ចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកដកប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល THAAD ចេញពីប្រទេសកូរ៉េខាងត្បូង
ចិន៖ កាលពីថ្ងៃពុធប្រទេសចិនបានសម្ដែងនូវក្តីកង្វល់របស់ខ្លួនទៅលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ក្រោយពេលយោធាសហរដ្ឋអាមេរិកចាប់ផ្ដើមបញ្ជូនប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល THAAD ទៅកាន់ទីតាំងដាក់ពង្រាយស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ថ្លែងទៅកាន់សន្និសីទកាសែតប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យរដ្ឋមន្ត្រីបរទេសចិនលោក ហ្គេង សួង បាននិយាយថា ចិនសូមធ្វើការជំរុញ និងទទូចឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដកចេញនូវប្រព័ន្ធមួយនេះជាបន្ទាន់។ គួរឲ្យដឹងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីងតោនបាននិយាយថា គោលបំណងតែមួយគត់នៃការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD គឺដើម្បីការពារប្រឆាំងនឹងមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែចិនមានក្តីកង្វល់យ៉ាងខ្លាំងថា ប្រព័ន្ធរ៉ាដាដ៏មានឥទ្ធិពលមួយនេះអាចជ្រាតចូលទៅក្នុងអធិបតេយ្យភាពទឹកដីរបស់ខ្លួន ក៏ដូចជាធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ ហើយពួកគេតែងតែជំទាស់ម្ដងជាពីរដងចំពោះការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលមួយនេះ៕
ប្រភព ៖ bayontv




