ពេលខ្ញុំនឹងប្ដីព្រមព្រៀងគ្នារៀបការបន្ទាប់ពីរៀនចប់ ម៉ាក់ប៉ាខាងប្ដីខ្ញុំព្យាយាមរារាំងពួកយើងទាំងពីរ ដោយសារពួកគាត់ស្អប់ខ្ញុំជាអ្នកក្រ។ ពួកគាត់ខ្លាចថាពុកម៉ែបងប្អូនខ្ញុំនឹងធ្វើឲ្យគ្រួសារពួកគាត់ក្ដៅក្រហាយ ខ្លាចខ្ញុំចង់បានលុយពួកគាត់ហើយទារថ្លៃទឹកដោះច្រើន។ ប៉ុន្តែខ្ញុំនិងប្ដីខ្ញុំស្រឡាញ់គ្នាណាស់ ឯពុកម៉ែខ្ញុំក៏យោគយល់។ នៅពេលប្ដីខ្ញុំចូលដណ្ដឹងខ្ញុំ (ប៉ាម៉ាក់គាត់មិនព្រមមកជាមួយទេ) ពុកម៉ែខ្ញុំមិនបានទាមទារអ្វីឡើយ សុំឲ្យតែប្ដីខ្ញុំស្រឡាញ់ខ្ញុំ ល្អជាមួយខ្ញុំរហូតទៅគ្រប់គ្រាន់ហើយ។
ពួកយើងទាំងពីរមិនបានរៀបពិធីមង្គលការធំដុំអ្វីឡើយ។ បន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាហើយ ពួកយើងក៏ទៅក្រេបទឹកឃ្មុំប៉ុន្មានថ្ងៃ មុនត្រលប់មកធ្វើការធម្មតាក្នុងតំណែងតូចតាច។ ពួកយើងចេញមកជួលផ្ទះនៅជាមួយគ្នាខាងក្រៅ។ ត្បិតតែយើងទាំងពីរសុទ្ធតែមានប្រាក់ខែ ប៉ុន្តែការរស់នៅកាលនោះមានការលំបាកច្រើនណាស់។
រូបតំណាង
បន្ទាប់ពីរៀបការហើយពួកយើងស្ទើរតែមិនបានទាក់ទងទៅប៉ាម៉ាក់ខាងប្ដីខ្ញុំប៉ុន្មានឡើយ ព្រោះពួកគាត់នៅតែខឹងដែលប្ដីខ្ញុំមិនស្ដាប់តាមពួកគាត់។ កុំថាឡើយពេលយើងជួបបញ្ហាលំបាកលំបិនយ៉ាងណា ក៏ពួកគាត់មិនដែលខ្វល់ខ្វាយសួរនាំ ជួយនោះជួយនោះដែរ។ ផ្ទុយទៅវិញលុយដែលគាត់មានប៉ុន្មាន គឺគាត់យកទៅផ្គាប់ផ្គុនប្អូនប្រុសប្ដីខ្ញុំទាំងអស់។ ដំបូងខ្ញុំមានអារម្មណ៍ថាមិនយុត្តិធម៌សោះ ប៉ុន្តែក៏ឈប់គិតច្រើនពេលប្ដីប្រាប់ថា ដែលពួកគាត់ចិញ្ចឹមគាត់ឲ្យរៀនសូត្របានប៉ុណ្ណេះចាត់ទុកថាគ្រប់គ្រាន់ហើយ បន្ទាប់ពីនេះគាត់ជាមួយខ្ញុំត្រូវរ៉ាប់រងដោយខ្លួនឯង។
យើងទាំងពីរនាក់ដាក់ចិត្តដាក់កាយប្រឹងធ្វើការ ក៏បានឡើងតំណែងខ្ពស់ជាបន្តបន្ទាប់ ប្រាក់ខែក៏កើនឡើងគួរសម រហូតពួកយើងអាចទិញផ្ទះ ទិញឡានបានដោយខ្លួនឯង។ ពួកយើងពីរនាក់ប្ដីប្រពន្ធមានជីវិតកាន់តែល្អប្រសើរ ខ្វះតែម្យ៉ាងគឺមិនទាន់មានកូន។ ម៉ាក់ប៉ាក្មេកខ្ញុំ បន្ទាប់ពីឃើញពួកយើងមានឋានៈល្អបែបនេះ ក៏ចាប់ផ្ដើមទទួលស្គាល់ពួកយើង និងបាននិយាយថាពេលណានឹងមានចៅឲ្យគាត់ជួយមើល ពួកគាត់មិនទាន់ចាស់ណាស់ណាទេ អាចជួយមើលកូនឲ្យបាន ប៉ុន្តែប្ដីរបស់ខ្ញុំក៏មិនបានទទួលមាត់ទទួលកពួកគាត់ដែរ។
និយាយពីប្អូនប្រុសប្ដីខ្ញុំវិញ ពួកគេបានរៀបការក្រោយយើងមួយឆ្នាំ។ ប្រពន្ធរបស់គេគឺជានារីទីក្រុង ទាមទារថ្លៃបណ្ណាការ ជាលុយសុទ្ធ៦ពាន់ដុល្លារ រួមទាំង ផ្ទះមួយខ្នង ឡានមួយគ្រឿង។ ឪពុកម្ដាយក្មេកខ្ញុំមិនមានលុយដល់ថ្នាក់ហ្នឹងឡើយ ហេតុដូច្នេះក៏ឲ្យនាងជ្រើសរើសរវាងឡាននិងផ្ទះ។ ទីបំផុតនាងក៏ជ្រើសរើសយកឡានមុន ហើយសុំផ្ទះក្នុងរយៈពេល ៣ឆ្នាំទៅមុខទៀត ថែមទាំងមានលក្ខខណ្ឌថាបើមិនបានផ្ទះ នាងនឹងមិនយកចៅឲ្យពួកគាត់បានពរឡើយ។
ចុងឆ្នាំមុននេះខ្ញុំបានទទួលប្រាក់បំណាច់ (Bonus) ចំនួន ៣០០០ដុល្លារ ថែមទាំងថ្ងៃឈប់សម្រាកពិសេសចំនួន ១ខែ ក៏ចង់បបួលប្ដីទៅដើរលេងផ្លាស់ប្ដូរបរិយាកាសនៅអឺរ៉ុប។ មុនចេញដំណើរប៉ុន្មានថ្ងៃ ម៉ាក់ប៉ាក្មេកបានទូរសព្ទមកថាចង់ញ៉ាំបាយជាមួយគ្នា។ ដំបូងឡើយប្ដីខ្ញុំមិនចង់ទៅទេ ប៉ុន្តែខ្ញុំនិយាយថាយ៉ាងណាៗចុងឆ្នាំទៅហើយ ញ៉ាំបាយជុំគ្នាម្ដងទៅ នឹងអាលបានទិញអំណោយឆ្នាំថ្មីជូនគាត់ពេលនោះតែម្ដង។ ប្ដីខ្ញុំក៏យល់ព្រម។
នៅពេលទៅដល់ហាង កុម្ម៉ង់អាហារហើយ ពួកយើងជជែកគ្នានេះនោះតិចតួច ក៏ចាប់ផ្ដើមអស់រឿងនិយាយ ដោយសារយើងទាំងពីរនាក់ឃ្លាតឆ្ងាយពីពួកគាត់យូរពេក។ បន្ទាប់មកម៉ាក់ក្មេកខ្ញុំក៏ចាប់ផ្ដើមនិយាយថា ឮថាខ្ញុំបានប្រាក់ Bonus ច្រើន គាត់មានរឿងចង់ឲ្យជួយ គឺគាត់ចង់ខ្ចីលុយខ្ញុំទៅទិញផ្ទះឲ្យប្អូនថ្លៃ។
រូបតំណាង
គ្រាន់តែឮប៉ុណ្ណេះ ប្ដីខ្ញុំក្ដៅឆេវ ស្ទុះងើបឡើងនិងនិយាយសំឡេងខ្លាំងៗថា «ពីដំបូងម៉ាក់និងប៉ាធ្វើយ៉ាងម៉េចខ្លះដាក់ខ្ញុំ? ឥលូវនេះពេលឃើញពួកខ្ញុំមានបានទើបនឹកដល់ពួកខ្ញុំ ហើយអាប្អូនវាធ្វើយ៉ាងម៉េចដាក់ម៉ាក់ប៉ាខ្លះ ម៉ាក់ប៉ាមើលមិនឃើញទៀត? ម៉េចក៏ងប់ស្រឡាញ់វាដល់ថ្នាក់ហ្នឹង? ហើយឥលូវម៉េច ទិញផ្ទះឲ្យវា ព្រោះចង់បានចៅពរ? អត់ប្រយោជន៍!»
ម្ដាយក្មេកខ្ញុំឃើញកូនប្រុសនិយាយម៉ាំងៗបែបនេះ ក៏ចង្អុរមុខគាត់ហើយនិយាយថា «ហ្អែងអង្គុយចុះភ្លាម! អញងប់អញងល់ម៉េច គ្រាន់តែចង់បានចៅពរ មិនឲ្យខ្ចីលុយហីទៅ ម៉េចចាំបាច់មកតឹងសរសៃកដាក់អញ«។ ប្ដីក៏ឆ្លើយត «ខ្ញុំគ្រាន់តែទ្រាំមិនបានដែលម៉ាក់ប៉ាលម្អៀង នេះស្អី មកខ្ចីលុយទិញផ្ទះឲ្យវា ព្រោះចង់ពរចៅ ហើយកូនខ្ញុំមិនមែនចៅម៉ាក់ប៉ាទេហ្អី កុំថាខ្ញុំច្រឡោត ខ្ញុំគ្រាន់តែមិនពេញចិត្ត»។ និយាយចប់គាត់បំបះតុប្រាវ រួចក៏ដើរចេញពីហាង ដោយនិយាយថា «គំនិតម៉ាក់ប៉ាយ៉ាងនេះ ទោះខ្ញុំមានលុយក៏មិនឲ្យខ្ចីដែរ!»។
ឃើញស្ថានភាពបែបនេះ ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េច។ ពេលជួយពួកគាត់ជូតអាហារជាប់ខ្លួនហើយ ក៏ហៅអ្នកលក់ឲ្យគិតលុយ រួចក៏នាំគាត់ឡើងឡានត្រលប់ទៅផ្ទះវិញ។ ពីដំបូងគិតថាមកញ៉ាំបាយរួមគ្នាឲ្យទំនាក់ទំនងត្រលប់ប្រសើរឡើងវិញ តែលទ្ធផលបែរជាដុនដាបជាងមុនទៅទៀត។ ពេលខ្លះខ្ញុំឆ្ងល់ណាស់ កូនដូចគ្នាសោះ ស្រឡាញ់ឲ្យស្មើគ្នាទៅមិនបាន?
ប្រភព៖ Liekr


