ទីភ្នាក់ងារព័ត៌មាន «ស្ពុតនិក» បានរាយការណ៍ថា ក្រសួងការពារសហរដ្ឋអាមេរិក(ប៉ង់តាហ្គោន) កំពុងបារម្ភពីការអភិវឌ្ឍអាវុធមីស៊ីលរបស់ចិន ដោយបានតាមដានរូបភាពនៃកាជ្រួចមីស៊ីលទំហំធំនេះ ដំឡើងនៅលើយន្តហោះ J-11B ដែលគេមិនធ្លាប់ឃើញពីមុន ។ មីស៊ីលនេះបាញ់រយៈឆ្ងាយ គឺពីអាកាសទៅអាកាស (super-long-range ) ។
អ្នកជំនាញខាងយោធារបស់រុស្ស៊ី Vasily Kashin ក៏បានផ្តល់ព័ត៌មានពីប្រព័ន្ធមីស៊ីលសម្ងាត់របស់ចិនដូចគ្នានេះដែរ ។ លក្ខណៈនៃកាំជ្រួចមីស៊ីល បាញ់ពីអាកាសឆ្ពោះទៅអាកាសនេះ មានទំហំធំខុសប្រក្រតី ។ អ្នកជំនាញខាងយោធារុស្ស៊ី Vasily Kashin បានឱ្យទិន្នន័យថា ប្រព័ន្ធមីស៊ីលថ្មីនេះ អាចហៅបែបសាមញ្ញថា មីស៊ីលអាកាសទៅអាកាស «PL-15» ។
បើងាកទៅក្រោយបន្តិច កាលពីខែកញ្ញា ឆ្នាំ ២០១៥ មន្ត្រីក្រសួងការពារជាតិអាមេរិក បានផ្សព្វផ្សាយថា ចិនបានអភិវឌ្ឍអាវុធមីស៊ីលនេះឱ្យមានលក្ខណៈទំនើបបំផុត ។ មានរបាយការណ៍ថា អាវុធប្រភេទនេះ មានកម្លាំងខ្ពស់ ដែលប្រើគ្រាប់កាំជ្រួច មានអានុភាពប្រៀបប្រដូចទៅនឹងមីស៊ីលយន្តហោះ ឆ្ពោះទៅអាកាស AIM-120 របស់អាមេរិកដូច្នោះដែរ ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅនេះ មានព័ត៌មានថា ចិនបានសាកល្បងមីស៊ីលរយៈឆ្ងាយ បាញ់ពីអាកាសទៅអាកាស ក្នុងពេលសមយុទ្ធ ដែលអាចបាញ់គោលដៅបាន ៤០០ គីឡូម៉ែត្រ ចំណុចនេះហើយដែលធ្វើឱ្យមន្ទីរប៉ង់តាហ្គោនមានក្តីកង្វល់ត្រង់ថា ចិនអភិវឌ្ឍទៅជាមីស៊ីលបាញ់ពីអាកាសទៅអាកស (super-long-range) បានសម្រេចជោគជ័យ និង អាចប្រើការបានទៀតផង ៕
ប្រភព៖https://www.facebook.com/realnews123/






