ឲ្យហេតុ ត្រាំ…! យន្តហោះចម្បាំង F-18 របស់អាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រ តែអ្នកបើក…



សារព័ត៌មាន FoxNews បានចុះផ្សាយកាលយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ថា យន្តហោះចម្បាំងធុន F-18 របស់អាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃសុក្រនេះ ខណៈព្យាយាមចុះចតលើនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។


យោងតាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា ភីឡុត របស់យន្តហោះចម្បាំងមួយនេះ ត្រូវបង្ខំចិត្តចុចកុងតាក់ ផ្តាច់ខ្លួនចេញពីយន្តហោះ ហើយភ្លាមៗនោះក្រុមការងារលើនាវាចម្បាំង ក៏បានប្រញាប់ប្រញាល់ចុះជួយសង្គ្រោះរូបគេ បានទាន់ពេលវេលា ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ។ អំឡុងពេលកើតហេតុនោះ នាវាដឹកយន្តហោះចម្បាំង USS Carl Vinson គឺកំពុងស្ថិតនៅក្នុងឈូងសមុទ្រ Celebes ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ខណៈយន្តហោះចម្បាំង F-18 ដែលមានកន្លែងអង្គុយតែមួយ មកពីមូលដ្ឋានទ័ពអាកាស VFA-137 Kestrels squadron ត្រូវបានបញ្ជូនមកក្នុង ប្រតិបត្ដិការហោះហើរជាទម្លាប់ មុនពេលដែលវាបានធ្លាក់។ ប្រភពបន្តថា យោងតាមសេចក្តីថ្លែងការណ៍របស់ កងទ័ពជើងទឹកអាមេរិក U.S. Navy’s 7th Fleet ពួកគេមិនបានបញ្ជាក់ថា ភីឡុត បានចុចកុងតាក់ ចេញពីយន្តហោះចម្បាំងរបស់ខ្លួន នៅពេលណាឲ្យពិតប្រាកដនោះទេ ហើយមូលហេតុនៃគ្រោះថ្នាក់នេះក៏មិនទាន់ដឹងច្បាស់លាស់នៅឡើយដែរ។


មន្រ្តីកងទ័ពជើងទឹកអាមេរិក បានថ្លែងថា ការបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Carl Vinson នេះ ក្នុងគោលបំណងដែលជាការបង្ហាញកម្លាំងទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសមួយនេះ បានសាកល្បងបាញ់អាវុធមីស៊ីលរបស់ខ្លួនជាច្រើនលើកច្រើនសារ ហើយវានឹងទៅដល់គោលដៅ នៅក្នុងសប្តាហ៍ក្រោយនេះ។គួរបញ្ជាក់ថា នាវាចម្បាំងមួយនេះ បានចេញដំណើរពីប្រទេសសិង្ហបុរី កាត់តាមសមុទ្រជប៉ុន តាំងពីសប្តាហ៍មុនមកម្ល៉េះ ហើយក៏បានធ្វើការឈប់សំចតនៅក្នុងទ្វីបអាស៊ី ពេលកំពុងធ្វើដំណើរតាមផ្លូវផងដែរ៕




ប្រភព៖ kosaba