ទោះបីអ្នកផ្សេងគេមើលងាយខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែ…..
ខ្ញុំជាអ្នកស្រុកស្រែជនបទ គ្រួសារខ្ញុំមានសមាជិក៦ នាក់។ខ្ញុំជាបងគេ ខ្ញុំមាន ប្អូនប្រុសពីរនាក់ ម្នាក់កំពុងរៀននៅវិទ្យាល័យមួយ និងម្នាក់ទៀតរៀននៅអនុវិទ្យាល័យ។
ឪពុកម្ដាយខ្ញុំគាត់ជាកសិករ ។គ្រួសារយើងពុំសូវមានលុយទេ ។ក្រោយពីប្រឡងជាប់បាក់ឌុប ខ្ញុំបានសុំឪពុកម្ដាយរៀនបន្តនៅឯសកលវិទ្យាល័យ តែគាត់ពុំមានលុយអោយខ្ញុំរៀនបន្តរទេ ។ខ្ញុំក៏សំរេចចិត្តរកលុយខ្លួនឯងដើម្បីរៀនបន្ត។ខ្ញុំបានទៅ ធ្វើការងាររោងចក្រមួយឆ្នាំ ដើម្បីសន្សំលុយទុករៀនបន្ត។ បន្ទាប់ពីធ្វើការបានមួយឆ្នាំ ខ្ញុំបានសុំឪពុកម្ដាយមករៀនបន្តនៅទីក្រុងភ្នំពេញ។ខ្ញុំបានចាប់យកជំនាញគណនេយ្យដែលជាជំនាញដែលខ្ញុំស្រលាញ់ជាងគេ។ ពេលចេញពីរៀនពេលយប់ខ្ញុំធ្វើការជាអ្នករត់តុ ប្រាក់ខែមិនបានច្រើនប៉ុន្មានទេ ។
ខ្ញុំគ្មានម៉ូតូជិះទៅរៀនដូចជាគេទេ ខ្ញុំតែងតែជិះកង់ទៅរៀន។ នៅក្នុងស្រុកភូមិរបស់ខ្ញុំ អ្នកផ្សេងមើលងាយគ្រួសារខ្ញុំ ដោយសារតែយើងក្រីក្រ អ្នកផ្សេងតែងតែនិយាយអាក្រក់ពីយើង។តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំមិនខ្វល់នោះឡើយ ខ្ញុំខាំមាត់សង្កត់ចិត្តតស៊ូនឹងឆាកជីវិតបន្តទៅទៀត ។នៅក្នុងថ្នាក់រៀនខ្ញុំមានមិត្តភក្ដិពីបីនាក់ដែលគេរាប់អានខ្ញុំ គេមិនស្អប់ខ្ពើមខ្ញុំ ខ្ញុំអរគុណពួកគេមែនទែន។ឆ្នាំទី៣ ដោយសារតែលោកគ្រូអាណិតស្រលាញ់ដោយឃើញខ្ញុំរៀនពូកែហើយមានជីវភាពខ្វះខាត លោកគ្រូបានណែនាំខ្ញុំអោយទៅធ្វើការនៅក្រុមហ៊ុនមួយដែលជាមិត្តភក្ដិគាត់។
ខ្ញុំបានទៅធ្វើការនៅទីនោះ ធ្វើការបានមួយឆ្នាំ ចៅហ្វាយពេញចិត្តនឹងខ្ញុំដោយឃើញខ្ញុំធ្វើការបានល្អគាត់ក៏បានដំឡើងដំណែងនិងប្រាក់ខែអោយខ្ញុំបន្តទៅទៀត។កន្លែងធ្វើការនេះ ប្រៀបដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង ទោះបីកន្លែងផ្សេងអោយប្រាក់ខែច្រើនជាងនេះក៏ខ្ញុំមិនដាច់ចិត្តចាកចេញដែរ ពីព្រោះកន្លែងនេះហើយដែលបានជួយខ្ញុំអោយរួចផុតពីភក់ជ្រាំ។
នៅពេលនេះគ្មាននរណាហ៊ានមើលងាយគ្រួសារខ្ញុំទៀតទេ ពេលដែលឃើញខ្ញុំមានការងារល្អធ្វើ។
ប្រភព៖tb2fb
