧ឆ្នាំ (គ.ស
១១៦០-១១៧៧)ទើបឳកាសល្អបានមកដល់។ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារ
ចូលលុកប្រទេសកម្ពុជានិងការអស់ព្រះជន្មរបស់មហាក្សត្រជ្រែករាជ្យបានជំរុញអោយ
ព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គបានដឹកនាំការតស៊ូប្រឆាំងនឹង
អាណានិគមចាម្ប៉ាអស់រយៈពេល៤ឆ្នាំទើបទទួលបានលទ្ធផលល្អ។ នៅគ.
ស១១៨១ព្រះអង្គបានតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមហើយព្រះអង្គបានប្រកាសជា
មហាក្សត្រនគរកម្ពុជាហើយទទួលរាជាភិសេកក្នុងឆ្នាំដដែល។កាលនោះតាមការប៉ាន់
ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០ព្រះវស្សា។ចំណែកខាង
អគ្គមហេសីជ័យរាជទេវីព្រះអង្គវិញ ដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះ
រតនត្រ័យដែលបានជ័យព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជាទេពីបានធ្វើបុណ្យ
ចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្ត្រ។ក្រោយពីព្រះរាជអគ្គមហេសី
ជ័យទេវីចូលទីវង្គតព្រះនាងឥន្ទ្រទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧អភិសេក
តែងតាំងជាព្រះអគ្គមហេសី។ព្រះនាងជាស្ត្រីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់ មាន
ប្រាជ្ញាភឺ្លថ្លាមោះមុតឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្ត្រ មានធ៌មមេត្តាស
ន្តោសហើយគោរពបូជាព្រះពុទ្ធសាសនា។ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី
ដែលជាមហេសីព្រះបាទជ័យវរ្ម័នទី៧សុទ្ធតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី
តាមព្រះពុទ្ធឳវាទ។
ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរព្រះអង្គគោរពបូជានិងមានជំនឿទៅលើ
ព្រះពុទ្ធសាសនាមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើន សុទ្ធតែមានជំនឿ ជឿនិង
ធ្វើសក្ការៈបូជាថ្វាយចំពោះព្ឬះពុទ្ធសាសនា។បុត្រព្រះអង្គព្រះនាមតមលិន្ទបាន
បួសជាសង្ឃ ហើយបានទៅបន្តការសិក្សានៅកោះសិរីលង្កា។បុត្រមួយព្រះអង្គទៀត
ព្រះអង្គវីរកុមារ ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពី
ព្រះពុទ្ធសាសនាលើផ្ទាំងថ្មនៅប្រាសាទព្រះខ័ណ្ឌ។កិត្យានុភាពព្រះបាទជ័យវរ្ម័នទី៧
ដោយសាការតស៊ូព្យាយាមព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកថា ជាជោគជ័យ
ផ្ទាល់ខ្លួន។តែព្រះអង្គបានយកជោគជ័យនេះ ព្រមទាំងឥទ្ធិពលអំនាច ការចេះដឹង បទពិសោធន៍
និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិផ្តល់នូវសេចក្តីសុខ
ក្សេមក្សាន្ត សន្តិភាព វឌ្ឍនភាព ដល់ប្រជានុរាស្ត្រដោយគ្មានរើសអើងវណ្ណៈ។
ការកសាងរបស់ព្រះអង្គមិនមែនតែប្រាងប្រាសាទដ៏ធំស្កឹមស្កៃនោះទេ
ព្រះអង្គបានកសាងទំនុកបំរុងសាសនាក៏ដូចជាក្នុងផ្នែកសង្គមជាតិដែរ។ក្នុង
រជ្ជកាលព្រះអង្គនគរចាម្ប៉ាបានក្លាយជាអាណាខេត្តខ័ណ្ឌខ្មែរ។ទឹកដីខ្មេរក៏បាន
លាតសន្ធឹងវែងឆ្ងាយជាមហាអំណាចមួយយ៉ាងធំដែរនៅក្នុងអាស៊ីអាគ្នេយ៍។ចក្រភព
ខ្មែរក្នុងរាជ្យជ័យវរ្ម័នទី៧ មានចាម្ប៉ា បច្ចុប្បន្នលាវ សៀមនិងទឹកដីមួយភាគធំនៃ
ប្រទេសភូមា និងម៉ាឡេស៊ី។ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គបានចូលទីវង្គតក្នុងគ.ស១២០២៕
ប្រភព៖http://vayofm.com/news/detail/55984.html