យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សហរដ្ឋអាមេរិក មានគ្រាប់បែកយក្សមួយប្រភេទទៀត ដែលបានបង្កើតឡើងសម្រាប់កម្ទេច រោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គ្រាប់បែក MOP សម្រាប់កម្ទេច រោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង
គួររំលឹកថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានទម្លាក់គ្រាប់បែក ទម្ងន់ជិត១០តោន ប្រភេទ GBU-43 ឬហៅថា «Massive Ordnance Air Blast» (MOAB) ដើម្បីកម្ទេចរូងក្រោមដីមួយកន្លែង ដែលជាសំបុករបស់ក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែមេសា (ម៉ោងនៅកម្ពុជា) កន្លងទៅនេះ។
គ្រាប់បែក MOAB ដែលសហរដ្ឋអាមេរិកបានទម្លាក់
ជាមួយគ្នានេះ អ្នកជំនាញផ្នែកយោធា ជឿជាក់ថា មូលហេតុចម្បងក្នុងការទម្លាក់គ្រាប់បែក MOAB នោះ គឺដើម្បីព្រមានដល់ប្រទេសផ្ដាច់ការកូរ៉េខាងជើង។
មិនតែប៉ុណ្ណោះ គេបានដឹងថា សហរដ្ឋអាមេរិក កាន់កាប់គ្រាប់បែកដែលមានទំហំធំជាង MOAB ទៅទៀត។ វាត្រូវបានគេហៅថា «Massive Ordnance Penetrator» (MOP) មានទម្ងន់រហូតដល់ទៅ ១៤ ០០០គីឡូក្រាម ដែលត្រូវទម្លាក់ដោយយន្តហោះចម្បាំងបំបាំងកាយ «B2 Bomber» ដើម្បីវាយប្រហារគោលដៅ ដែលជាតំបន់ផ្ទុកអាវុធ ដោយសម្ងាត់៕
យន្តហោះចម្បាំងបំបាំងកាយ B2 Bomber និងគ្រាប់បែក MOP
ប្រភព៖ sabay




