១. តាំង មានរិទ្ធិធ្វើការសំណង់តាំងពីថ្នាក់ទី២ដល់សាកលវិទ្យាល័យ
តាំង មានរិទ្ធ និស្សិតចប់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងរដ្ឋបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឆ្លងកាត់ជីវិតពោរពេញដោយការតស៊ូ តាំងពីនៅតូច មិនដែលស្គាល់អាហារឆ្ងាញ់ រស់នៅស្រួល ស្លៀកពាក់ស្អាតបាតនោះទេ ហើយលោកត្រូវធ្វើការរកលុយតាំងពីរៀននៅថ្នាក់ទី២មកម្ល៉េះ។
រំឭកទៅអតីតកាលលោកត្រូវទៅធ្វើការសំណង់ តាំងពីរៀនថ្នាក់ទី២ ក្រៅពីធ្វើការសំណង់ទាំងកុមារភាព លោកក៏ធ្លាប់ស៊ីឈ្នួលច្រូតកាត់ឱ្យគេដើម្បីរកលុយជួយព្យាបាលជំងឺម្ដាយ។ មកដល់ថ្នាក់ទី៧ លោកបានចាកចេញពីស្រុកកំណើតទៅធ្វើការ ជាអ្នកលាងឡាននៅព្រំដែនថៃ ។ មិនរួញរានឹងជីវិតមួយនេះឡើយ មានរិទ្ធត្រូវធ្វើការសំណង់បន្តទៀត តាំងពីថ្នាក់ទី ១០រហូតដល់ថ្នាក់ទី១២។
រៀនពូកែ តែគ្មានលទ្ធភាពដូចគេ។ ដល់ឆ្នាំ ២០០៩ លោកបានប្រឡងជាប់បាក់ឌុបតែគ្មានលុយរៀនបន្តនោះទេ លោកក៏ត្រូវចាកចេញពីស្រុកកំណើតសារជាថ្មី ទៅរស់នៅខេត្តសៀមរាប ធ្វើជាអ្នករត់តុ។ តស៊ូគង់មានឱកាស មានរិទ្ធ ប្រឡងជាប់អាហារូបករណ៍ ១០០%ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ប៉ុន្តែមករស់នៅភ្នំពេញដំបូង លោកមិនស្គាល់អ្វីទាំងអស់ ថែមទាំងគ្មានលុយច្រើនជាប់ខ្លួន អង្ករក៏គ្មានហូប ព្រោះអ្នកផ្ទះពុំមានអង្ករហូបបាយនោះទេ។
ជីវិតរសាត់អណ្ដែត មកនៅភ្នំពេញលោកត្រូវធ្វើការសំណង់ពេលថ្ងៃ ហើយរៀនពេលយប់ដើម្បីរកលុយរៀននឹងគេ។ ធ្វើការសំណង់នេះគ្មាននរណាម្នាក់ដឹងទេ រយៈពេល២ឆ្នាំ សូម្បីតែមិត្តភក្ដិស្នាក់នៅជាមួយគ្នាក៏លោកមិនដែលឱ្យអ្នកណាដឹងដែរ។
២. នៅ ស៊ីថា ធ្វើនំលក់មុខវាំងមួយថ្ងៃមួយកន្ត្រក រហូតមានលុយរៀនចប់បរិញ្ញាបត្រ
ចាកចេញពីស្រុកកំណើតមកផ្សងព្រេងរស់នៅភ្នំពេញ បានធ្វើឱ្យយុវជនម្នាក់ឆ្លងកាត់បទពិសោធន៍ជីវិតគ្រប់រសជាតិ ជាអ្នករត់តុ ជាអ្នកលាងចាន លក់បាញ់ឆែវ ចុងក្រោយធ្វើនំលក់ខ្លួនឯង ទម្រាំអាចយកសញ្ញាប័ត្របរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេសជូនឪពុកម្ដាយ។
ស៊ីថា លក់នំម្សៅជ្រេនេះតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ក្រៅពីអាចបង់ថ្លៃសាលា លោកបានសន្សំលុយទិញម៉ូតូជិះទៀតផង។ ប៉ុន្តែលោកទើបតែបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រឆ្នាំ ២០១៦ នេះទេ ដោយសារលោករៀនមិនជាប់លាប់នោះឡើយ ហើយលោកត្រូវព្យួរឈ្មោះ ដើម្បីរកលុយសម្រាប់បង់ថ្លៃសាលាជាច្រើនលើក។
បច្ចុប្បន្ននេះ លោកមានការងារប្រាក់ខែសមរម្យនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ប៉ុន្តែមុខរបរធ្វើនំលក់នេះលោកនៅតែបន្តដោយសារតែបាននំនេះហើយ ទើបលោកមានថ្ងៃនេះ ហើយក៏ជាប្រាក់ចំណូលដ៏សំខាន់សម្រាប់លោកផងដែរ។
៣. សឿម សា បាយពងទា២គ្រាប់ជាមួយឪពុក រហូតជាប់បាក់ឌុបទាំងនឹកស្មានមិនដល់
មិនមែនបាយហាង មិនមែនបាយប្រអប់ តែជាបាយខ្ចប់តាមថង់វេចមកពីផ្ទះ មានត្រឹមពងទា ២គ្រាប់ ធ្វើឲ្យបេក្ខជន សឿម សា តាំងចិត្តប្រឡងជាប់បាក់ឌុបឆ្នាំ២០១៦ ទាំងនឹកស្មានមិនដល់។
ងាកទៅថ្ងៃប្រឡងបាក់ឌុប សឿម សា បាននិយាយថា គ្មានម្ហូបអ្វីដើម្បីទទួលទានឲ្យមានកម្លាំងដូចគេឡើយ គឺមានតែពងទា ២គ្រាប់ខ្ចប់ជាមួយបាយមកពីផ្ទះ។ ប៉ុន្តែវាជាអាហារថ្ងៃត្រង់ដ៏មានន័យបំផុត ព្រោះអាចយល់ពីទឹកចិត្តឪពុកដែលខំតស៊ូអត់ឃ្លានជាមួយកូន។ "ថ្ងៃនោះ អត់មានអីទេបង មានតែពងទា ២គ្រាប់ហ្នឹង ហូបជាមួយពុក... ខ្ញុំអាណិតគាត់ណាស់ ចឹងហើយបានខំប្រឹង តែមិននឹកស្មានថាជាប់ផង ព្រោះមិនដែលមានលុយរៀនគួរជាប់លាប់ដូចគេ"។ មកដល់ពេលនេះការតស៊ូ អត់ធន់នឹងភាពលំបាក មិនចុះចាញ់កន្លងមកបានធ្វើឱ្យជីវិតយុវជនម្នាក់នេះចាប់ផ្ដើម ប្រសើរឡើងហើយ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភព៖http://news.sabay.com.kh/article/928045#utm_campaign=fb







