(កូរ៉េខាងជើង)៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសានេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលទៀតហើយ នៅលើឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ប៉ុន្តែត្រូវបានគេជឿថា ទទួលបរាជ័យ នេះបើយោងតាមការលើកឡើងរបស់យោធាប្រទេសកូរ៉េខាងត្បូង។
ការបាញ់បង្ហោះគ្រាប់មីស៊ីល Missile នេះធ្វើឡើងនៅតំបន់ Sinpo នៃប្រទេសកូរ៉េខាងជើង ចំណែកប្រភេទគ្រាប់មីស៊ីលមិនទាន់ដឹងនៅឡើយនោះទេ។
ការបាញ់ទៀតនេះសោត បានកើតឡើងបន្ទាប់មួយថ្ងៃដែលកូរ៉េខាងជើង បានរៀបចំពិធីដ៏ធំដុំបំផុតដើម្បីអបអរ «ទិវានៃព្រះអាទិត្យ» ដែលចង់សំដៅទៅលើពន្លឺនៃការចាប់កំណើតទី១០៥ឆ្នាំ របស់បិតាស្ថាបនិក គឺលោក គីម អ៊ីលស៊ុល ជាមេដឹកនាំជំនាន់ទីមួយនៅកូរ៉េខាងជើង ដែលបានប្រសូត្រកាលពី១០៥ឆ្នាំមុន និងបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤។
សូមជំរាបថា នៅក្នុងពិធីថ្ងៃខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក គីម អ៊ីលស៊ុង កូរ៉េខាងជើងបានបង្អួតគ្រាប់មីស៊ីលសម្រាប់ បំពាក់លើនាវាមុជទឹក Pukkuksing-2 SLBMs ជាសាធារណលើកដំបូង។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើង៕ (វិដេអូបង្ហោញការហែក្បួនព្យុហយាត្រាពីម្សិលមិញ)
ប្រភព៖ freshnews


