គាត់បានលើកឡើងនូវទ្រឹស្ដីគ្មានមូលដ្ឋានច្បាស់លាស់អស់ជាច្រើនឆ្នាំមកហើយ ដូចជាលោក អូបាម៉ា ប្រហែលជាមិនបានកើតនៅរដ្ឋហាវ៉ៃជាដើម ប៉ុន្តែឥឡូវលោកប្រធានាធិបតី ដូណាល់ត្រាំ នឹងដើរតួដ៏សំខាន់នៅក្នុងរឿងរ៉ាវដ៏ល្បីនិងអាថ៍កំបាំងជាយូរមកហើយជុំវិញកំណត់ត្រានៃការធ្វើឃាតលោកប្រធានាធិបតី កេណ្ណីឌី ។
ច្បាប់ប្រមូលកំណត់ត្រាធ្វើឃាត កេណ្ណីឌី ឆ្នាំ ១៩៩២ (1992 JFK Assassination Records Collection Act) ត្រូវបានអនុម័តដោយលោកប្រធានាធិបតី George H.W. Bush ដោយកំណត់ពេល ២៥ ឆ្នាំសម្រាប់ការឃោសនាបើកចំហនៃកំណត់ត្រាធ្វើឃាតលោកប្រធានាធិបតី កេណ្ណីឌី ដែលត្រូវគេលួចធ្វើឃាតនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ នៅទីក្រុងដាឡាស។
ច្បាប់នេះបានបង្កើតការប្រមូលកំណត់ត្រានៅបណ្ណសារជាតិ ហើយបានបង្កើតដំណើរការមួយសម្រាប់ការឃោសនាដោយបើកចំហ។ ច្បាប់នេះតម្រូវឱ្យមានការបញ្ចេញរាល់កំណត់ត្រារដ្ឋាភិបាលដែលជាប់ទាក់ទងនឹងការធ្វើឃាតក្នុងរយៈពេល ២៥ ឆ្នាំ តែអាចលើកលែងមិនបញ្ចេញកំណត់ត្រានោះបាន ប្រសិនបើប្រធានាធិបតីបញ្ជាក់ពីការពន្យារពេលបញ្ចេញកំណត់ត្រានោះ។
ថ្ងៃផុតកំណត់នៃច្បាប់នេះនឹងមកដល់នៅថ្ងៃទី ២៦ ខែតុលាខាងមុខ ប៉ុន្តែឯកសារមិនទាន់បានបញ្ចេញប្រមាណ ៣.៦០០ អាចនឹងត្រូវបញ្ចេញនាពេលឆាប់ៗនេះ។ ទីភ្នាក់ងារជាប់ពាក់ព័ន្ធកំពុងពិនិត្យកំណត់ត្រាសម្រាប់បញ្ចេញ។
មន្ត្រីសេតវិមានម្នាក់បានប្រាប់វេបសាយ Politio ថា សេតវិមានដឹងពីតម្រូវការច្បាប់ ហើយកំពុងធ្វើការជាមួយបណ្ណសារដើម្បីអនុញ្ញាតឱ្យមានដំណើរការបញ្ចេញកំណត់ត្រាឱ្យរលូននៅមុនថ្ងៃផុតកំណត់ក្នុងខែតុលាខាងមុខ។
មន្ត្រីបណ្ណសារជាតិលោកស្រី Martha W. Murphy បានប្រាប់កាសែតខាងលើថា រដ្ឋាភិបាលកំពុងត្រៀមបញ្ចេញព័ត៌មានជាក្រុម ដែលប្រហែលបញ្ចេញនៅរដូវក្ដៅខាងមុខ។
លោកត្រាំមានពេលច្រើនសប្តាហ៍ទៀតដើម្បីសម្រេចចិត្តថាតើត្រូវបញ្ចេញឯកសារសម្ងាត់ចុងក្រោយរបស់ CIA និង FBI អំពីការធ្វើឃាតលោកកេណ្ណឌី ឬ ក៏អត់៕
ប្រភព៖http://fbnewskh.com/archives/2884



