ប្រជាជនពីរលាននាក់របស់គាត់ប្រហែលកំពុងអត់ឃ្លាន ប៉ុន្តែរឿងនេះហាក់ស្ថិតក្នុងចិត្តលោក គីមជុងអ៊ុន នៅក្រោយគេ ខណៈគាត់ទស្សនាកសិដ្ឋានចិញ្ចឹមជ្រូកយកសាច់មួយកន្លែង។
លោក “មេដឹកនាំកំពូល” រូបនេះអាចត្រូវឃើញបញ្ចេញស្នាមញញឹមនិងសើចសប្បាយចិត្តជាមួយមន្ត្រីក្រោមឱវាទខណៈគាត់ធ្វើដំណើរទស្សនកិច្ចនៅកសិដ្ឋានសម្លាប់សត្វជ្រូក “Thaechon Pig Farm” ដែលផ្គត់ផ្គង់ដល់យោធារបស់ប្រទេស។
លោក គីមជុងអ៊ុន ដែលត្រូវគេដឹងឮថាចូលចិត្តសាច់ល្អៗនិងឈីស ត្រូវគេថតពីសកម្មភាពដើរត្រួតពិនិត្យជ្រូកកាប់ងាប់រួច។
រូបភាពទាំងនេះត្រូវបានបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA។ ទោះយ៉ាងណាគេមិនដឹងថា រូបភាពនេះថតតាំងពីពេលណាឡើយ។
អង្គការសហប្រជាជាតិជឿថា ប្រជាជននៅកូរ៉េខាងជើងជាង ២ លាននាក់កំពុងតស៊ូដើម្បីរស់ទាំងត្រដរ។
យោងតាម UN ឱ្យដឹងថា របបអាហារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េខាងជើងមាន ពោត បាយ ឬក៏សាច់ត្រឹមតែ ៦៥០ក្រាមប៉ុណ្ណោះ។
ជនភៀសខ្លួនពីប្រទេសនេះ ដែលបានរងទុក្ខវេទនាក្រោយមរបបផ្ដាច់ការបានប្រាប់ថា ប្រជាជនតែងឃ្លានរហូតដល់ស្លាប់ ជាមួយសាកសពដេកនៅតាមដងផ្លូវ។
អ្នកនាង Park Yeonmi ដែលបានគេចខ្លួនពីកូរ៉េខាងជើងកាលពីឆ្នាំ ២០០៧ បានប្រាប់កាសែត The Express ក្នុងខែនេះថា “ជារៀងរាល់ថ្ងៃ ខ្ញុំតែងឆ្ងល់ថាតើខ្ញុំនឹងរស់ឬអត់។ អាហារមានដែនកំណត់ ព្រោះអ្នករាល់គ្នាឃ្លានហើយប្រជាជនដូចពួកយើង ដែលស្ថិតនៅឋានៈបាតសង្គម សុទ្ធតែស្រេកឃ្លាន។ ម្ដាយរបស់ខ្ញុំលក់ដូរនៅទីផ្សារប៉ុន្តែវាមិនគ្រប់គ្រាន់ឡើយ។ ដូច្នេះយើងត្រូវតែស្វែងរកអាហារនៅភ្នំ ដោយពិសាកន្ទុំរុយ ឬក៏កណ្ដូបនិងរុក្ខជាតិ ឬអ្វីក៏ដោយដើម្បីរស់រានមានជីវិត”៕ ប្រភព៖Reuters






