ទឹកនោមផ្អែម ជាជំងឺមួយប្រភេទកំពុងកើតមានច្រើនឡើងៗ មិនថានៅតាមបណ្តាប្រទេសជ្រឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍនោះឡើយ ហើយចំពោះការព្យាបាលនិងថែរក្សា ក៏នៅជួបឧបសគ្គច្រើន ពិសេសនៅបណ្ដាប្រទេសក្រីក្រ។ ជំងឺទឹកនោមផ្អែមអាចកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអាចបង្កទៅជាបញ្ហាតម្រង់នោម ខ្សោយក្រលៀន ងងឹតភ្នែក ធ្វើឱ្យបេះដូង ប្រព័ន្ទប្រសាទ និងសម្ពាធឈាមចុះខ្សោយ ឬអាចដាច់សរសៃឈាមក្នុងខួរក្បាលក្នុងដំណាក់កាលធ្ងន់ធ្ងរណាមួយនោះ។ នេះបើតាមការឱ្យដឹងពីអ្នកឯកទេសខាងផ្នែកជំងឺទឹកនោមផ្អែម។
គួរជម្រាបជូនថា អ្នកជំងឺទឹកនោមផ្អែមមានអាការៈធម្មតា ហាក់គ្មានអ្វីប្លែកខុសពីប្រក្រតី តែគួរតែចាប់ភ្លឹកចំពោះអាការៈមួយចំនួនដូចជា នោមញឹកញាប់ ស្រេកទឹកខុសពីធម្មតា ចុះស្គម និងអស់កម្លាំងជាដើម។ ទោះបីជាមានអាការៈសាមញ្ញទាំងនេះក៏ដោយ ក៏យើងពិបាកស្មានថាមានជំងឺទឹកនោមផ្អែមឬអត់ណាស់ តែបើយល់ល្អគួរតែទៅពិគ្រោះឬពិនិត្យសុខភាពជាមួយនឹងពេទ្យជំនាញ ព្រោះថាជំងឺមួយប្រភេទនេះកើតឡើងដោយសភាពស្ងាត់ៗ ដែលបង្កទៅជាជំងឺរ៉ាំរ៉ៃ និងកាន់តែរីកធ្ងន់ធ្ងរឡើងៗនៅក្នុងជីវិតមនុស្ស។
ដ្បិតថា ជំងឺទឹកនោមផ្អែមមិនទាន់មានការអះអាងណាមួយមកបញ្ជាក់ថា អាចព្យាបាលបានសះស្បើយក៏ដោយចុះ ក៏ប៉ុន្តែអ្នកជំនាញឯកទេសជំងឺទឹកនោមផ្អែមបានណែនាំដល់ប្រជាពលរដ្ឋទាំងឡាយថា ដើម្បីប្រយុទ្ធប្រឆាំង បង្ការកុំឱ្យកើតជំងឺរ៉ាំរ៉ៃនេះ គឺត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យល្អប្រសើរ ក្នុងនោះមានជាអាទិ៍ ការហូបចុកមានតុល្យភាព និងបញ្ចេញសកម្មភាពធ្វើកីឡា ដែលទាំងអស់នេះសុទ្ធសឹងជាមធ្យោបាយសាមញ្ញៗជួយបញ្ចៀសជំងឺរ៉ាំរ៉ៃមួយនេះ។ បើគេមានការប្រុងប្រយ័ត្ននិងចេះការពារជាមុន នោះគ្រោះកើតជំងឺទឹកនោមផ្អែមកម្រនឹងកើតមានណាស់។ ការការពារនាពេលនេះមិនមែនមានន័យថា ការពារបានទាំងស្រុងនោះទេ តែយ៉ាងហោចណាស់អាចកាត់បន្ថយការកើតមានជំងឺទឹកនោមផ្អែមបានច្រើន និងការពារកុំឱ្យអ្នកជំងឺមួយនេះធ្លាក់ដុនដាបខ្លាំង ឬបំផ្លាញសុខភាព និងជីវិតរស់នៅប្រចាំថ្ងៃបានឆាប់រហ័សពេក។ ក្រៅពីនេះ គេក៏មិនគួរខ្លាចបរិភោគផ្លែឈើមានជាតិផ្អែមនោះទេ លើកលែងតែអ្នកជំងឺដែលធ្លាក់ដល់ដំណាក់កាលចុងក្រោយប៉ុណ្ណោះ។ លើសពីនេះ គួរទទួលទានដំណេកឱ្យបានគ្រប់គ្រាន់តាមការកំណត់៨ម៉ោងក្នុងមួយថ្ងៃ និងចៀសវាងសម្ពាធផ្លូវចិត្ត កុំឱ្យមានកំហឹង កើតទុក្ខ ធ្លាក់ទឹកចិត្ត ឬតានតឹងក្នុងអារម្មណ៍ជាដើម៕
ប្រភព:interconroster
