*ទម្រង់សិល្បៈទស្សនីយភាពខ្មែរបានយោនយកឈ្មោះក្នុងលក្ខណៈខុសៗ ប្លែកគ្នាជាច្រើន។
ទម្រង់ខ្លះបានយកឈ្មោះចេញអំពីឧបករណ៍តន្ត្រី ឫ វង់តន្ត្រី ណាមួយ ដូចជាល្ខោនយីកេ ឫ
ល្ខោនមហោរីជាដើម។ ប៉ុន្តែទម្រង់ខ្លះទៀតបានយកឈ្មោះពីសិល្បករដែលមានប្រជាប្រិយភាព
ខ្លាំងលើសលប់ដូចជាសិល្បៈចម្រៀងអាយ៉ៃ។ ចំណែកល្ខោនបាសាក់វិញ ក៏មិនខុសពីទម្រង់ដទៃ
ទៀតប៉ុន្មានដែរ ប៉ុន្តែបានយកឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះ
បានរីកចម្រើនទៅវិញ។ ចេន សុជាតា ធ្វើសេចក្ដីអត្ថាធិប្បាយបន្ត៖ *
*ស្ដាប់ជាសំឡេង៖ *
ល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំងកម្ពុជាក្រោម
ដែលសព្វថ្ងៃស្ថិតក្នុងប្រទេសវៀតណាម។ បាសាក់ ជាឈ្មោះទន្លេមួយដែលជា ខ្នែងមួយនៃ
ទន្លេមេគង្គទាំងបួនដែលប្រសព្វគ្នានៅភ្នំពេញ “ចតុម្មុខ” ។ តំបន់នេះក៏ដូចជាតំបន់
ដទៃទៀត មានប្រជាជនខ្មែររស់នៅច្រើនជាតំបន់មានអារ្យធម៌ និងមានកេរដំណែលវប្បធម៌
ខ្មែរពីបរមបុរាណច្រើនដូចជាប្រាសាទ ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និង
ល្ខោនច្រើនប្រភេទ ដូចជា យីកេ និងល្ខោនយក្សរាំជាដើម។
តាមព័ត៌មានដែលទទួលបាន ល្ខោនបាសាក់ សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោង
ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅជ្រះខាង
អក្សរសិល្ប៍ និងសាសនា ក្រោមការដឹកនាំរបស់អតីតចៅអធិការវត្តខ្សាច់កណ្ដាល “កម្ពុជាក្រោម
” ឈ្មោះលោកគ្រូសួរ។
ក្រោយពេលសឹកមក លោកគ្រូ “សួរ” ក៏បានប្រមែប្រមូលអ្នកសឹកពីបួសបង្កើតជាល្ខោនមួយ
វង់ ប៉ុន្តែដោយកាលណោះនៅមានកង្វះខាតខាងផ្នែកសម្ភារៈ និងឆាកល្ខោននេះត្រូវគេ
នាំគ្នាសម្ដែងដោយផ្ទាល់ដីក្នុងរោងដែលសង់ឡើងដោយប្រក់ ឫកាប់មែកឈើយកមកគ្រប
ប្រហាក់ប្រហែលគ្នា នឹងទ្រើងដែលគេដាំឃ្លោក ទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោន
នេះថា ល្ខោនទ្រើងឃ្លោក ។ ល្ខោនទ្រើងឃ្លោកនេះ មានវត្តមានរហូតដល់អំឡុងឆ្នាំ ១៩៥៣ ឫ
ក៏ក្រោយនោះបន្តិចផង នៅជាយក្រុងភ្នំពេញ និងជនបទនានា។
អ្នកខ្លះនិយមហៅ ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” វិញ។ ពាក្យយូរកេរ្តិ៍នេះ
ជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មក
ហើយរបស់ជនជាតិខ្មែរ។ ឈ្មោះនេះ ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមក
ដល់សព្វថ្ងៃសម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថា
ល្ខោនបាសាក់នេះឯង ។ ភ្លេង៖«.................»
ល្ខោនទ្រើងឃ្លោកបានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកសម្ដែង
សុទ្ធតែជាអ្នកពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដីជាកំណាព្យកាព្យឃ្លោង ពូកែ
ការសម្ដែងដោយឥតព្រាងទុកជាហេតុនាំឲ្យទស្សនិកជន មានការកោតសរសើរ និងចូលចិត្ត
ក្រៃលែង ។ មិនតែប៉ុណ្ណោះល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជាមួយនឹងល្ខោន
“កៃលឿងវៀតណាម” ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក។ ក្រោយមកក្នុងការដែល
ជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនអំពីសង្គ្រាមនៅស្រុកចិន ពិសេសក្នុងរយៈពេលនៃ
ការបះបោររបស់ពួកម៉ាន់ជូ (Manchu) បានហូរច្រាលមកតាមសមុទ្រ ហើយបានចូលមកបោះ
ទីតាំងនៅតំបន់កូសាំងស៊ីននេះ រស់នៅលាយឡំជាមួយប្រជាជនខ្មែរ និងប្រជាជន វៀតណាម ។
ភ្លេង៖«................»
ក្នុងពេលដែលហូរចុះមកជនជាតិចិនទាំងនោះ បាននាំយកនូវទំនៀមទម្លាប់ប្រពៃណី និង
សិល្បៈផ្សេងៗដូចជា “ល្ខោនហ៊ី” ជាដើមមកជាមួយផង ។ ទាំងល្ខោនទ្រើងឃ្លោកខ្មែរ
ទាំងល្ខោនកៃលឿងវៀតណាមទាំងល្ខោនហ៊ីចិន បានប្រលងប្រជែងខំប្រឹងបញ្ចេញឥទ្ធិពលរៀងៗ
ខ្លួន ដណ្ដើមយកប្រជាប្រិយភាពស្រូបយកចំណង់ និងចំណូលចិត្តទស្សនិកជនក្នុងតំបន់នោះ ។ ទីបំផុត
ល្ខោនហ៊ីចិនបានទទួលជោគជ័យដ៏ធំធេង ។ ឃើញហេតុផលយ៉ាងនេះ ដើម្បីទាមទារ
ប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនចម្រុះជាតិសាសន៍នោះ អ្នកដឹកនាំល្ខោនទ្រើងឃ្លោក បាន
ចម្លងយកចំណុចសំខាន់ៗ ខ្លះពីល្ខោនហ៊ីចិនដែលខ្លួនយល់ថាមានសារសំខាន់សម្រាប់ល្ខោន
ខ្លួន ។ ចាប់ពីពេលនោះមកល្ខោនទ្រើងឃ្លោក បានទទួលប្រជាប្រិយដ៏ធំធេងក្នុងតំបន់កូសាំងស៊ីន
នេះព្រោះពេលនោះ ទាំងអ្នកដឹកនាំវង់ល្ខោន ទាំងសិល្បករ អ្នកសម្ដែងមានការឆ្លាត
វាងវៃណាស់ នៅទីណាកន្លែងណាដែលមានប្រជាជនខ្មែរជាអ្នកមើលភាគច្រើនគេតែង
នាំគ្នា សម្ដែងជាភាសាខ្មែរសុទ្ធកន្លែងណាដែលមានប្រជាជនវៀតណាមមើលច្រើន
ការសម្ដែងតែងឆ្លូកគ្នាជាពីរភាសា គឺខ្មែរផង វៀតណាមផងផ្ទុយទៅវិញ កន្លែងណាដែល
មានប្រជាជនចិនមើលច្រើន គេតែងនិយាយ និងច្រៀងភាសាខ្មែរផង និងភាសាចិនផង
សម្របសម្រួលខ្លួនទៅតាមលក្ខណៈភូមិសាស្ត្រទឹកដី និងប្រជាជននៅតាមតំបន់។ ភ្លេង
៖«.............»
ចំពោះប្រវត្តិដែលល្ខោនទ្រើងឃ្លោក ឫយូរកេរ្តិ៍ ជាមរតកដែលបានចាប់កំណើតនៅកម្ពុជា
ក្រោមហើយបានត្រូវគេប្ដូរឈ្មោះមកជាល្ខោនបាសាក់នៅកម្ពុជាយើងសព្វថ្ងៃនេះ នោះ
គឺមានដំណើររឿងដូចតទៅនេះ៖
មានបងប្អូនពីរនាក់ បងឈ្មោះ លី កាញ់ និង ប្អូនឈ្មោះ លី សួន និងមានដើមកំណើតកើតជា
នៅស្រុកបាសាក់ ដែនដីកម្ពុជា ក្រោម ។ លី កាញ់ ជាបងបានចាកចេញពីស្រុកកំណើតរបស់ខ្លួន
ដើម្បីទៅរស់នៅប្រទេសបារាំង ។ ក្រោយមកដោយការខំប្រឹងប្រែងរកទទួលទានមានបាន លី
កាញ់ ក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិធនធានបង្គួរនៅប្រទេសបារាំង ។
ថ្ងៃមួយ លី សួន ជាប្អូនផ្ញើសំបុត្រទៅសួរសុខទុក្ខ លី កាញ់ ជាបង ហើយក៏បានសុំប្រាក់មួយ
ចំនួនពីបង ដើម្បីប្រកបរបរជំនួញជួញដូរនៅឯស្រុកកំណើត របស់ខ្លួន ។លី កាញ់ ក្នុងទឹកចិត្ត
អាណិតប្អូនក្នុងទឹកចិត្តស្រណោះស្រណោក ស្រុកកំណើតជាទីរលឹករបស់ខ្លួន និងក្នុងស្មារតីចង់
ថែរក្សាវប្បធម៌ពណ៌សម្បុរជាតិរបស់ខ្លួន ដែលស្ថិតក្នុងមជ្ឈដ្ឋានចម្រុះជាតិសាសន៍ឲ្យ
គង់វង្ស ក៏បានផ្ញើប្រាក់មកឲ្យ លី សួន ជាប្អូន ហើយបានសរសេរសំបុត្រប្រាប់ថាសូមប្អូនកុំ
ធ្វើជំនួញដូរអ្វីក្រៅឲ្យសោះ លុយដែលបង ផ្ញើឲ្យនេះសូមប្អូនគិតយ៉ាងណាជួយពង្រីក
និងថែរក្សាសិល្បៈ យូរកេរ្តិ៍ ដែលមានកំណើតនៅឃ្លាំង នៅព្រះត្រពាំងហើយដែលយើងបាន
មើលទាំងអស់គ្នាជាញឹកញាប់កាលនៅពីតូចៗ នោះឲ្យគង់វង្សផង ។
ដោយសារបណ្ដាំ និងជំនួយពី លី កាញ់ ជាបង លី សួន ក៏ក្លាយទៅ ជាថៅកែល្ខោនបាសាក់ដ៏
ល្បីល្បាញដំបូងគេបង្អស់ដែលទស្សនិកជននិយមហៅឈ្មោះ គាត់ថា ថៅកែ “ឆាគ្រួន” ។
ភ្លេង៖«........»
ក្នុងឆ្នាំ ១៩៣០ ក្នុងពេលដែលទម្រង់នេះរីកចម្រើននៅកម្ពុជាក្រោម “វៀតណាម ខាងត្បូង
”ថៅកែក្រុមល្ខោនឈ្មោះលោក ឆាគ្រួន នេះបាននាំក្រុមសិល្បៈល្ខោន របស់ខ្លួនមក
សម្ដែងធ្វើអាជីវកម្មនៅភ្នំពេញ និងខេត្តនានាក្នុងប្រទេសកម្ពុជា ។ ដំណើរបេសកកម្មទី
១ របស់ក្រុមល្ខោនលោក ឆាគ្រួនដែលបានមកសម្ដែងនៅ ប្រទេសកម្ពុជា មិនសូវទទួលបាន
ជោគជ័យទេ មូលហេតុមកពីទម្រង់ល្ខោននេះត្រូវប្រឡងប្រជែងជាមួយទម្រង់ដទៃទៀត ដែល
មានយ៉ាងសំបូរបែបនៅកម្ពុជាភាគកណ្ដាល ដូចជាល្ខោនប្រាមោជទ័យ “១៩២០-១៩៤០” និង
ល្ខោនមហោរីដែលកើតមានជាយូរលង់មកហើយ ។ ពិតមែនតែលើកទី១នេះ ល្ខោនបាសាក់
បានទទួលបរាជ័យ ប៉ុន្តែពេលនោះសិល្បករល្ខោនបាសាក់បានហាត់រៀន និងស្រូបយកនូវចំណេះ
ថ្មីៗ មួយចំនួនពីទម្រង់ល្ខោននៅភ្នំពេញ ដូចជាភ្លេងមហោរី ឫចម្រៀងមហោរីជាដើម មុនពេល
ត្រឡប់ទៅស្រុកវិញ ។ភ្លេង៖«.....»
ក្រោយពីពេលហាត់វៀន និងបានសម្ដែងច្រើនលើកច្រើនសារដោយបញ្ចូលបច្ចេកទេសថ្មីៗ
មួយចំនួនផង ល្ខោននេះ បានទទួលជោគជ័យកាន់តែធំធេង នៅតំបន់កូសាំងស៊ីន ។ បន្ទាប់ពីនោះមក
លោក ឆាគ្រួន ក៏នាំក្រុមរបស់គាត់តាមទូក ប៉ុកចាយ ដែលមានគ្រឿងប្រដាប់ដំឡើងឆាក
និងសម្ភារៈតុបតែងលំអផ្សេងៗ គឺឆាកចល័ត ដែលដំឡើងលើគោកក៏បាន ឫដំឡើងលើទូកក៏បាន
ហើយនាំក្រុមសិល្បៈនេះមកសម្ដែងនៅរាជធានីភ្នំពេញ និងខេត្តឯ ទៀត ជាលើកទី២ ។
លើកនេះល្ខោន លោក ឆាគ្រួន បានទទួលជោគជ័យយ៉ាងធំធេង ក្នុងការប្រកួតប្រជែងជាមួយ
ល្ខោន ប្រាមោជ្ជទ័យ និងល្ខោនមហោរីនៅភ្នំពេញ និងតំបន់ដទៃទៀតនៅប្រទេសកម្ពុជា ពិសេស
គឺខេត្តតាមមាត់ទន្លេ ។ ល្ខោនលោក ឆាគ្រួន នេះស្រូបយកទស្សនិកជនយ៉ាងច្រើន
គគ្រឹកគគ្រេង ហើយបានធ្វើឲ្យល្ខោនប្រាមោជទ័យ និងល្ខោនមហោរីធ្លាក់ក្នុងវិបត្តិដ៏
ធ្ងន់ធ្ងរបាត់បង់ប្រជាប្រិយភាព ហើយចំនួនទស្សនិកជនចេះតែថយចុះជាលំដាប់។
ដោយសារមធ្យោបាយសម្ដែងថ្មីរហ័សរហួន ស្វាហាប់ ការតុបតែងលំអឆាកសំលៀកបំពាក់ការលាបមុខ
ឫគូរមុខដ៏ល្អ (កន្លែងខ្លះទទួលឥទ្ធិពលពីហ៊ីចិន) ទាំងល្បិចហោះហើរក៏ប៉ិនប្រសព្វ
ពិសេសសំនៀងរដឺន ទាំងសម្ដីនិយាយ ទាំងចម្រៀងរបស់ខ្មែរ បាសាក់ស្រទន់ពីរោះ ហើយ
ពាក្យសម្ដី ប្រកបដោយអត្ថន័យ ខ្លឹមសារល្អ ព្រោះអ្នកសម្ដែងភាគច្រើនច្រើនជាអ្នកមាន
ចំណេះជ្រៅជ្រះខាងអក្សរសិល្ប៍ និងសាសនាផង ធ្វើឲ្យទស្សនិកជននៅកម្ពុជាកណ្ដាលនេះ
ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង រហូតដល់គេនាំគ្នាហៅ ឫឲ្យឈ្មោះទម្រង់ល្ខោននេះថា ជា “
ល្ខោនបាសាក់” ដោយយកទីកន្លែងនៃទម្រង់សិល្បៈនេះរីកចម្រើន? មកដាក់ឈ្មោះឲ្យ
ទម្រង់ល្ខោននេះតែម្ដង ។ គឺចាប់ពីពេលនោះមកហើយ ដែលល្ខោនទ្រើងឃ្លោក ឫ យូរកេរ្តិ៍
ប្រែឈ្មោះជា ល្ខោនបាសាក់ដែលយើងស្គាល់ និងបានឃើញរហូតដល់សព្វថ្ងៃនេះ៕
(អត្ថបទ៖ដកស្រង់ចេញពីសៀវភៅទស្សនីយភាពខ្មែរ)