កាលពីម្សិលមិញ ខ្ញុំបានឆាតប្រាប់ប៉ានិងម៉ាក់ថា ខ្ញុំកំពុងសេពគប់គ្នាជាមួយបុរសម្នាក់។ ប្រយោគដំបូងដែលប៉ានិយាយមកនោះគឺ…
ប៉ា៖ “ហើយ មានអ្នកញ៉ែដែរយើងហ្នឹង?”
ខ្ញុំ៖ “ប៉ា ហ្អ!”
ម៉ាក់៖ ផ្ញើរូបឲ្យមើលតិចមើល៍ មុខមាត់គេយ៉ាងម៉េចដែរ?
(ខ្ញុំក៏ផ្ញើររូបទៅ)
ម៉ាក់៖ “មានអី ល្អតើ”
និយាយលេងសើចអី ពេលនោះខ្ញុំលួចរំភើបចិត្តដែរ តែមិនដឹងថាប៉ាគាត់និយាយថាម៉េចវិញ
ប៉ា៖ មនុស្សយើងមើលតែសម្បកក្រៅមិនបានទេ ត្រូវមើលឲ្យដល់ខាងក្នុងផង។
ខ្ញុំប្រញាប់ឆ្លើយតបវិញភ្លាមថា៖ គាត់ឆ្លាតណាស់ប៉ា! រៀនចប់មហាវិទ្យាល័យផ្នែកវិស្វករ ចិត្តក៏ល្អ អ្នកនៅជុំវិញខ្លួនគាត់សុទ្ធតែនិយាយដូចគ្នាថា គាត់ចរិតល្អ គ្មានចំណុចត្រូវតិទៀន ថែមទាំងចេះធ្វើម្ហូបទៀតហ្ន!
ប៉ា៖ ប៉ានិយាយពីឯងហ្នឹង!
សម្ដីគាត់ធ្វើឲ្យខ្ញុំគាំងស្ងៀម កប់យោបល់ ហើយក៏មិនដឹងគួរឆ្លើយតបទៅគាត់វិញថាម៉េច។
មួយសន្ទុះក្រោយមកប៉ាក៏សរសេរតបវិញថា៖ អ្នកផ្សេង យើងមិនដឹងឡើយថាគេជ្រើសរើសយើងជាសង្សារដោយសារអ្វី សង្សារឯងទាំងសង្ហាទាំងល្អ គុណសម្បត្តិច្រើនថ្នាក់ហ្នឹង បើឯងមានតែសម្រស់ រូបរាងខាងក្រៅ តើឯងនឹងមានអ្វីអាចទាក់ទាញចិត្តគេឲ្យស្រឡាញ់ឯងបានយូរ? ឯងដឹងខ្លួនទេថា ឯងទាំងខ្ជិល ទាំងចូលចិត្តដាំបាយខ្លោច ប្រាប់ថាចង់ចេះលេងហ្គីតា នឹងទៅរៀនហ្គីតា ទិញមកហើយលេងបានអត់? ឃើញតែទុកចោល... ប្រាប់ថានឹងសម្រកទម្ងន់ ចុងក្រោយក៏ធ្វើមិនបាន ដឹងខ្លួនឬអត់ថាខ្លួនឯងនិយាយអី មិនធ្លាប់ធ្វើបានតាមដែលខ្លួនឯងនិយាយម្ដងណាទេ។ យើងសម្លឹងមើលអ្នកដទៃហើយកុំភ្លេចសម្លឹងមើលខ្លួនឯងផង ថាខ្លួនឯងវាយ៉ាងម៉េច។ ធ្វើខ្លួនឲ្យមានតម្លៃ ដូច្នេះដល់ពេលដែលគេណែនាំឯងឲ្យអ្នកផ្ទះគេស្គាល់ គេនឹងមានមោទនភាពនឹងឯង”។
យើងតែងតែដាក់លក្ខខណ្ឌខ្ពស់ពេលជ្រើសរើសនរណាម្នាក់មកធ្វើជាសង្សារ ប៉ុន្តែក៏ភ្លេចថាខ្លួនឯងមិនបានល្អជាងគេនោះទេ ឬពេលខ្លះយើងអាចនឹងអន់ជាងគេទៅទៀត។
ហ៊ឺម... ពិតដូចជាប៉ានិយាយមែន ខ្លួនខ្ញុំនៅមានចំណុចខ្វះខាតច្រើនគគោក ដែលត្រូវកែប្រែ។
នេះគឺជាសម្ដីទូន្មានតិចតួចរបស់ប៉ា ដែលដាស់តឿនឲ្យខ្ញុំភ្ញាក់រឭកមកកែប្រែ និងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អ មិនមែនដើម្បីអ្នកណា ប៉ុន្តែគឺដើម្បីយើងខ្លួនឯង។ ពេលដែលយើងស្រឡាញ់ខ្លួនឯង អ្នកដទៃក៏នឹងស្រឡាញ់ខ្លួនយើងវិញដូចគ្នា ៕
អត្ថបទ៖ ដេត ធន្នី
ប្រភព៖ http://kanha.sabay.com.kh/article/930352#utm_campaign=onpage

