អត្ថបទវិភាគ ៖ ថ្មីៗនេះមានសំណួរ ជាច្រើនបានលើកឡើងថា តើសង្គ្រាមលោកលើកទី៣ អាចចាប់ផ្តើមពីសង្គ្រាមនៅស៊ីរី ឬកូរ៉េខាងជើងដែរឬទេ? ចម្លើយសម្រាប់សំណួរនេះ ត្រូវបានអ្នកវិភាគព្រឹត្តការណ៍ព័ត៌មានអន្តរជាតិមួយចំនួនបានលើកឡើងថា មិនអាច ព្រោះហេតុផល នៃផលប្រយោជន៍សេដ្ឋកិច្ច ប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់អាមេរិក ឬផលប៉ះពាល់នៃឥទ្ធិពលជាដើម តែអ្នកវិភាគមួយចំនួនទៀត នៅតែមិនទាន់ទុកចិត្ត លើគំនិតដែលពិបាកយល់ របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលល្បីថា ជាអ្នកហ៊ានថា គឺហ៊ានធ្វើ ដោយមិនញញើតពីផលប៉ះពាល់។
ចំណុចត្រង់នេះ យើងនឹកឃើញ ដល់សម្តីរបស់ លោកស្រី Hillary Clinton ដែលលើកឡើង ក្នុងការឃោសនា បោះឆ្នោតថា លោក Trump ជាមនុស្សគ្រោះថ្នាក់ ហើយសូមប្រុងប្រយ័ត្ន នៅពេលដែល លោក Trump ជាអ្នកដឹងពី លេខកូដសំងាត់ របស់អាវុធប្រល័យលោក នៅអាមេរិក។ លោកស្រីបាន លើកឡើងផងដែរថា ភាពឆេវឆាវ របស់ដៃគូប្រកួតប្រជែង របស់លោកស្រីរូបនេះ អាចធ្វើឱ្យមាន គ្រោះថ្នាក់ធំ សម្រាប់អាមេរិក និងពិភពលោក។
ភ្លាមៗបន្ទាប់ពី លោក Donald Trump ជាប់ឆ្នោត គាត់ហាក់ព្យាយាម បង្ហាញឱ្យឃើញ ពីភាពទន់ភ្លន់ខ្លះ ដែលធ្វើឱ្យពិភពលោក ស្ងប់ចិត្តបន្តិច តែក្រោយប៉ុន្មានខែ នៃការឡើងកាន់តំណែង របស់មហាសេដ្ឋី អចនលទ្រព្យរូបនេះ បានបង្កើត នូវរូបភាពភ្ញាក់ផ្អើល ព្រលឹងចុងសក់ ជាច្រើនផងដែរ ដោយក្នុងនោះ មានមនុស្សមួយចំនួន បានសាទរ និងត្រេកអរ ខណៈមនុស្សមួយ ចំនួនទៀត កំពុងមើលឃើញ ពីហានិភ័យ នៅពីក្រោយសកម្មភាព ម៉ឺងម៉ាត់ខ្លាំង របស់លោក Trump។
និយាយរួម បើយើងមើល ពីស្ថានការណ៍ យើងអាចស្មានបានថា ពិភពលោក ហាក់មិនទាន់ស្ថិត ក្នុងស្ថានភាព គ្រោះថ្នាក់ខ្លាំង ពេកនោះទេ តែប្រសិនបើមើល ពីឥរិយាបថ អ្នកដឹកនាំមហាអំណាច លេខ១ លើពិភពលោកវិញ គ្មានអ្នកណា ស្មានដល់ទេថា ពិភពលោក អាចនឹងធ្លាក់ ទៅក្នុងភ្នក់ភ្លើងសង្គ្រាម នៅពេលណា។ ប្រសិនបើបែបនេះមែន តើនឹងមានមនុស្ស ប៉ុន្មាននាក់ត្រូវបាត់បង់ជីវិត ខណៈសង្គ្រាមលោក លើកទី២ ប្រើតែអាវុធធម្មតាៗ បានសម្លាប់មនុស្ស ដល់ទៅជាង ៦០លាននាក់ ហើយនោះ។
ជាស្ថានភាពជាក់ស្តែង បើនិយាយដល់ សង្គ្រាមលោក យើងតែងតែសិក្សា ពីមេរៀននៃមេដឹកនាំ ដែលបង្កើត មានសង្រ្គាម នៅក្នុងប្រវត្តិសាស្រ្ត។ Adolf Hitler ជាមនុស្សល្បីល្បាញ បំផុតក្នុងប្រវត្តិសាស្រ្ដ ដែលនាំឱ្យកើតមាន សង្គ្រាមលោក លើកទី២ ខណៈចំណុច ចាប់ផ្តើម នៃគំនិតជាតិនិយម របស់អតីតមេដឹកនាំ អាល្លឺម៉ង់រូបនេះ ត្រូវបានគេមើលឃើញថា ស្រដៀងគ្នាជាមួយលោក Donald Trump ដែលជាមនុស្ស កំពុងស្ថិតក្នុងការចាប់អារម្មណ៍ នាពេលបច្ចុប្បន្ន ដែរនោះ។
ចំណុចសំខាន់ៗ ដែលគេមើលឃើញ ពីការចាប់ផ្តើមរបស់ Hitler គឺ គាត់មានគំនិតជាតិនិយម ជ្រាលជ្រៅបំផុត! មេដឹកនាំផ្តាច់ការ យ៉ាងល្បីល្បាញ ដែលមានមហិចតា គ្រប់គ្រងពិភពលោក រូបនេះ ធ្លាប់ប្រកាស ក្តែងៗថា គិតគូពីប្រទេសអាល្លឺម៉ង់ ហើយចង់ ឱ្យប្រជាជនអាល្លឺម៉ង់ ក្លាយជាជនដែល ពិភពលោក ឱ្យតម្លៃបំផុត ឬជាជនដែល គេរាប់ថា ជាពូជអ្នកប្រាជ្ញ។
ចំណុចសំខាន់ នៃគំនិតជាតិនិយម របស់ Hitler បានធ្វើឱ្យក្រុម Nazi របស់គាត់ទទួលបាន ការគាំទ្រច្រើន ជាងក្រុមធំៗ២ទៀត ក្នុងសង្គម គឺក្រុមរាជានិយម និងក្រុមកុម្មុយនីស្ត រហូត Hitler បានក្លាយ ជាប្រធានាធិបតី។
ងាកមកលោក Donald Trump វិញក៏មិនខុសគ្នាប៉ុន្មាននោះដែរ!
American First ជាឃ្លាយ៉ាងមាន ប្រជាប្រិយភាពបំផុត របស់គាត់។ ហើយបច្ច័យមួយ ដែលធ្វើឱ្យលោក Trump ឈ្នះឆ្នោត នោះគឺ គំនិតចង់កសាង កិត្យានុភាពអាមេរិក ឡើងវិញ ដូចជា Hitler សន្យាជាមួយ ប្រជាជនក្រោយពេល ដែលព្រះមហាក្សត្រអាល្លឺម៉ង់ ដាក់រាជក្រោយចាញ់សង្គ្រាម លោកលើកទី១ នោះដែរ។ ក្រៅពីនេះ Hitler នៅសម្លាប់ពួកជនជាតិ ជ្វីហ្វ និងធ្វើសកម្មភាព គ្រប់បែបយ៉ាង ដើម្បីបង្កើនភាពរឹងមាំ សម្រាប់ប្រជាជាតិខ្លួន ដោយគ្មានគិតពី ផលប៉ះពាល់អ្វីទាំងអស់។ បញ្ហាដូចគ្នានេះដែរ លោក Trump បានប្រកាសភ្លាមៗ ក្រោយពេលដែលគាត់ ឈ្នះឆ្នោតថា ធ្វើរបងជាមួយនឹង Mexico ហើយឃាត់ប្រទេស កាន់សាសនាឥស្លាម មួយចំនួន មិនឱ្យចូលកាន់ ទឹកដីអាមេរិក។ ម្យ៉ាងវិញទៀត ដើម្បីឥទ្ធិពលរបស់ខ្លួន Trump បានផ្តាច់ខ្លួន ពីទ្វីបអាស៊ី ដោយប្រយោល តាមរយៈការលុបចោល កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយទ្វីបអាស៊ី ដែលបង្កើតឡើង នៅក្នុងរដ្ឋបាលរបស់ លោក Obama ដែលធ្វើឱ្យអាមេរិក កាន់តែឆ្ងាយពីអាស៊ី។ សកម្មភាព ទាំងនេះ គឺដើម្បីតែ American First ទាំងអស់!
បើមើលលើសកម្មភាព ការបរទេសវិញ Hitler បានធ្វើសង្គ្រាម ដើម្បីបង្កើនឥទ្ធពលរបស់ខ្លួន ហើយបំបាក់ធ្មង់ ប្រទេស នៅអឺរ៉ុប ហើយបង្កើន កិត្យានុភាព របស់ខ្លួន ខណៈ Trump ប្រើរូបភាព មនុស្សធម៌ ដើម្បីសងសឹក ដល់រដ្ឋាភិបាលស៊ីរី និងប្រើរូបភាពរក្សាសន្តិភាព ពិភពលោក គំរាមវាយប្រហារ កូរ៉េខាងជើង ក្នុងនាមជា ប្រទេសមហាអំណាច ពិភពលោក។
ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាពិភពលោក កាន់តែក្តៅឡើងៗ ហើយអ្នកវិភាគ ស្ថានការណ៍មួយចំនួន បានដកពាក្យវិភាគចេញ ហើយ Print ស្លាកថ្មីដាក់ថា «ស្មានដោយផ្អែកលើភស្តុតាង» វិញ ដើម្បីប្រមើលមើល លើស្ថានការណ៍ ពិភពលោក ជាពិសេស ស្ថានការណ៍សង្គ្រាម ដែលអាចនឹងកើត ឬមិនអាចកើត តាមរយៈការបោះមេ ដោយលោក Trump។
សំណួរមួយត្រូវ បានចោទសួរ ឡើងថា Hitler គឺជា Hitler ហើយ Trump ជា Trump គ្រាន់តែមានចំណុចខ្លះ ស្រដៀងគ្នា! តើចំណុចជាតិនិយម និងមិនសូវខ្វល់ ពីផលប៉ះពាល់ របស់អ្នកទាំង២ អាចបង្កើតឱ្យ មានចំណុចប្រសព្វគ្នាមួយ គឺ «អ្នកទាំង២ ជាអ្នកចាប់ផ្តើមសង្គ្រាមលោក» ដូចគ្នាដែរឬទេ? ប្រភពពី ៖ Heng Sovann
