នៅទីបំផុតមុននឹងផុតអាណត្តិជាប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ថាសហរដ្ឋអាមេរិកបានចូលរួមចំណែកធ្វើឱ្យក្រុម ISIS លេចរូបរាងឡើង ហើយដែលការអះអាងបែបនេះក៏ធ្លាប់ត្រូវបានរងការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីស៊ីរី លោក អាស្សាដ និងអ្នកនយោបាយមួយចំនួនរួមមានទំាងលោក ដូណាល់ ត្រាំ ផងដែរ។ ប៉ុន្តែទន្ទឹមគ្នានោះ លោក អូបាម៉ា បានក្រើនរំលឹក ក៏ដូចជាព្រមានលោក ត្រាំ ជុំវិញការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅពេលលោកក្លាយជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik។
ថ្លែងនៅក្នុងសុន្ទរកថាស្ដីពីការប្រយុទ្ធប្រឆាំងនឹង ក្រុម ISIS នៅរដ្ឋ Florida កាលពីថ្ងៃអង្គារ លោក អូបាម៉ា បានគូសបញ្ជាក់ថា «នៅពេលដែលយើងគិតពីចម្លើយរបស់យើងពាក់ព័ន្ធនឹងសកម្មភាពនៃ ISIS យើងធ្លាប់បានបដិសេធ ការប្រព្រឹត្តិកំហុសច្រំដែល នៅអំឡុងពេលកងទ័ពអាមេរិកវាយលុកចូលក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ដែលបានចូលរួមចំណែកបង្កើតឱ្យមានក្រុម ISIS»។ លោក អូបាម៉ា បានបន្តដោយក្រើនរំលឹកលោក ត្រាំ ថា «ក្រុម ISIS បានប្រើឈ្មោះសាសនាអ៊ីស្លាម ដើម្បីធ្វើសង្រ្គាមដូច្នេះបើសិនជាសហរដ្ឋអាមេរិកធ្វើប្រតិកម្មឆ្លើយតបដូចអ្វីដែលពួកគេចង់បាន នោះមានន័យថាវានឹងក្លាយជាសង្រ្គាម រវាងសាសនាអ៊ីស្លាម និងសហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យប៉ះពាល់ដ៏ធំធេងដល់ផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថាបើតាមលោក បារ៉ាក់ អូបាម៉ា តាមរយៈការបង្កើតក្រុមចំរុះអន្តរជាតិដែលមាន៧០ប្រទេសចូលរួម ទីក្រុងវ៉ាស៊ីនតោនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសច្រើនជាង ១៦,០០០លើកទៅលើក្រុមភេរវករ ដែលធ្វើឱ្យពួកគេបាត់បង់ទឹកដីគ្រប់គ្រងជិតពាក់កណ្ដាល នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់៕
ប្រភព៖http://phsaonline.info/archives/421




