ប្រុងប្រយ័ត្ន…! បន្លែ ៣ ប្រភេទនាំចូលមកពីវៀតណាម មានសារធាតុគីមីហាមឃាត់…(សូមអាន)









មានបន្លែស្ទើរតែ ៨០ ភាគរយ ដែលបានលក់នៅលើទីផ្សារក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តជាប់ព្រំដែន សុទ្ឋតែនាំចូលមកពីប្រទេសវៀតណាម ដែលកន្លងមកអ្នកទទួលទានទាំងឡាយមិនបានដឹងថា មានសារធាតុគីមីឡើយ ។ ប៉ុន្តែឆ្លងតាមរយៈការពិសោធន៍ របស់កាំកុងត្រូលនៅ ច្រកទ្វាអន្តរជាតិភ្នំដិនឃើញថា ផ្លែម្ទេស ស្លឹកកាឆាយ និង ស្លឹកខ្ទឹម នាំចូលមកពីប្រទេសវៀតណាម បានរកឃើញសារធាតុគីមី ដែលត្រូវហាមឃាត់ ហើយត្រូវបានមន្ត្រីកាំកុងត្រូល ហាមឃាត់មិនឱ្យនាំចូលមកកាន់ទីផ្សារស្រុកខ្មែរឡើយ ។


ការរកឃើញនេះ បន្ទាប់ពីរថយន្តពិសោធន៍ចល័ត Mobile Lab របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះមកធ្វើការពិសោធន៍លើបន្លែផ្លែឈើនៅច្រកទ្វាភ្នំដិន នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៧ កន្លងមក ។


លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ការចុះមកត្រួតពិនិត្យលើបន្លែ ផ្លែឈើរបស់រថយន្តពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលនេះ យើងបានធ្វើការពិនិត្យលើបន្លែផ្លែឈើចំនួន ២៨ មុខ តែជាលទ្ធផលយើងបានរកឃើញបន្លែចំនួន ៣ មុខរួមមាន ផ្លែម្ទេស ស្លឹកកាឆាយ និង ស្លឹកខ្ទឹម មានកាកសំណល់សំលាប់សត្វល្អិត នៅលើបន្លែទាំងអស់នោះដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគដូចជា ថប់ដង្ហើម ហប់ៗ និង រលាកបំពង់កជាដើម ។


បន្លែផ្លែឈើ ២៥ មុខទៀត គេមិនបានរកឃើញមានសារធាតុគីមីអ្វីនោះទេ ហើយចាប់ពីពេលនេះតទៅ គឺយើងបញ្ឈប់មិនឲ្យមានការនាំចូលបន្លែទាំង ៣ ប្រភេទនេះចូលមកប្រទេសកម្ពុជាតទៅទៀត ។ ក៏ប៉ុន្តែបើមានការនាំចូលឡើងវិញ ទាល់តែមានឯកសារបញ្ជាក់ច្បាស់លាស់ពីប្រភពនៃការនាំចូល និង ការត្រួតពិនិត្យដោយរកមិនឃើញសារធាតុគីមី ឬកាកសំណល់ថ្នាំបាញ់សម្លាប់សត្វល្អិត នៅលើបន្លែទាំង ៣ មុខខាងលើទើបអនុញ្ញាតឲ្យនាំចូល ៕












ប្រភព៖ pmhotnews