នេះហើយទឹកចិត្តម្ដាយ លះបង់គ្រប់យ៉ាងដើម្បីកូន…!
រាជធានីភ្នំពេញ ៖ អ្នកដែលបានឃើញហេតុការណ៍ ស្ត្រីចំណាស់ម្នាក់យកចំណីទៅបញ្ចុកកូនប្រុសដែលមានជំងឺសរសៃប្រសាទ ដល់ប៉ុស្ដិ៍នគរបាល ក្នុងស្ថានភាពដែលកូនកំពុងជាប់ខ្នោះដៃទាំងពីរ។ អ្វីដែលចាប់អារម្មណ៍នោះគឺកូនប្រុសមិនបានស្គាល់ម្ដាយឡើយ ហើយនៅក្នុងពេលដែលម្ដាយយកនំបុ័ង ពងទាកូន និងទឹកសុទ្ធទៅបញ្ចុកត្រូវកូនខ្ជាក់ និងព្រួសចោល ថែមទាំងស្រែកសម្លុតគំរាមកំហែង និងព្រួសចំណីដាក់មុខម្ដាយទៀតផង។ ប៉ុន្តែទោះបីជាបែបណាស្ត្រីជាម្ដាយនៅតែលួងលោមកូនឲ្យហូបអាហារ ហើយគាត់បានយំគួរឲ្យអាណិតបំផុត ហើយម្នាក់ៗបានត្រឹមតែលាន់មាត់ថា "នេះហើយគឺជាទឹកចិត្តម្ដាយ ចំពោះកូន"។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីជាម្ដាយឈ្មោះ ពុំ ចាន់ធឿន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិអូរអង្ក្រងលើ ឃុំបន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងស្នាក់នៅផ្ទះជួលនៅក្នុងសង្កាត់ស្ទឹងមានជ័យ។ ចំណែកកូនប្រុស ឈ្មោះរុន សារី ៣៥ឆ្នាំ ស្រុកកំណើតនៅក្នុងភូមិជាមួយគ្នា សព្វថ្ងៃស្នាក់នៅក្នុងភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធ និងកូនមួយ។
គួររម្លឹកផងដែរថា បុរសជាកូនរូបនោះបានធ្វើសកម្មភាពវាយទៅលើបុរសជាកម្មករសំណង់ម្នាក់បណ្ដាលឲ្យរងរបួសបែកក្បាល និងបែកថ្ងាសដេរចំនួន១០ថ្នេរ ខណៈដែលជនរងគ្រោះកំពុងអង្គុយលាងចាន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅខាងក្រោយរោងចក្រស្រាបៀរក្រោន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកក៏ត្រូវបាននគរបាលចាប់ខ្លួននាំទៅប៉ុស្តិ៍ចោមចៅ ដោយឡែកជនរងគ្រោះឈ្មោះ សុខ ថុល អាយុ៤៧ ឆ្នាំមុខរបរបកម្មករសំណង់ មានទីលំនៅក្នុងភូមិអណ្ដូង ឃុំសូរសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាមរងរបួសបែកក្បាលដេរ៤ថ្នេរ និងថ្ងាសដេរ៦ថ្នេរ ព្រមទាំងរបួសដៃផងដែរ។
ស្ត្រីជាម្ដាយបាននិយាយថា គាត់មានកូនប្រុសស្រីចំនួន៩នាក់ ប៉ុន្តែបានស្លាប់ជាបន្តន្ទាប់អស់ចំនួន៤នាក់ នៅសល់តែ៥នាក់ប៉ុណ្ណោះ។ ដោយឡែកកូនប្រុសម្នាក់នេះគឺជាកូនទី២ ហើយគេបានក្លាយទៅជាមនុស្សសរសៃប្រសាទដោយសារតែផឹកស្រាច្រើនពេក ហើយក៏ធ្លាប់ត្រូវបានគវាយធ្វើបាបប៉ះពាល់ក្បាលធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន នៅម្ដុំផ្សារពោធិ៍ចិនតុងផងដែរទើបក្លាយទៅជាអីចឹង។ កន្លងមកកូនគាត់ម្នាក់នេះមិនដែលធ្វើបាបនរណាទេ ប៉ុន្តែពេលនេះស្រាប់តែវាយគេវាយឯងលែងស្គាល់ទាំងរូបគាត់ទៀត ហើយក្រោយពេលកូនមានបញ្ហាបែបនេះគាត់បានចងការប្រាក់គេចេញថ្លៃព្យាបាលអ្នករបួស ២០០ដុល្លារ។ ប៉ុន្តែរកទើបបាន៥០ដុល្លារប៉ុណ្ណោះ នៅខ្វះ១៥០ដុល្លារទៀតកំពុងរកចងការគេបន្ថែមទៀត មិនតែប៉ុណ្ណោះគាត់បានយកអត្តសញ្ញាណប័ណ្ណប្រគល់ឲ្យខាងអ្នករងគ្រោះដើម្បីឲ្យទុកចិត្ត ហើយពេលរកប្រាប់គ្រប់ចំនួនទើបយកអត្តសញ្ញាណប័ណ្ណមកវិញ៕
ប្រភព៖https://kohsantepheapdaily.com.kh/article/163499.html

