អាមេរិក ៖ កងទ័ពអាមេរិកនៅតែបន្តបើកការវាយប្រហារ លើក្រុមសកម្មប្រយុទ្ធ ISIS នៅក្បែរតំបន់ ដែលខ្លួនបានទម្លាក់គ្រាប់បែកទម្ងន់១១តោន ឬគេស្គាល់ថា ម៉ែគ្រាប់បែក (Mother of all bombs) ដែលបានសម្លាប់ពួក ISIS ៩៤នាក់កាលពីសប្ដាហ៍មុន នៅក្នុងខេត្ត Nangarhar។
ជុំវិញការអះអាងនេះដែរ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក William Salvin បានឱ្យដឹងថា យោធាអាមេរិកនៅតែបន្តប្រកៀកស្មាប្រយុទ្ធ ជាមួយកងកម្លាំងអាហ្វហ្គានីស្ថាន នៅក្នុងសង្រ្គាមកម្ទេចពួក ISIS នៅតាមតំបន់ព្រំដែន។ «ថ្វីត្បិតតែប្រតិបត្តិការមួយចំនួន ត្រូវបានដាក់ កំហិត ប៉ុន្តែដោយសារតែវាជាតំបន់ប្រយុទ្ធប៉ុណ្ណោះ ហើយយើងកំពុងសហការគ្នាប្រយុទ្ធជាមួយសត្រូវរបស់យើង»។ នេះបើតាមសម្តីលោក William Salvin ដោយបន្ថែមទៀតថា លោកជឿជាក់ខ្ពស់បំផុតថា គ្មានជនស៊ីវិលណាម្នាក់ រងគ្រោះនៅក្នុងការទម្លាក់ Mother of all bombs ទៅលើមូលដ្ឋានពួក ISIS នោះទេ។
គួរបញ្ជាក់ថា បើតាមការសន្និដ្ឋានរបស់សហរដ្ឋអាមេរិក ក្រុមអ្នកប្រយុទ្ធ ISIS មានចំនួនពី ៦០០នាក់ ទៅ៨០០នាក់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្របពេលយោធាអាមេរិកច្រើនជាង ៨,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសមួយនេះ ដើម្បីបណ្ដុះបណ្ដាលកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល ប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់រួមទាំងក្រុមភេរវករ៕
វីដេអូ Mother of all bombs ដែលអះអាងថាទម្លាក់ក្នុងខេត្ត Nangarhar ហើយជាមូលដ្ឋានទ័ពរបស់ ISIS
ប្រភព៖http://phsaonline.info/archives/890
