អោយតែនឹកដល់មីឆា គឺខ្ញុំតែងតែនឹកដល់ថ្ងៃមួយនោះ។ ថ្ងៃមួយនោះ គឺជាថ្ងៃ ដែលខ្ញុំត្រូវបានក្រុមហ៊ុនមួយ ណាត់ជួបសម្ភាសន៏ការងារ ជាលើកដំបូងបំផុត ក្នុងជីវិតក្មេងខ្ចីរបស់ខ្ញុំ។ ខ្ញុំបានរៀបចំខ្លួនរួចរាល់ និងចាកចេញពីផ្ទះ តាំងពីព្រឹកព្រលឹមអុល ព្រោះទីតាំងរបស់ក្រុមហ៊ុន គឺឋិតនៅឆ្ងាយខ្លាំងណាស់ ខ្លាំងហៅមិនលឺ ពីផ្ទះខ្ញុំ 😀 ។ ខ្ញុំនៅចាំថា គ្រាន់តែជិះទៅដល់ក្រុមហ៊ុននោះភ្លាម ក្បាលពោះខ្ញុំក៏កូរល្មម ដូច្នេះខ្ញុំក៏ប្រញាប ដើរទៅស្រស់ស្រូប អាហារពេលព្រឹក នៅហាងគុយទាវមួយ ដែលឋិតនៅក្បែរនោះ។
ប៉ុន្តែ អ្វីដែលខ្ញុំត្រេកអរបំផុត ហើយមិននឹកស្មានដល់នោះ គឺខ្ញុំបានភ្លេចកាបូបលុយនៅឯផ្ទះ។ សំណាងល្អដែរ ដែលខ្ញុំនៅសល់ប្រហែល ៣០០០ រៀល នៅក្នុងកាតាប ដែលទើបសន្សំបានពីការលក់អេតចាយ កាលពីម្សិល។ ដូច្នេះ ខ្ញុំក៏ធ្វើការសម្រេចចិត្ត ដ៏លំបាកមួយ ដើម្បីដើរទៅរទេះលក់មីឆា នៅមុខហាងគុយទាវ យ៉ាងគ្រោតគ្រាត។
” ពូ ! មីឆា២ពាន់ មួយកញ្ចប់។ អត់យកសាច់គោទេ យកតែបន្លែងនិងពងបានហើយ ” និយាយរួច ខ្ញុំក៏ហុចលុយ២០០០រៀល អោយទៅពូលក់មីឆា។
រំពេចនោះ ខ្ញុំក៏ក្រឡេកឃើញ ក្មេងស្រីម្នាក់ ទឹកមុខស្លេកស្លាំង ស្គមសល់តែស្បែកដណ្តប់ឆ្អឹង ដើរត្រុកៗ ទូលផ្លែចាន់ បំណងយកទៅលក់ នៅក្នុងហាងគុយទាវ។ ប៉ុន្តែមិនទាន់ដើរចូលហាង ស្រួលបួលផង នាងក៏ទន់ខ្លួនដួលខ្ទប់ទៅនឹងថ្នល់ ធ្លាក់ផ្លែចាន់រាយប៉ាយពេញ។ ឃើញដូច្នេះ ខ្ញុំនិងពូៗម៉ូតូឌុបក្បែរនោះ ក៏ប្រញាប់រត់ទៅជួយ ក្មេងស្រីម្នាក់នោះ ព្រោះយើងមើលដឹង ថានាងកំពុងតែខ្យល់គរ។ អ្នកខ្លះជួយរឹតប្រេងកូឡា ខ្លះទៀតជួយចាប់ដកសក់ នៅសល់តែខ្ញុំដែលកំពុង សម្លឹងមើលទឹកមុខ ដ៏កម្សត់និងឈឺចាប់ របស់នាង។
ក្រោយពេលបានធូរបន្តិច គ្រប់គ្នាក៏បានសួរនាំនាង ពីនេះពីនោះ ហើយទើបពួកយើងដឹងថា តាំងពីយប់មិញម្ល៉េះ គឺនាងមិនទាន់មានអ្វីទ្រាប់ពោះ នៅឡើយទេ ដោយសារតែនាង រវល់រកប្រាក់ ដើម្បីចិញ្ចឹមប្អូនៗតូចៗ៣នាក់ក្នុងបន្ទុក។ កំពុងតែចូលតួកម្សត់ ក្លិនមីឆាក៏បានហោះចូលតាមច្រមុះខ្ញុំ ជាសញ្ញាដាស់ប្រាប់ខ្ញុំថា “ខានសុីហើយឯង ខានសុីហើយឯង” ។ មិនបង្អង់យូរ ខ្ញុំក៏រត់ទៅយកមីឆា រួចដើរសំដៅទៅអោយក្មេងស្រី ដែលគួរអោយអាណិតនោះ។ ខ្ញុំឈរក្តុកក្តួល សម្លឹងមើលទិដ្ឋភាព ដែលនាងស្ទុះយកប្រអប់មីឆា កាយញាត់ៗដាក់ក្នុងមាត់ ហាក់ដូចជាចង់លេបត្របាក់ទាំងប្រអប់ បើទោះបីជាមីឆានោះ គ្មានសាច់មួយចំនិតក៏ដោយ។ រឹតតែគួរអោយរំភើប ស្ទើរស្រក់ទឹកភ្នែក គឺនាងបានរក្សាទុកមីឆា ជាងពាក់កណ្តាល សំរាប់ប្អូនៗរបស់នាងនៅឯផ្ទះ។
គ្រាន់តែមានកម្លាំងឡើងវិញ នាងបានសម្លឹងមុខខ្ញុំ ទាំងរលីងរលោងទឹកភ្នែក ហើយពោលមួយៗ តិចៗមកកាន់ខ្ញុំថា “អរគុណណាស់បង មួយជីវិតនេះ ខ្ញុំមិនភ្លេចគុណបង ហើយមិនភ្លេចមីឆានេះទេ”។ ខ្ញុំប្រឹងញញឹមដាក់នាង ហើយព្យាយាមយ៉ាងលំបាក ដើម្បីទប់ទឹកភ្នែកខ្លួនឯង មិនអោយស្រក់ចុះនាពេលនោះ។
លើកនេះ គឺជាពេល ដែលខ្ញុំបានយល់ច្បាស់ ពីកុសលផលបុណ្យ ដែលយើងបានសាង។ ជាក់ស្តែង ថ្ងៃដែលខ្ញុំមិនបានចូលសម្ភាសន៏ គឺអាចចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្្រ រឺថ្ងៃត្រូវឆ្នោតរង្វាន់ធំបំផុតក្នុងជីវិតខ្ញុំ ព្រោះវាជាថ្ងៃ ដែលខ្ញុំបានរួចផុត ពីក្រញុាំក្រុមហ៊ុនខិលខូច ដែលបានបោកប្រាស់ បន្លំយកប្រាក់បុគ្គលិក និងអតិថិជនរបស់ខ្លួន អស់ជាច្រើនមុឺនដុល្លារ។
ដោយសារតែក្មេងស្រីម្នាក់នោះ ទើបខ្ញុំមិនបានហូបអី។ ដោយសារមិនបានហូបអី ទើបខ្ញុំខ្យល់គរយ៉ាងសប្បាយ។ ដោយសារតែខ្ញុំខ្យល់គរ យ៉ាងសប្បាយ ទើបខ្ញុំមិនអាចចូល សម្ភាសន៏បាន។ ដោយសារមិនអាចចូលសម្ភាសន៏បាន ទើបក្រុមហ៊ុន មិនជ្រើសយកខ្ញុំ។ គឺដោយសារតែបែបនេះ ទើបខ្ញុំអាចគេចផុត ពីក្រុមហ៊ុនទុច្ចរិតមួយនោះ ហើយអាចស្វែងរកការងារថ្មី ដែលល្អជាងនោះរាប់រយដង។ ធាតុពិត គ្រាន់តែការបរិច្ចាក មីឆាដាក់ពងទាមួយកញ្ចប់ វាគ្មានអ្វីវិសេសវិសាល និងគួរអោយស្ងើចសរសើរនោះទេ។ ប៉ុន្តែអ្វីដែល គួរអោយស្ងើចសរសើរ និងរំភើបចិត្តនោះ គឺអំពើល្អរបស់មនុស្ស ពិតជាមិនចេះរីងស្ងួត និងសាបសូន្យមែន។ មិនថាអំពើល្អនោះ តិចតួចស្តួចស្តើងប៉ុណ្ណា វានៅតែត្រលប់មករកយើង នៅថ្ងៃណាមួយ ដែលយើងមិនធ្លាប់គិតដល់
យើងរួមគ្នាសាងអំពើល្អអោយបានច្រើន តាមដែលអាចធ្វើទៅបាន 👍 ❤️
ប្រភព៖ Sandra Romdul









