តៃកុងឡានមួយរូបនៅសង្កាត់ Cu Chi ក្រុងហូជីមិញ ប្រទេសវៀតណាម បានបង្កភាពភ្ញាក់ផ្អើលមួយដោយបានយកលុយសុទ្ធចំនួន ៥០ លានដុងមកទិញ iPhone 7 ពណ៌ក្រហម។
បើតាមអ្នកតំណាងហាងលក់នៅឯទីក្រុងហូជីមិញបានឲ្យដឹងថានៅថ្ងៃទី ១៤ ខែមេសាពេលថ្ងៃត្រង់ មានភ្ញៀវម្នាក់បានមកសាកសួរចង់ទិញ iPhone 7 ពណ៌ក្រហមទំហំ 128 GB ចំនួនពីរគ្រឿង។ បន្តិចក្រោយមកភ្ញៀវរូបនោះបានយកលុយសុទ្ធ ៥០ លានដុង (ប្រហែល ២ ២០០ ដុល្លារ) ដើម្បីទូទាត់ប្រាក់។ ហាងទាំងមូលត្រូវប្រើកម្លាំងបុគ្គលិក ៧ នាក់ និង ប្រើពេលដល់ទៅ ៣ ម៉ោងដើម្បីរាប់លុយ។
ភ្ញៀវដែលបានបង្កភាពភ្ញាក់ផ្អើលនោះត្រូវបានគេស្គាល់ឈ្មោះថា Tran Trung Tin មានមុខរបរជាអ្នកបើកបររថយន្ត។ គាត់បានសន្សំលុយជាង ៥ ឆ្នាំមកហើយ ដោយមានបំណងថានឹងទិញម៉ូតូ ប៉ុន្តែចុងក្រោយក៏សម្រេចយកលុយ ៥០ លានដុងសន្សំមកទិញទូរសព្ទវិញ៕


