លោក Ken Gause ប្រធានក្រុមកិច្ចការអន្តរជាតិនៃមជ្ឈមណ្ឌលវិភាគដែនសមុទ្រអះអាងថាយុទ្ធសាស្រ្តដែលគ្រោងដោយក្រុមលោកប្រធានាធិបតីត្រាំមិនខុសគ្នាពីយុទ្ធសាស្រ្តរបស់លោកអូបាម៉ាដែលទទួលបរាជ័យនោះទេ ប៉ុន្តែលោករំពឹងថាគោលនយោបាយរបស់លោកត្រាំចំពោះកូរ៉េខាងជើងអាចនឹងមានឱកាសក្នុងការទទួលបានជោគជ័យ។
លោក Gause បាននិយាយថា៖ «ការណ៍ដែលសំខាន់បំផុត គឺអ្នកនឹងធ្វើឲ្យកូរ៉េខាងជើងនៅតែបន្តធ្វើអ្វីដែលប្រទេសនេះកំពុងធ្វើ (សាកល្បងគ្រាប់មិស៊ីល) ឬក៏អ្នកបន្តដាក់ទណ្ឌកម្មបន្ថែមទៀត និងដាក់សម្ពាធលើកូរ៉េខាងជើង ហើយព្យាយាមដាក់សម្ពាធលើចិនឲ្យដោះស្រាយបញ្ហាចំពោះមុខយើងដូចដែលរដ្ឋបាលរបស់លោកអូបាម៉ាបានធ្វើ។ ការធ្វើបែបនេះ នឹងមិនអាចដោះស្រាយបញ្ហានោះទេ»។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញផ្សេងទៀតមានជំនឿថាលោកត្រាំនឹងមានយុទ្ធសាស្រ្តផ្សេងដើម្បីដកអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ហើយពួកគេរំពឹងថាលោកត្រាំនឹងមានគោលនយោបាយតឹងរ៉ឹងដែលផ្តោតលើការរឹតបន្តឹងដង្ហើមហិរញ្ញវត្ថុសម្រាប់កម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់រដ្ឋឯកោមួយនេះ។ អតីតអនុប្រធានផ្នែកភ្នាក់ងារស៊ើបការសម្ងាត់ (CIA) ប្រចាំឧបទ្វីបកូរ៉េ លោក Bruce Klingner បាននិយាយថាទោះបី នេះជាមានការសន្និដ្ឋានមុន ស្របពេលដែលគោលនយោបាយរបស់រដ្ឋបាលត្រាំសម្រាប់កូរ៉េខាងជើងកំពុងត្រូវបានគេធ្វើក៏ដោយ «ភាពដែលអាចខុសប្លែកពីមុននោះគឺ កម្រិតនៃការទណ្ឌកម្មតែប៉ុណ្ណោះ»។
សារព័ត៌មាន Rodong Sinmun ជាផ្លូវការរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានថ្កោលទោសលើគោលនយោបាយកូរ៉េខាងជើងរបស់ត្រាំ ដោយបានសរសេរថា «គ្មានភាពខុសគ្នាខ្លាំងនោះទេរវាងគោលនយោបាយ «យុទ្ធសាស្រ្តអត់ធ្មត់» ដែលបរាជ័យរបស់លោកអូបាម៉ានិងគោលនយោបាយកូរ៉េខាងជើងរបស់រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន៕
ប្រភព៖http://phsaonline.info/archives/1100
