រឿង​អាថ៌កំបាំងធ្វើ​ឱ្យ ឃីម​ ឌីម៉ា​ ​ល្បីឈ្មោះ​​ក្នុង​វិស័យ​ប្រដាល់

អ្នក​ប្រដាល់​រហស្សនាម​នាគ​ខ្មៅ​ ឃីម​ ឌីម៉ា​ ចែក​រំលែក​បទពិសោធមួយ​ចំនួន​ក្នុង​វិស័យ​គុន​ខ្មែរ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ឈ្មោះ​ល្បីល្បាញ​​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ដែរ​ស្ទើរ​តែ​គ្មាន​ដៃ​គូ​ណា​អាច​យក​ឈ្នះ​លើ​គេ​បាន​ឡើយ។​

កីឡាករ ឃីម ឌីម៉ា
កីឡាករ​ ឃីម​ ឌីម៉ា​ បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​ខ្លួន​ខំប្រឹង​កន្លង​មក​និង​ទទួល​បាន​ភាពល្បី​រន្ទឺ​មក​ដល់​ពេល​បច្ចុប្បន្ន​នោះ​ គឺ​ការ​តាំង​ចិត្ត​ខ្ពស់។​ កាល​ណា​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ ខំ​ប្រឹងប្រែង​និង​ព្យាយាម​ហើយ​ព្យាយាម​ទៀត​ នោះ​សមត្ថភាព​នឹង​កើន​ឡើង​ទៅ​តាម​នេះ​ដែរ។​ និយាយ​ជា​រួម​មិន​ងាយ​បោះបង់​នៅ​ពេល​ដែល​ខ្លួន​ជួប​ឧបសគ្គ​ និងត្រូវ​តែ​តស៊ូ​បន្ត​ទៀត។​
អ្នក​ប្រដាល់​ដើម​កំណើត​មក​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ថែម​ទៀត​ថា​ កត្តា​រួមផ្សំ​មួយ​ទៀត​នោះ​គឺ​គ្រូ​បង្ហាត់​ កាល​ណា​គ្រូ​ខ្លាំង​និង​មាន​បច្ចេកទេស​ខ្ពស់​ ​មានច្បាប់​ទម្លាប់​តឹងរ៉ឹង​ក៏​អាច​ជួយ​ឲ្យ​សិស្ស​ល្បី​ឈ្មោះ​បាន​ដែរ។​


កីឡាករ ឃីម ឌីម៉ា
ម្ចាស់​ខ្សែ​ក្រវាត់​ស្រាបៀ​កម្ពុជា​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​រូប​នេះ ​ប្រាប់​ទៅ​ដល់​កីឡាករ​ស្រករ​ក្រោយ​ មិន​ឲ្យ​គិត​ថា​គេ​ខ្លាំង​ ខ្លួន​ឯង​ខ្សោយ​ហើយ​អត់​ខំ​ប្រឹងប្រែង​ហាត់​នោះទេ ត្រូវ​រៀន​ធ្វើ​តាម​គេ​ហេតុ​អ្វី​គេ​ល្បី​ហើយ​ធ្វើ​ដូចម្ដេច​ យូរ​ៗ​ទៅ​នឹង​ល្បី​ឈ្មោះ​ដូច​កីឡាករ​ដទៃ​អញ្ចឹង​ដែរ។​
កីឡាករ​ ឃីម​ ឌីម៉ា​ ជា​កូន​ប្រុស​របស់​លោក​គ្រូ​ ហេង​ ប៊ុនឃីម​ អ្នក​ខេត្ត​បន្ទាយមានជ័យ។​ អ្នក​លេង​កែង​រូប​នេះ​ក៏​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្រាបៀ​កម្ពុជា​របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ប្រកួត​ជម្រុះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ CNC ​ផង​ដែរ៕​

 ប្រភព៖http://news.sabay.com.kh/article/929179#utm_campaign=onpage