ភ្នំពេញៈ កញ្ញា រិទិ្ធ រាសី ភ័យខ្លាចថា ការប្រើថ្នាំអ័រម៉ូនក្នុងចំនួនដូសដ៏ច្រើន ដែលនាងត្រូវប្រើដើម្បីរក្សារូបរាងជាស្រ្តីរបស់ខ្លួន អាចធ្វើឲ្យជីវិតរបស់នាងកាន់តែខ្លី។ ប៉ុន្តែសេចក្តីសប្បាយរីករាយ ដែលកញ្ញាទទួលបានពីការរស់នៅជាស្រ្តី ភេទដែលនាងកំណត់ថា ជាភេទរបស់នាង តាំងពីនាងមានអាយុ ៧ ឆ្នាំនោះគឺគ្រប់គ្រាន់សម្រាប់នាងក្នុងការបន្តប្រើប្រាស់ថ្នាំ ៦ គ្រាប់ក្នុងមួយថ្ងៃ ដោយមិនចាំបាច់មានការណែនាំពីគ្រូពេទ្យឡើយ។ របបថ្នាំនេះបានធ្វើឲ្យនាងមានសុដន់ រាងស្តើង ដៃគ្មានរោម និងមានដងខ្លួនកាន់តែដូចមនុស្សស្រី។ ប៉ុន្តែ វាបានធ្វើឲ្យនាងមានការប្រែប្រួលផ្លូវអារម្មណ៍ និងបាត់បង់ការចងចាំ ហើយបានកាត់បន្ថយចំណង់ផ្លូវភេទ។
ស្រីភេទ ទី៣ ដែលកើតមកជាប្រុស ប៉ុន្តែ ចាត់ទុកខ្លួនជាស្រី និងប្រុសភេទ ទី៣ ទទួលរងការរើសអើងនៅកម្ពុជា ដូចជាការបំបោះបង់ដោយក្រុមគ្រួសារ និងការពិបាកក្នុងការស្វែងរកការងារធ្វើជាដើម។
នាង រាសី ដែលជាជនជាតិខ្មែរអ៊ិស្លាមនៅកម្ពុជា បានថ្លែងថា៖ «ដើម្បីពន្យល់អំពីការសម្លុតនិងការរើសអើងត្រូវចំណាយពេល ១ ម៉ោង។ កញ្ញាបន្តថា គេមិនឲ្យនាងទៅវិហារ ហើយមិនឲ្យការងារនាងទេ ដោយសារភេទរបស់នាង។
នាងនិងសកម្មជនប្រុសនិងស្រីភេទ ទី៣ បានឲ្យដឹងថាប៉ុន្តែ បញ្ហាចម្បងមួយ ដែលប៉ះពាល់ដល់សហគមន៍គឺកង្វះនៃលទ្ធភាពទទួលបានព័ត៌មាន ដើម្បីប្តូរទៅភេទមួយទៀតប្រកបដោយប្រសិទ្ធភាព។
ក្នុងប្រទេសអភិវឌ្ឍជាច្រើន ស្រីនិងប្រុសភេទ ទី៣ អាចប្រើសេវាអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលណែនាំពួកគេ អំពីថ្នាំអ័រម៉ូន ដែលត្រូវប្រើប្រាស់ ដើម្បីកាត់បន្ថយហានិភ័យលើសុខភាព ឬក៏ជ្រើសយកការវះកាត់។ ប៉ុន្តែនៅកម្ពុជាការរើសអើងនិងកង្វះនៃជម្រើសវះកាត់ មានន័យថា មនុស្សភេទ ទី៣ មានជម្រើសតិចតួចក្រៅពីប្រើប្រាស់ថ្នាំពន្យារកំណើន។
ដោយអង្គុយនៅក្នុងវត្តមួយនៅភ្នំពេញ និងស្លៀកពាក់ខោខូវប៊យខ្សែនិងអាវយឺតរឹបពណ៌ខ្មៅ នាង រាសី បានចោទសួរថា៖ «តើខ្ញុំអាចធ្វើអ្វីផ្សេងទៀតបាន»។ ដោយនិយាយពីថ្នាំដែលនាងផឹករាល់ថ្ងៃអស់ ២ ឆ្នាំមកហើយនេះ នាង រាសី បានបញ្ជាក់ថា៖ «ខ្ញុំដឹងថា វាអាក្រក់ចំពោះសុខភាពខ្ញុំ ប៉ុន្តែ ខ្ញុំចង់ធ្វើជាស្រ្តី។ គ្មានកន្លែងផ្តល់ព័ត៌មានទេ វាគ្រាន់តែជាការនិយាយតគ្នា»។
រាសី រៀបចំខោអាវនៅក្នុងផ្ទះ។
អ្នកស្រី ពៅ បាននិយាយថា៖ «នៅពេលខ្ញុំប្រើប្រាស់ថ្នាំ អ័រម៉ូន ខ្ញុំមានអារម្មណ៍ក្តៅក្នុងខ្លួន ប៉ុន្តែ ខ្ញុំនៅតែប្រើវាដើម្បីធ្វើឲ្យដោះខ្ញុំរីកធំ»។
មានការស្រាវជ្រាវតិចតួចណាស់លើផលប៉ះពាល់រយៈពេលវែងដោយសារតែការប្រើប្រាស់ថ្នាំពន្យារកំណើត និងថ្នាំអ័រម៉ូនដទៃទៀតមកលើស្រីភេទ ទី៣ ប៉ុន្តែលោកវេជ្ជបណ្ឌិត Vic Salas អ្នកប្រឹក្សានៅសមាគមសុខភាពបន្តពូជនៅកម្ពុជា (RHAC) កំពុងបញ្ចប់ការសិក្សាលើក ទី១ ស្តីពីសុខភាពរបស់មនុស្សភេទ ទី៣ នៅកម្ពុជា ដែលនឹងចេញផ្សាយនៅចុងឆ្នាំនេះ។
លោក Salas បានបន្តថា ការប្រើប្រាស់ថ្នាំអ័រម៉ូនស្រ្តីច្រើនបង្កើនសម្ពាធឈាម និងគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយកម្រិតនៃហានិភ័យ គឺផ្អែកលើថា តើគេមានបញ្ហាសុខភាពដែលមានមុនមកស្រាប់ហើយឬក៏យ៉ាងណា?។
បុរសភេទ ទី៣ ដែលបានធ្វើដំណើរទៅថៃដើម្បីវះកាត់ដោះចេញនៅគ្លីនិកល្បីឈ្មោះ អាចចំណាយប្រាក់ដល់ ៥៥០០ ដុល្លារ។ នាង រាសី បានថ្លែងថា នាងចង់ទៅបាងកក ដើម្បីប្តូរភេទទាំងស្រុង។ ព័ត៌មានតគ្នាបានឲ្យ រាសី បានដឹងថា ការវះកាត់ទាំងមូលនឹងចំណាយ ១ ម៉ឺនដុល្លារ ជាចំនួនប្រាក់ដែលនាងពុំមានទេ។ សូម្បីតែការធ្វើដំណើរទៅទីនោះដើម្បីចាក់ថ្នាំពង្រីកសុដន់ក៏ត្រូវចំណាយច្រើនផងដែរ។
បុរសភេទ ទី៣ ពីរនាក់ផ្សេងទៀតគឺឈ្មោះ ពីពី និង បញ្ញា ដែលសុទ្ធតែ អាយុ ២១ ឆ្នាំដែលស្នើសុំមិនបញ្ចេញឈ្មោះពេញនោះបានឲ្យដឹងថា ពួកគេប្រើវិធីកាន់តែសាមញ្ញ។
លោក ពីពី បាននិយាយថា៖ «ខ្ញុំគ្រាន់តែចងសុដន់ខ្ញុំ»។ សម្លៀកបំពាក់តឹងខាងក្នុង បានធ្វើឲ្យដើមទ្រូងខ្ញុំរាប ដើម្បីកុំឲ្យគេឃើញដោះ។ បញ្ញា ធ្វើដូចគ្នា។ អ្នកខ្លះជឿជាក់ថា ការចងសុដន់អាចធ្វើឲ្យមានគីស ដែលអាចក្លាយជាដុំសាច់ បុន្តែគ្មានភ័ស្តុតាងអំពីអត្រាកើតជំងឺមហារីកសុដន់ខ្ពស់ ក្នុងចំណោមអ្នកដែលចងសុដន់នោះទេ។
ផលប៉ះពាល់ភ្លាមៗពីអាវទ្រនាប់រឹតបន្តឹងសុដន់ ដែល ពីពី ពាក់ជារៀងរាល់ថ្ងៃបានកើតមានចំពោះគាត់។ អាវទ្រនាប់ គឺមិនងាយស្រួលទេ ហើយពេលខ្លះធ្វើឲ្យគាត់ពិបាកដកដង្ហើម។
ជម្រើសផ្សេងទៀតសម្រាប់ពួកគេបច្ចុប្បន្នមិនមានទេ។ លោក បញ្ញា ដែលចង់បានអាវទ្រនាប់សុដន់ធំបានថ្លែងថា លោកជឿថា គ្រូពេទ្យក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះអាចធ្វើការវះកាត់បាន ប៉ុន្តែគាត់សុខចិត្តមិនជ្រើសរើសការធ្វើជាបុរសផ្លាស់ប្តូរភេទទេ ដោយសារតែសង្គមមិនទទួលស្គាល់ទេ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា គ្រូពេទ្យអាចធ្វើវាបាន ប៉ុន្តែ វាមិនមានប្រជាប្រិយទេក្នុងប្រទេសកម្ពុជា...ពីព្រោះពួកគេមិនទទួលស្គាល់យើងនៅឡើយទេ»។
វេជ្ជបណ្ឌិត Salas បានថ្លែងថា គ្រូពេទ្យជាច្រើនអាចធ្វើការវះកាត់សុដន់សម្រាប់អ្នកជំងឺមហារីកសុដន់។
លោក នួន ស៊ីដារ៉ា មន្រ្តីសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផ្នែកកម្មវិធីតម្រង់ទិសដៅផ្លូវភេទនិងកម្មវិធីអត្តសញ្ញាណយេនឌ័រ បានថ្លែងថា គ្រូពេទ្យជំនាញសម្រាប់មនុស្សប្តូរភេទគឺពិបាករកណាស់ក្នុងប្រទេសកម្ពុជា។
គ្រូពេទ្យនៅតាមមន្ទីរពេទ្យនិងអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់ទៅលើការព្យាបាលមេរោគអេដស៍និងជំងឺអេដស៍ជួបប្រទះស្រ្តីប្តូរភេទច្រើនជាងបុរសប្តូរភេទ ប៉ុន្តែមានតែអង្គការពីរបីប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា ដែលផ្តល់ការគាំទ្រដល់មនុស្សប្តូរភេទ។
លោក ស៊ីដារ៉ា បានថ្លែងបន្តថា៖ «ពួកគេជាក្រុមដែលមិនទទួលបានការយកចិត្តទុកដាក់លើបញ្ហានេះទេ»។
លោក ហន ប៊ុនវីរៈ ប្រធានកម្មវិធីនៃប្រជាជនកម្ពុជាដែលមានមេរោគអេដស៍ បានយល់ស្របនឹងការវាយតម្លៃកាលពីម្សិលមិញដោយថ្លែងថា ក្រុមមនុស្សប្តូរភេទជាញឹកញាប់មិនទៅមន្ទីរពេទ្យរដ្ឋដោយសារតែគ្រូពេទ្យមិនយកចិត្តទុកដាក់នឹងពួកគេ។
លោក ប៊ុនវីរៈ បានថ្លែងបន្តថា៖ «ភាគច្រើនបំផុតនៃក្រុមមនុស្សប្តូរភេទដែលខ្ញុំដឹងគឺមិនចូលចិត្តទៅមន្រ្តីពេទ្យរដ្ឋទេ ដោយសារតែគ្រូពេទ្យរើសអើងនិងនិយាយមិនសមរម្យទៅលើពួកគេ។ Lollette O'Regan អ្នកតស៊ូមតិខាង LGBT បានថ្លែងថា មនុស្សប្តូរភេទនៅតាមជនបទជាច្រើនទៅ ប្រទេសថៃ ដើម្បីស្វែងរកកន្លែងដែលមានបរិយាកាសទទួលស្គាល់ពួកគេនិងមានជម្រើសច្រើនជាងនេះ។
មិនដូចកម្ពុជាទេ ស្រ្តីដែលផ្លាស់ប្តូរភេទអាចធ្វើការនៅវិស័យកែសម្ផស្ស និងកម្សាន្តនិងវិស័យផ្សេងច្រើនទៀតក្នុង ប្រទេសថៃ។
បើទោះបីជាសង្គមថៃទទួលស្គាល់មនុស្សប្តូរភេទជាងនៅក្នុងសង្គមកម្ពុជា គោលនយោបាយរបស់រដ្ឋាភិបាលថៃមិនគំាទ្រមនុស្ស LGBT ទេ។ នេះបើយោងតាម Narupon Duangwises អ្នកជំនាញនៅមជ្ឈមណ្ឌល Sirindhorn Anthropology ក្នុង ទីក្រុងបាងកក។
Narupon ថ្លែងថា៖ «ក្នុង ប្រទេសកម្ពុជា មនុស្សប្តូរភេទមើលឃើញថា ថៃជាគំរូល្អមួយនៃភាពជោគជ័យចំពោះមនុស្សប្តូរភេទ ...នេះជាបញ្ហា»។
មនុស្សប្រុសប្តូរភេទហើយនិងមនុស្សស្រីប្តូរភេទកើតមានក្នុងប្រទេសកម្ពុជា ជាច្រើនជំនាន់មកហើយ។ នេះបើតាមលោក Salas ដែលបាននិយាយថា មានភ័ស្តុតាងបង្ហាញថា ក្រុមមនុស្សទាំងនេះកើតមានក្នុងប្រទេសកម្ពុជាតាំង ៨០០ ឆ្នាំមុន គឺក្នុងអំឡុងសម័យអង្គរមកម៉្លេះ។
លោក Salas បានថ្លែងថា ឯកសារមួយរបស់ប្រជាជនចិនដែលបានមកលេងកម្ពុជាក្នុងអំឡុងសម័យនេះបានរៀបរាប់អំពីស្រ្តីប្តូរភេទ។ ឯកសារនោះថា៖ «មនុស្សប្តូរភេទមាននៅគ្រប់ទីកន្លែង»។ ពួកគេមិនមានការច្នៃប្រឌិតតាមប្រទេសលោកខាងលិចទេ»។
ប៉ុន្តែឥឡូវនេះ សមត្ថភាពក្នុងការផ្លាស់ប្តូរភេទដោយសុវត្ថិភាពកើតមានហើយ។
លោក Salas ថា៖ «ផ្នត់គំនិតប្រជាជនកម្ពុជានៅរើសអើងចំពោះក្រុមមនុស្សទាំងនេះ។ ប៉ុន្តែខ្ញុំមិនចង់ធ្វើឲ្យខ្លួនឯងជាស្រ្តីទេ ..បើទោះជាខ្ញុំមិនអាចរស់បានយូរក៏ដោយ»៕
ប្រភព៖http://www.postkhmer.com
