ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលពោរពេញទៅដោយព្រៃឈើ និងមានសត្វព្រៃជាច្រើនប្រភេទផងដែរ កំពុងរស់នៅទីនោះ ក្នុងចំណោមសត្វទាំងនោះ យើងសង្កេតឃើញថា សត្វខ្ទីង ជាសត្វមួយដែលកម្រមានខ្លាំងណាស់ ហើយវាជាប្រភេទសត្វព្រៃធំដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ប៉ុន្តែវាប្រឈមនឹងការបាត់បងខ្លាំងណាស់ ដោយសារព្រៃឈើកាន់តែហិនហោច ម្យ៉ាងវិញទៀតដោយសារតែមានអ្នកប្រមាញ់តាមប្រមាញ់ យកទៅលក់ ដោយសារតែវាមានតម្លៃខ្ពស់ខ្លាំង ។
លក្ខណៈរបស់សត្វខ្ទីង
សត្វខ្ទីង ជាសត្វដែលមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង ចំណែក.កខ្លីបន្តិច រាងមាំ ដោយមានបូកនៅផ្នែកខាងក្រោម ។ ជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមពណ៌ប្រផេះ ។ នៅលើថ្ងាស មានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល ។ កូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ ។ ខ្ទីងញីមានមាឌ និងស្នែងតូចជាងខ្ទីងឈ្មោល ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ ។ សត្វខ្ទីងមានទម្ងន់ពី៤០០ ទៅ ១០០០គីឡូក្រាម ។
សត្វខ្ទីង អាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់២០០០ម៉ែត្រ (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) ។ ខ្ទីងរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងទន្សោង ។ ជាធម្មតា ខ្ទីងចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច ។ វាចូលចិត្តរស់នៅជាហ្វូង ។ អាហាររបស់វា គឺល្បាស់ខ្ចី ទំពាំង ស្មៅ និងវល្លិជាដើម ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមួួយដែលមានអាកាសធាតុក្តៅ ហើយសើម ទើបសម្បូរទៅដោយធនធានធម្មជាតិ ដែលអនុគ្រោះដល់សត្វព្រៃរស់នៅ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលអាកាសធាតុខ្លាំង និងអ្នកប្រមាញ់ កាន់តែមានឧបករណ៍ទំនើប ដែលអាចបាញ់សត្វធំៗបាន ដូចជាសត្វខ្ទីងនេះជាដើម ។ ដូចនេះហើយ ដើម្បីការពារសត្វព្រៃដ៏កម្រនេះបាន មានតែប្រជាពលរដ្ឋជួយការពារថែរក្សា ព្រៃឈើដែលជាជម្រសត្វព្រៃទាំងនេះ និងឈប់បរបាញ់សត្វទាំងនេះតទៅទៀត ដើម្បីទុកឲ្យក្មេងៗជំនាន់ក្រោយបានឃើញ និងបានស្គាល់ផង ។
សូមទស្សនាវីដេអូ៖
ប្រភព៖http://khnewstoday.info/archives/112






