ដោយសារតែភាពទីទាល់ក្រីក្រខ្លាំងពេក គ្មានលទ្ធភាពរកលុយបង់ថ្លៃពេទ្យឱ្យប្រពន្ធវះកាត់ពោះវៀនដុះខ្នែងនោះ បុរសម្នាក់បានសម្រេចចិត្តលួចស៊ីបប្រូស៊ីម៉ង់ប្រក់ដំបូល នៅកន្លែងលក់គ្រឿងសំណង់មួយកន្លែង ហើយត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវធ្វើការឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៧ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ម្ចាស់អាជីវកម្មលក់គ្រឿងសំណង់យីហោស្សាវរីយ៍ បានប្តឹងទៅសមត្ថកិច្ចឱ្យជួយ តាមចាប់ចោរ ដែលបានលួចស៊ីបប្រ៊ូស៊ីម៉ង់ប្រក់ដំបូល របស់គាត់ ដែលដាក់លក់នៅក្រៅផ្ទះ ។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវ បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង និង រូបភាពតាមកាមមេរ៉ាសុវត្តិភាព បានបង្ហាញពីភិនភាគរបស់ជនសង្ស័យនោះ លោកបានបញ្ជាឱ្យសមត្ថកិច្ចជំនាញចុះធ្វើការល្បាតជុំវិញក្រុង នៅតាមផ្លូវនិមួយៗ ដើម្បីឃ្លាំមើលក្រែងលោជួបភិនភាគ ដែលបានបង្ហាញតាមកាមេរ៉ាសុវត្តិភាព តែមិនទាន់បានប៉ុន្មាននាទីផង សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចក្បែរវត្តសីហរតនារាម ស្ថិតនៅក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅពេលដែលរូបគេកំពុងយករឺម៉ូក ដែលដឹកស៊ីបប្រ៊ូស៊ីម៉ង់ ទៅប៉ះកង់ ។ ជនសង្ស័យមានឈ្មោះ ចាន់ វាសនា អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្តុកព្រៃ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានមុខរបរជាអ្នកលក់ដូង ។ ទីតាំងដែលចោរចូលលួចស៊ីបប្រ៊ូស៊ីម៉ង់នៅក្នុងផ្ទះលក់គ្រឿងសំណង់យីហោស្សាវរីយ៏នោះ គឺស្ថិតនៅភូមិថ្នល់បែក សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ចាន់ វាសនា បានសារភាពថា រូបគេពិតជាបានលួចស៊ីបប្រ៊ូស៊ីម៉ង ដែលគេដាក់លក់នៅខាងក្រៅផ្ទះពិតប្រាកដមែន ហើយការលួចនេះទើបតែជាលើកទីមួយនោះទេ សម្រាប់ជីវិតរបស់គេ ព្រោះដោយសារតែគេទីទាល់ក្រខ្លាំងពេក មិនមានលុយបង់ថ្លៃពេទ្យឱ្យប្រពន្ធ ដែលវះកាត់ពោះវៀនដុះខ្នែងនៅមន្ទីរពេទ្យ ទើបរូបគេដាច់ចិត្តទៅលួចស៊ីបប្រ៊ូស៊ីម៉ង់នោះ មកលក់យកលុយដើម្បីបង់ថ្លៃសេវារបស់ពេទ្យ គេថា សុខចិត្តជាប់គុកឱ្យតែប្រពន្ធបានវះកាត់ជាសះស្បើយ តែជាអកុសលមិនទាន់ទាំងបានយកទៅលក់ផង ក៏ត្រូវប៉ូលីសចាប់ខ្លួនបាត់ទៅហើយ ពេលនេះមិនដឹងប្រពន្ធគាត់ទៅជាយ៉ាងណានោះទេ ៕ សុថាត់
ប្រភព៖https://www.pmhotnews.com/2017/05/24/121140.html/




