ឪពុក​រវល់​គ្មាន​ពេល​​ជួប​ជុំ​គ្រួសារ​ កូន​​​សួរ​​មួយ​សំណួរ​ធ្វើ​ឲ្យ​​ឪពុក​​ឆ្អែត​ចិត្ត

នីក ​ជា​​ក្មេង​ប្រុស​អាយុ​​១០​ឆ្នាំ និង​ជា​កូន​​តែ​ម្នាក់​​គត់​ក្នុង​គ្រួសារ​។ ​គេ​មាន​​ឪពុក​ជា​អ្នក​ជំនួញ​​ដ៏​មមាញឹក​​ម្នាក់​ និង​​កម្រ​មាន​ពេល​​វេលា​សម្រាប់​ជួប​ជុំ​គ្រួសារ​ណាស់​​។


រូបតំណាង
ឪពុក​របស់​ នីក ​តែង​តែ​មក​ដល់​ផ្ទះ​ពេល​គេ​គេង​លក់​បាត់​ និង​ចេញ​​ទៅ​ធ្វើ​ការ​វិញ​ ពេល​​ នីក ​​មក​ពី​សាលារៀន។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​អ្នក​ទាំង​​ពីរ​​មិន​សូវ​បាន​ឃើញ​មុខ​គ្នា ​ឬ​ជុំ​ជា​មួយ​គ្រួសារ​ឡើយ។
ល្ងាច​មួយ​ នីក​ ​រំភើប​​ចិត្ត​ខ្លាំង​​​ព្រោះ​ឃើញ​ឪពុក​នៅ​ផ្ទះ​​​ដោយ​និយាយ​៖ "​ប៉ា! ​ខ្ញុំ​សប្បាយ​ចិត្ត​​ណាស់​​ដែល​ឃើញ​ប៉ា​​នៅ​ផ្ទះ​ថ្ងៃ​​នេះ"។
ប៉ា​ឆ្លើយ​៖ "បាទ​​កូន​ប្រុស! ​ព្រោះ​​ការ​ប្រជុំ​ត្រូវ​បាន​​លុប​ចោល ហើយ​យន្តហោះ​​ត្រូវ​ពន្យារ​ពេល​​២​ម៉ោង​ទៀត​។ ដូច្នេះ​ ប៉ា​​ត្រូវ​នៅ​ផ្ទះ​​​បាន​ ២​ម៉ោង"។
នីក៖ "​ប៉ា!​​ កូន​​ចង់​និយាយ​លេង​ជា​មួយ​ប៉ា ហើយ​ចង់​​សួរ​ពីរ​បី​សំណួរ​ដែរ បាន​ទេ​ប៉ា?” ប៉ា៖ "​​បាទ បាន​តើ​កូន​ប្រុស! សួរ​មក។"
នីក៖ "​​ពេល​ណា​ប៉ា​ត្រលប់​មក​វិញ?” ប៉ា៖ "រសៀល​ថ្ងៃ​ស្អែក​!" ​ នីក៖ "​ប៉ា​ តើ​ប៉ា​រក​បាន​ប្រាក់​​ប៉ុន្មាន​​ក្នុង​មួយ​ឆ្នាំ”? ប៉ា៖ "​អូ! កូន​ប្រុស​ ច្រើន​ណាស់ ​ប្រាប់​ទៅ​ក៏​កូន​​មិន​យល់​ដែរ។"
នីក៖ "បាទ​ប៉ា! ​តើ​ប៉ា​​សប្បាយ​ចិត្ត​​ជាមួយ​​ប្រាក់​រក​បាន​ដ៏​ច្រើន​ទាំង​នោះ​អត់?” ប៉ា៖ " បាទកូន​! ​ប៉ា សប្បាយ​ចិត្ត​ ហើយ​​ប៉ា​ក៏​គ្រោង​​​នឹង​បើក​សាខា​​ថ្មី​មួយ​​ និង​​ជំនួញ​​ថ្មី​មួយ​ទៀត​ដែរ​​នៅ​ពីរ​បី​ខែ​ទៀត។ ​តើ​​អស្ចារ្យ​ទេ​កូន​សំណព្វ​?”
នីក៖ "​បាទ​ប៉ា!​ ​ខ្ញុំ​​រីករាយ​ណាស់​​ពេល​បាន​ឮ​​ដូច​នេះ។” ប៉ា៖ " មាន​សំណួរ​អី​ទៀត​ទេ​ កូននីក?”
នីក៖ "​បាទ​​ប៉ា! ​​ខ្ញុំ​​មាន​តែ​មួយ​សំណួរ​ទៀត​ទេ?” ប៉ា៖ "សួរ​មក​អីចឹង!"
នីក៖ "​ប៉ា!​​ បើ​​ប៉ា មិន​ចង់​ប្រាប់​​កូន​​ថា​រក​បាន​​ប៉ុន្មាន​​ក្នុង​មួយ​​ឆ្នាំ ឬ​​មួយ​ខែ​​ក៏​ហី​ចុះ​។ តែ​​ប៉ា​អាច​​បង្ហើប​​ថា​ ប៉ារក​​​ប្រាក់​បាន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ ឬ​កន្លះ​ថ្ងៃ?” ប៉ា៖ " នីក​កូន! ​​​កូន​មិន​គួរ​សួរ​​​ប៉ា​​អំពី​​ចំណូល​អីចឹង​ទេ ​ព្រោះ​កូន​ពិបាក​យល់ និង​​មិន​ចាំបាច់​​ទេ។"
ដោយ​សារ​តែ​ប៉ា​មិនព្រម​​ឆ្លើយ​ ​នីក បាន​ទៅ​រក​ម៉ាក់​​ឲ្យ​ជួយ​ខ្លួន។ នីក សុំ​​​ម៉ាក់​ជួយ​ជំរុញ​ឲ្យ​ប៉ា​​ឆ្លើយ​​សំណួរ​​ ត្រឹម​ប្រាក់​​ចំណូល​គិត​ជា​ម៉ោង​ក៏​បាន​ដែរ បើ​​ប្រចាំ​ថ្ងៃ​​ឆ្លើយ​មិន​បាន។​
ប៉ា​​ឆ្លើយ៖ "​ណ្ហើយ​​ប៉ា ប្រាប់​ទៅចុះ! ​មួយ​ម៉ោង​ប្រមាណ​១០​ដុល្លារ។"​
បាន​ឮ​​ចម្លើយ​​ភ្លាម នីក ​បាន​​រត់​​ទៅ​បន្ទប់​របស់​ខ្លួន​នៅ​ជាន់​លើ ហើយ​​បី​កូន​ជ្រូក​សន្សំ​​ប្រាក់​​ត្រលប់​មក​វិញ​។ ពេល​មក​ដល់​​មុខ​​ប៉ា​ភ្លាម​ គេ​បាន​ហុច​​​កូន​​ជ្រូក​នេះ​​ទៅ​ឲ្យ​​​ប៉ា​រួច​និយាយ​ "​ក្នុង​កូន​ជ្រូក​​នេះ​​មាន​ប្រាក់​​ជាង ៣០ដុល្លារ​។ ​តើ​ប៉ា​​អាច​​កំដរ​​កូន​​៣​ម៉ោង​បាន​ទេ? ​កូន​ចង់​​ទៅ​លេង​សមុទ្រ និង​​ញ៉ាំ​អាហារ​​ពេល​​ល្ងាច​​​ជា​មួយ​ប៉ា​ម្ដង​នៅ​ថ្ងៃ​ស្អែក។ សូម​ប៉ា រៀប​​តារាង​ពេល​វេលា​​សម្រាប់​​ពេល​ដើរ​លេង​នេះ​ផង?”
​គ្រាន់​តែ​​ឮ​សម្ដី​​កូន​ប្រុស​​ប៉ុន្មាន​​ម៉ាត់​នេះ​ភ្លាម​ធ្វើ​ឲ្យ​​ឪពុក​​​អួល​ដើម​ក ​រក​​និយាយ​អ្វី​​មិន​ចេញ​ បាន​ត្រឹម​សម្លឹង​មើល​​​ទាំង​ក្ដី​អាណិត​កូន៕
តម្លៃ​អប់​រំ​រឿង៖ សូម​ចំណាយ​ពេល​វេលា​ខ្លះ​​សម្រាប់​ក្រុម​គ្រួសារ ​ផ្ដល់​​ក្ដី​ស្រលាញ់​​ ភាព​កក់ក្ដៅ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ប្រពន្ធ​ផង​​ក្នុង​​នាម​​ជា​​ឪពុក​ម្ដាយ​របស់​គេ។ ​លុយ​មិន​អាច​​ទិញ​អ្វី​ៗ​​បាន​​ទាំង​អស់​ទេ។ ខំ​រក​ប្រាក់​ច្រើន​​មក​ដើម្បី​អ្វី ​បើ​ខ្លួន​មិន​មាន​ពេល​​ចាយ​ផង?



ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ បរទេស​